គ.ជ.ប អំពាវនាវ​ឲ្យ​សម្រួល​ការ​ឃោសនា​បោះ​ឆ្នោត​តាម​ទី​សាធារណៈ

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) អំពាវនាវ​អោយ​អភិបាល​រាជធានី ខេត្ត បង្ក​លក្ខណៈ​សមស្រប​អោយ​គណបក្ស​នយោបាយ និង​បេក្ខជន​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២។

បទបញ្ជា​ថ្មី​នេះ ត្រូវ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដាក់​ទៅ​អភិបាល​រាជធានី​ខេត្ត កាល​ពី​រសៀល​ថ្ងៃ​ទី​៦ ខែ​ឧសភា បន្ទាប់​ពី​មាន​កិច្ច​ពិភាក្សា​ជាមួយ​តំណាង​លេខាធិការដ្ឋាន​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ សម្រាប់​ការ​បោះ​ឆ្នោត និង​ពិនិត្យ​សភាពការណ៍​ជាក់​ស្ដែង។

លិខិត​ដដែល​បញ្ជាក់​ថា អភិបាល​រាជធានី​ខេត្ត ត្រូវ​សម្រួល​អោយ​មាន​ការ​ឃោសនា​អោយ​ស្រប​នឹង​ច្បាប់ ស្ដីពី​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត តាម​រូបភាព​ជួប​ប្រជុំ​តាម​ទី​សាធារណៈ និង​ហែ​ក្បួន​នៅ​តាម​ទី​សាធារណៈ ក្នុង​ទ្រង់ទ្រាយ​សមស្រប​ធានា​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀប​រៀប​រយ ព្រម​ទាំង​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ។

បទបញ្ជា​ថ្មី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​នៅ​ក្នុង​រាជធានី និង​ខេត្ត បាន​បំពាន​លើ​បម្រាម​មិន​អោយ​ហែ​ក្បួន​ចាប់​តាំង​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ឃោសនា​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។