ទាក់ទងការបោះឆ្នោតនេះ មន្ត្រីគណបក្សកាន់អំណាចបានត្រៀមគោរពតាមនីតិវិធីបោះឆ្នោតនេះ ប៉ុន្តែសម្រាប់មន្ត្រីគណបក្សប្រឆាំងវិញ ថ្លែងមិនចាប់អារម្មណ៍ចំពោះការបោះឆ្នោតនេះទេ។
លិខិតចុះថ្ងៃទី៥ ខែវិច្ឆិកា របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ជាលើកទី២ ឬអាណត្តិទី២ នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ ធ្វើឡើងជាអសកល។ លោកថា អ្នកមានសិទ្ធិឈរឈ្មោះបោះឆ្នោត ឬអ្នកមានសិទ្ធិបោះឆ្នោត គឺជាអ្នកកំពុងបម្រើការនៅក្នុងតំណែង។ ហើយថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏មានសិទ្ធិក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះដែរ៖ «ជាការបោះឆ្នោតអសកល ហើយអ្នកគឺជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងតំណែង។ ខុសប្លែកពីការបោះឆ្នោតព្រឹទ្ធសភាបន្តិច។ ការបោះឆ្នោតព្រឹទ្ធសភា អ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង និងសមាជិកសភាក្នុងតំណែង»។
ទោះយ៉ាងណា លោក ទេព នីថា មិនទាន់បញ្ជាក់ពីចំនួនអាសនៈក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មានចំនួនពិតប្រាកដប៉ុន្មាននៅឡើយទេ ព្រោះ គ.ជ.ប និងផ្នែកពាក់ព័ន្ធ កំពុងពិនិត្យលើការងារនេះ និងជូនដំណឹងនៅពេលក្រោយ។
លោក ទេព នីថា បានរៀបរាប់ពីនីតិវិធីនៃការចុះឈ្មោះបេក្ខជន និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ជាលើកទី២ មានលក្ខណៈខុសប្លែកពីការបោះឆ្នោតលើកមុន។ ការបោះឆ្នោតលើកនេះ មានហិបឆ្នោតចំនួន២ និងបោះចំនួន ២សន្លឹក៖ «ចំពោះការចុះបញ្ជីបេក្ខជន គឺការចុះបញ្ជីបេក្ខជនធ្វើនៅគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត គឺចុះបញ្ជីដោយឡែកពីគ្នា។ មណ្ឌលសម្រាប់ក្រុមប្រឹក្សារាជធានី-ខេត្ត គឺយករាជធានី-ខេត្តធ្វើជាមណ្ឌលតែម្តង។ ហើយចំពោះក្រុង ស្រុក ខណ្ឌ គឺយើងយកក្រុង ស្រុក ខណ្ឌ ធ្វើជាមណ្ឌល។ ហើយការបោះឆ្នោតនេះ គឺខុសពីការបោះឆ្នោតមុនៗ គឺយើងបោះឆ្នោតពីរសន្លឹក មានន័យថា ហិបឆ្នោតពីរ គឺទី១ យើងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត តាមរាជធានី-ខេត្តផ្ទាល់ជាក់ស្ដែង និងហិបឆ្នោតទី២ យើងបោះឆ្នោតសម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ»។
លោក អ៊ក គីមហាន ប្រធាននាយកដ្ឋានបូកសរុបនៃខុទ្ទកាល័យគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា គណបក្សនេះបានត្រៀមគោរពតាមនីតិវិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុង ស្រុក ខណ្ឌ នេះមិនធ្វេសប្រហែសទេ៖ «ច្បាប់តម្រូវឲ្យធ្វើ យើងត្រូវតែធ្វើ។ យើងរស់នៅក្រោមការគ្រប់គ្រងរបស់ច្បាប់។ បើច្បាប់គេថាអ៊ីចឹង ហើយតែមានគេអត់ធ្វើ អាហ្នឹងខ្ញុំមិនដឹងទេ ស្រេចតែគេ។ ក៏ប៉ុន្តែ គណបក្សប្រជាជនកម្ពុជា បើច្បាប់តម្រូវឲ្យធ្វើម៉េច គឺធ្វើអ៊ីចឹងហើយ»។
ផ្ទុយពីការអះអាងនេះ លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ មិនចាប់អារម្មណ៍ទៅនឹងសេចក្តីប្រកាសរបស់ គ.ជ.ប ជុំវិញការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ឬក្រុង ស្រុក ខណ្ឌ ជាលើកទី២ នេះទេ ព្រោះបក្សនេះកំពុងតស៊ូមតិទាមទារឲ្យមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំស្ថាប័ន គ.ជ.ប និងកែប្រែនីតិវិធីបោះឆ្នោតឲ្យបានប្រសើរជាងសព្វថ្ងៃ៖ «គណបក្សសង្គ្រោះជាតិ មិនទាន់ធ្វើការចាប់អារម្មណ៍ទៅលើរឿងទាំងអស់ហ្នឹងនៅឡើយទេ។ អ្វីដែលយើងកំពុងធ្វើ គឺជំរុញការបោះឆ្នោតដ៏ធំមួយនៅកម្ពុជា»។
ទាក់ទិនបញ្ហានេះដែរ លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី ថ្លែងថា គណបក្សនេះមិនបញ្ជូនឈ្មោះបេក្ខជនក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ឬស្រុក ខណ្ឌ នេះទេ ព្រោះបក្ស សម រង្ស៊ី គ្រាន់តែជាផ្នែកមួយរបស់គណបក្សសង្គ្រោះជាតិ៖ «សុំទៅសួរសូមអញ្ជើញសួរទៅគណបក្សសង្គ្រោះជាតិ តែម្តងទៅ។ ដល់ពេលឈរជាបេក្ខជនហ្នឹង គឺទៅជាគណបក្សសង្គ្រោះជាតិ ហើយ។ គណបក្ស សម រង្ស៊ី ហ្នឹង គ្រាន់តែជាស្លាបមួយរបស់គណបក្សសង្គ្រោះជាតិ ទេឥឡូវនេះបាទ!»។
លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការ និកហ្វិច (Nicfec) មានប្រសាសន៍ថា ដោយសារតែការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះជាការបោះឆ្នោតអសកល អង្គការនេះមិនដាក់ភ្នាក់ងារនៅតាមមណ្ឌលបោះឆ្នោតទេ ប៉ុន្តែឃ្លាំមើល ឬអង្កេតការណ៍ជារួមវិញ៖ «បញ្ហាសំខាន់ទាក់ទងនឹងការបោះឆ្នោត យើងឃើញថា គណបក្សទាំងពីរហាក់ដូចជាបានព្រមព្រៀងគ្នា ក្នុងការកែទម្រង់នូវដំណើរការបោះឆ្នោតនៅកម្ពុជា។ ចំណែកឯកម្រិតនៃការធ្វើកំណែទម្រង់បានត្រឹមកម្រិតណានោះទេ។ យើងរង់ចាំមើល ថាតើគណបក្សទាំងពីរសម្រេចបែបណា»។
គ.ជ.ប បានប្រកាសថា តាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ត្រង់មាត្រា២ បានចែងថា ក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុង ស្រុក ខណ្ឌ មានអាណត្តិ ៥ឆ្នាំ។ ហើយថា ក្រុមប្រឹក្សានេះនឹងត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មីចូលមកកាន់តំណែង។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ លើកទី១ បានចាប់ផ្ដើមពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
