គ.ជ.ប.បំភ្លឺ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​សន្លឹក​ឆ្នោត​មាន​បញ្ហា

មុន​ថ្ងៃ​បោះឆ្នោត​ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ ស្អែក​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ថា សន្លឹក​ឆ្នោត​ពេល​អ្នក​បោះឆ្នោត​គូស​ហើយ​អាច​លុប​ជ្រះ ឬ​អាច​រលុប​វិញ​បាន​ដោយ​ខ្លួន​ឯង។ ទាក់ទង​បញ្ហា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នៅ​រសៀល​ថ្ងៃ​ទី២៧ កក្កដា នេះ បាន​បដិសេធ​យ៉ាង​ដាច់​ណាត់​ថា គឺ​ជា​ការ​ឃោសនា​សុទ្ធសាធ​នាំ​អោយ​មាន​ភាព​ច្របូកច្របល់ មិន​មែន​ជា​ការ​ពិត​ឡើយ។

0:00 / 0:00

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រសៀល​ថ្ងៃ​ទី២៧ កក្កដា ដើម្បី​បកស្រាយ​ពី​ការ​ព្រួយ​បារម្ភ​របស់​អ្នក​បោះឆ្នោត និង​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​សន្លឹក​ឆ្នោត​ត្រង់​ក្រឡោន ឬ​ប្រអប់​ទី​៧ ដែល​ថា​មាន​សារធាតុ​គីមី​ធ្វើ​ឲ្យ​ទឹក​ប៊ិច​ដែល​គូស​នៅ​ត្រង់​ក្រឡោន​នោះ រលុប​ក្រោយ​រយៈពេល​ពី ៣០​នាទី​ទៅ ១​ម៉ោង។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក អ៊ឹម សួស្តី បាន​ចាត់​ទុក​រឿង​នេះ​ថា គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​តែ​ប៉ុណ្ណោះ ដោយ​អះអាង​ថា គ្មាន​ប្រទេស​ណា​មួយ​អាច​ធ្វើ​បាន​ទេ ហើយ​ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ ក៏​ធ្លាប់​កើត​មាន​នៅ​ក្នុង​ការ​បោះឆ្នោត​កន្លង​មក​ផង​ដែរ៖ «បើ​សិន​ជា​មាន​ដាក់​ជាតិ​គីមី​នៅ​ក្នុង​លេខ​៧ ហ្នឹង ប្រហែល​ជា​លេខ​៧ ហ្នឹង ច្បាស់​ជា​អត់​បាន​មួយ​លេខ​ទេ ព្រោះ​ថា​វា​រលុប​បាត់​ទៅ​ហើយ ហើយ​សម័យ​នេះ​ហើយ​មិន​មាន​ប្រទេស​ណា​មួយ​អាច​ធ្វើ​យ៉ាង​ដូច្នេះ​បាន​ទេ នេះ​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម ហើយ​ក៏​ខ្ញុំ​សូម​អំពាវនាវ​ដែរ សុំ​ឲ្យ​ប្រជាពលរដ្ឋ​យើង គឺ​ថា​កុំ​ជឿ​ពាក្យ​អស់​ទាំង​នោះ​បាទ! កុំ​ជឿ​ពាក្យ​អស់​ទាំង​នោះ មិន​អាច​មាន​អ្នក​ណា​ធ្វើ​បាន​ទេ។ គ.ជ.ប មិន​ចេះ​សីល​ចេះ​សៀក​ចេះ​ធ្វើ​ស្អី​បាន​តាម​ចិត្ត​នោះ​ទេ»

ចំពោះ​បញ្ហា​នេះ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើសុំ គ.ជ.ប ឲ្យ​ចេញ​សេចក្តី​ប្រកាស​ជា​សាធារណៈ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត។

ក្នុង​សន្និសីទ​កាសែត​នោះ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​យក​បញ្ហា​ចម្បងៗ​មួយ​ចំនួន​ទៀត​មក​សុំ​ឲ្យ គ.ជ.ប បកស្រាយ ក្នុង​នោះ​មាន​ករណី​ប្រសិទ្ធភាព​នៃ​ទឹក​ថ្នាំ​ខ្មៅ​ជ្រលក់​ដៃ ការ​បិទ​គេហទំព័រ​ស្វែង​រក​ឈ្មោះ​អ្នក​បោះឆ្នោត រួម​ទាំង​ការ​មិន​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​តំណាង​គណបក្ស​កាន់​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​តាម​ការិយាល័យ​បោះឆ្នោត ដើម្បី​ផ្ទៀងផ្ទាត់​ឈ្មោះ​ផង​ដែរ។

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុក ស៊ុយ បាន​សំណូមពរ​ឲ្យ គ.ជ.ប បើក​គេហទំព័រ​ស្វែង​រក​ឈ្មោះ​អ្នក​បោះឆ្នោត​ឡើង​វិញ​ជា​បន្ទាន់ ហើយ​បើ គ.ជ.ប មិន​អាច​បើក​ឲ្យ​ដំណើរ​ការ​គេហទំព័រ​នេះ​ឡើង​វិញ​ទេ គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ឲ្យ គ.ជ.ប អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​គណបក្ស​នយោបាយ​កាន់​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោត ដើម្បី​ផ្ទៀង​ផ្ទាត់​ពី​ភាព​ត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត៖ «សុំ​តែ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ក៏​មិន​ឲ្យ មិន​ឲ្យ​ក៏​មិន​ថា មិន​ឆ្លើយ​ក៏​មិន​ថា»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​ទាំង​នោះ​ទេ ដោយ​បញ្ជាក់​ថា ការ​ផ្អាក​ដំណើរ​ការ​គេហទំព័រ​ស្វែង​រក​ឈ្មោះ​អ្នក​បោះឆ្នោត​ក្នុង​រយៈពេល ២​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត​នោះ គឺ​ដើម្បី​បញ្ចៀស​ការ​ប្រមូល​ផ្តុំ​គ្នា​ស្វែង​រក​ឈ្មោះ​ក្នុង​រូបភាព​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ណា​មួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។