លោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងក្នុងសន្និសីទកាសែតនាទីស្ដីការ គ.ជ.ប ព្រឹកថ្ងៃទី១១ ខែកក្កដា ថាលទ្ធផលរកឃើញថ្មីនៃការធ្វើសវនកម្មបញ្ជីបោះឆ្នោតឆ្នាំ២០១២ បង្ហាញថា អ្នកបាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១២ មាន ៣% ខុសពីតួលេខ និងការចោទប្រកាន់របស់អង្គការសង្គមស៊ីវិលកន្លងមក។
លទ្ធផលនេះធ្វើនៅទូទាំង ២៤រាជធានី-ខេត្ត ដោយក្រុមហ៊ុនសវនកម្ម រ៉ាភីធ អាស៊ី និង ប៊ី.អឹម.អ.អែស អាស៊ី (Rapid Asia & BMRS Asia) សហការជាមួយ គ.ជ.ប ទូទៅលើមនុស្សដែលបានអះអាងបានចុះឈ្មោះបោះឆ្នោតជាង ២.២០០នាក់។
លោក អ៊ឹម សួស្តី បញ្ជាក់ថា ការធ្វើសវនកម្មផ្ទៃក្នុងលើបញ្ជីនេះ មានគោលបំណងបញ្ជាក់ពីសុចរិតភាពរបស់ គ.ជ.ប លើការរៀបចំបញ្ជីបោះឆ្នោត។ ការកំណត់គុណភាពបញ្ជីបោះឆ្នោតឆ្នាំ២០១២ និងដើម្បីកំណត់ភាពត្រូវនៃការអះអាងរបស់អង្គការសង្គមស៊ីវិល លើការបាត់ឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២។
ទោះយ៉ាងណា លទ្ធផលធ្វើសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១២ ត្រូវបានមន្ត្រីសង្គមស៊ីវិល និងគណបក្សសង្គ្រោះជាតិ មិនទទួលយកបានទេ។
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ មិនមានជំនឿលើលើលទ្ធផលនៃការធ្វើសវនកម្មលើបញ្ជីបោះឆ្នោតឆ្នាំ២០១២ ដែលរៀបចំដោយ គ.ជ.ប នេះទេ។ លោកថា សម្រែកបាត់ឈ្មោះពីបញ្ជីបោះឆ្នោតរបស់ប្រជាពលរដ្ឋ បានកើតមាននៅទូទាំងប្រទេស។ ដូច្នេះ លទ្ធផលធ្វើសវនកម្មនេះមិនឆ្លុះការពិតទេ។
ទាក់ទិនបញ្ហានេះ អង្គការឃ្លាំមើលការបោះឆ្នោត និចហ្វិក (Nicfec) អង្គការ ខុមហ្វែល (Comfrel) និងអង្គការ អិន.ឌី.អាយ (NDI) កន្លងទៅនេះ បានចេញរបាយការណ៍ថា អ្នកបោះឆ្នោតជាង ១០% គឺមានតែឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត តែគ្មានមនុស្សពិតទេ។ លទ្ធផលនេះនាំឲ្យមានការព្រួយបារម្ភចំពោះកម្រិតនៃភាពត្រឹមត្រូវ និងសុពលភាពនៃបញ្ជីឈ្មោះអ្នកបោះឆ្នោត ព្រមទាំងលទ្ធភាពសម្រាប់អ្នកបោះឆ្នោតក្នុងការប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ។ ប៉ុន្តែ របាយការណ៍នេះត្រូវ គ.ជ.ប ប្រតិកម្ម និងចាត់ទុកថា ជាការសិក្សាដោយមិនគ្រប់ជ្រុងជ្រោយ។
បញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១២ សម្រាប់ប្រើប្រាស់ការបោះឆ្នោតសភាអាណត្តិទី៥ ខែកក្កដា គ.ជ.ប ប្រកាសថាមានអ្នកបោះឆ្នោតសរុបជាង ៩លាននាក់។
លោក គល់ បញ្ញា ជានាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្រ្វែល នៅតែអះអាងថា ឈ្មោះអ្នកបោះឆ្នោតជាច្រើនបានបាត់ពីបញ្ជីបោះឆ្នោត។ លោកបន្ថែមថា បញ្ហានៃការបាត់ឈ្មោះពីបញ្ជីបោះឆ្នោតសភាអាណត្តិទី៥ នៅមានសភាពធ្ងន់ធ្ងរជាងអាណត្តិមុនៗ នឹងនាំឲ្យរារាំងដល់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ។
របាយការណ៍ត្រួតពិនិត្យបញ្ជីឈ្មោះបោះឆ្នោតកម្រាស់ជាង ៥០ទំព័រ របស់ ខុមហ្វ្រែល ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៣ បង្ហាញថា បញ្ជីឈ្មោះអ្នកបោះឆ្នោតមិនទាន់មានគុណភាពទេ ហើយថា នីតិវិធីនៃការលុបឈ្មោះអ្នកបោះឆ្នោតរបស់ គ.ជ.ប មានភាពមិនប្រក្រតី។ ខុមហ្វ្រែល វាយតម្លៃថា បញ្ជីឈ្មោះបោះឆ្នោតសម្រាប់ប្រើប្រាស់ការបោះឆ្នោតជាតិឆ្នាំ២០១៣ មានគុណភាពប្រសើរតិចតួចបើធៀបបញ្ជីឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១២ និងបញ្ជីឈ្មោះអ្នកបោះឆ្នោតសភាឆ្នាំ២០០៨។
កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ រីឯយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នឹងបញ្ចប់នៅថ្ងៃទី២៦ ខែកក្កដា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
