គណបក្សសង្គ្រោះជាតិ បង្ហាញការសោកស្ដាយ និងខកចិត្តដែលពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅតែបន្តផ្ដល់តួនាទីជាអគ្គលេខាធិការដល់លោក ទេព នីថា ដដែល។ ប៉ុន្តែបក្សកាន់អំណាចស្វាគមន៍វត្តមានលោក ទេព នីថា ដែលបន្តកាន់ការងារនេះ។ ប្រតិកម្មរបស់គណបក្សមានសំឡេងឆ្នោតទាំងពីរនៅក្នុងសភាបែបនេះ បន្ទាប់ពីសមាជិកទាំង៩របស់ ជ្រើសរើស អគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់ខ្លួននៅថ្ងៃទី១៥ ខែមករា។
សេចក្ដីថ្លែងរបស់គណបក្សសង្គ្រោះជាតិ លើកឡើងថា ការផ្ដល់តួនាទីជាអគ្គលេខាធិការដល់លោក ទេព នីថា ធ្វើឲ្យគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋមិនទុកចិត្តលើការបោះឆ្នោតនៅពេលខាងមុខ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក ថ្លែងក្នុងសន្និសីទសារព័ត៌មានថា បេក្ខជនដែលសក្ដិសមនឹងការងារនេះ ជាមនុស្សមានសមត្ថភាពទាក់ទងការងារបោះឆ្នោត។ លោកបន្តថា ការងារថ្មីនៅ គ.ជ.ប ថ្មី សមាជិកទាំង ៩រូប នៃ គ.ជ.ប ជាអ្នកដើរតួនាទីសំខាន់ មិនមែនអគ្គលេខាធិការ អគ្គលេខាធិការរងនោះទេ៖ «»។
ការជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងនៃស្ថាប័នបោះឆ្នោតនៅពេលនេះ មិនបានបង្ហាញពីរបៀបជ្រើសរើសឲ្យបានច្បាស់លាស់ទេ ក្រៅពីការអះអាងថា អ្នកកាន់ការងារនេះត្រូវមានសមត្ថភាពខ្ពស់ទាក់ទងការបោះឆ្នោត។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចជ្រើសរើសលោក ទេព នីថា ជាអគ្គលេខាធិការ គ.ជ.ប ដដែល និងសម្រេចយកអគ្គលេខាធិការរងចំនួន ៤រូបថ្មីទៀត ដែលក្នុងនោះមានលោក នី ចរិយា មកពីសមាគមអាដហុក (ADHOC) ផងដែរ។ ចំណែកឯអគ្គលេខាធិការរង ៣រូបទៀត រួមមាន លោក សោម សូរីដា ជាមន្ត្រី គ.ជ.ប លោក ម៉ុក ដារ៉ា ជាសាស្ត្រាចារ្យច្បាប់ និងជាជំនួយការច្បាប់របស់អង្គការនិកហ្វិច (NICFEC) និងលោក ម៉ៅ សុភារិទ្ធ ជាមេធាវី។

សង្គមស៊ីវិលដែលធ្វើការងារទាក់ទងរឿងបោះឆ្នោតនៅតែបង្ហាញការព្រួយបារម្ភចំពោះស្ថាប័នឯករាជ្យមួយនេះ ខណៈដែលការជ្រើសរើសក្បាលម៉ាស៊ីនបច្ចេកទេសនៅ គ.ជ.ប គ្មានតម្លាភាព។ ទាក់ទងរឿងនេះដែរ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ថ្លែងថា ការសម្រេចលើសពីសំឡេង ៥០ បូក ១ នៃសមាជិកទាំង ៩រូបនៃ គ.ជ.ប លោកមិនបានសម្រេចទេ ប៉ុន្តែសុំមិនបញ្ជាក់ថា សំឡេងភាគច្រើនដាច់ខាតនេះ មានចាប់ពីប៉ុន្មានសំឡេងឡើងទៅទេ៖ «»។
ប៉ុន្តែនៅពេលលោក ទេព នីថា បន្តកាន់ការងារនេះដដែល មានការសង្ស័យថា សមាជិកទី៩ នៃ គ.ជ.ប ដែលជាមនុស្សឯករាជ្យ លំអៀងទៅគណបក្សកាន់អំណាច ខណៈមតិមួយចំនួនរិះគន់លើការងាររបស់លោក ទេព នីថា។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា និយាយថា ការជ្រើសរើសមិនបានធ្វើអោយមហាជនទូទៅមើលឃើញថា ស្ថាប័នបោះឆ្នោតមានការកែប្រែទេ។ លោកថា ការសម្រេចនៅពេលនេះមិនអាចចោទប្រកាន់ទៅលើតែលោក ហង្ស ពុទ្ធា តែម្នាក់នោះទេ គឺសមាជិកទាំង ៩រូប នៃ គ.ជ.ប ត្រូវទទួលខុសត្រូវ៖ «»។
សមាជិកនៃ គ.ជ.ប ម្នាក់ មកពីគណបក្សសង្គ្រោះជាតិ និយាយចំៗថា លោកមិនបានផ្តល់សំឡេងគាំទ្រលោក ទេព នីថា បន្តកាន់តួនាទីអគ្គលេខាធិការនេះទេ។ លោកថា ពលរដ្ឋទូទៅចង់បានអ្នកថ្មីកាន់ការងារនេះ៖ «»។
ផ្ទុយការពីការយល់ឃើញរបស់គណបក្សប្រឆាំង សង្គមស៊ីវិល អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា លោកគាំទ្រលទ្ធផលដែល គ.ជ.ប បានធ្វើពេលនេះ។ លោកបន្តថា បើទោះគណបក្សសង្គ្រោះជាតិ បង្ហាញការមិនពេញចិត្តវត្តមានរបស់លោក ទេព នីថា ពេលនេះ ប្រសិនគណបក្សសង្គ្រោះជាតិ ចាញ់ឆ្នោតនៅអាណត្តិក្រោយ ក៏មិនអាចតវ៉ាអ្វីបានដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
