អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានបញ្ជាក់លេខទូរស័ព្ទពិសេសដែលប្រជាពលរដ្ឋអាចហៅសួររកឈ្មោះក្នុងបញ្ជីបោះឆ្នោត អាចហៅចូលរៀងរាល់ម៉ោងធ្វើការ និងមិនគិតថ្លៃ៖ «ផ្ដល់សេវាជូនប្រជាពលរដ្ឋទាំងអស់ដែលគាត់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ គាត់ចង់រកឈ្មោះរបស់គាត់ គឺគាត់អាចហៅមកលេខ គឺមានក្បាល ០១៦/០១១/០៩៩/០៨១/០៨៦ ហើយលេខខាងចុង គឺលេខ ៩៨៧ ៧៦៦ ដូចគ្នា។ អ៊ីចឹងសេវានេះផ្ដល់ឲ្យគ្រប់ម៉ោងធ្វើការទាំងអស់ជូនប្រជាពលរដ្ឋ ដែលគាត់ចង់រកឈ្មោះក្នុងបញ្ជីបោះឆ្នោត។ គាត់អាចហៅមកលេខនេះ គេរកឈ្មោះជូនគាត់ ហើយគេជូនដំណឹងទៅគាត់វិញ ថាគាត់មានឈ្មោះនៅការិយាល័យនេះ ឬឈ្មោះនេះអ៊ីចឹង ដើម្បីឲ្យគាត់ផ្ទៀងផ្ទាត់ឯកសារសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត»។
លោកបន្តថា ការបើកប្រព័ន្ធទូរស័ព្ទលេខពិសេសរបស់ គ.ជ.ប គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ អាចសួររកឈ្មោះ ឬទីតាំងការិយាល័យបោះឆ្នោតដែលខ្លួនត្រូវទៅបោះឆ្នោត នាខែកក្កដា។
យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ បានចាត់ទុកការផ្ដល់លេខទូរស័ព្ទ ហៅមិនគិតលុយខ្សែ ៥ របស់ គ.ជ.ប ថាគ្មានផលប្រយោជន៍ទេ ព្រោះថា បើ គ.ជ.ប លុបឈ្មោះពលរដ្ឋចេញបញ្ជីឈ្មោះបោះឆ្នោតបាត់ទៅហើយនោះ តើពលរដ្ឋទូរស័ព្ទសួររកឈ្មោះម្ដេចនឹងឃើញ។
លោក យឹម សុវណ្ណ៖ «ព្រោះបញ្ជីឈ្មោះឥឡូវហ្នឹងវាមានបញ្ហាពីរ។ ទី១ បាត់ឈ្មោះអ្នកបោះឆ្នោតជាង ១លាននាក់ ហើយគេរកឈ្មោះមិនឃើញ។ ទី២ អ្នកដែលមានឈ្មោះខ្លះមានរហូតដល់ពី ១០ ឬ ២០ ទៅ ៣០ និងមានឈ្មោះខ្លះមានឈ្មោះស្ទួនរហូតដល់ ២០០ឈ្មោះក៏មានដែរ។ ខាងគណបក្សសង្គ្រោះជាតិកំពុងធ្វើការស្រាវជ្រាវអំពីបញ្ជីឈ្មោះហ្នឹង។ ឈ្មោះតែមួយ ថ្ងៃខែឆ្នាំកំណើតតែមួយ ភេទតែមួយ មានរហូតដល់ទៅពី ១០០ ទៅ ២០០ឈ្មោះក៏មានដែរ។ ដូច្នេះយើងឃើញថា បញ្ជីឈ្មោះបោះឆ្នោតនេះជារឿងធំ ហើយអ្វីដែលគាត់ធ្វើ គាត់ទៅធ្វើជាឡប់ឡែដើម្បីបាំងអចេតនានយោបាយ មិនចង់ឲ្យប្រជាពលរដ្ឋហ្នឹងចូលរួមក្នុងការបោះឆ្នោត ជាពិសេសប្រជាពលរដ្ឋដែលគេដឹងថា មិនគាំទ្រគណបក្សកាន់អំណាចនោះ»។
ទោះយ៉ាងណា លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា ហៅកាត់ និចហ្វិក (NICFEC) មានប្រសាសន៍ថា ការប្រកាសលេខទូរស័ព្ទ ៥ខ្សែ អាចផ្ដល់ការងាយស្រួលមួយផ្នែកដល់ពលរដ្ឋ សួររកឈ្មោះទីតាំងការិយាល័យបោះឆ្នោតខ្លះដែរ ប៉ុន្តែស្នើឲ្យបុគ្គលិក គ.ជ.ប បើកចិត្តឲ្យបានទូលាយ។
លោកបណ្ឌិត ហង្ស ពុទ្ធា៖ «ស្នើសុំមន្ត្រី ឬបុគ្គលិកដែលបំពេញតួនាទីនោះសកម្មក្នុងការប្រាស្រ័យជាមួយប្រជាពលរដ្ឋ គឺអាចផ្ដល់ជាអនុសាសន៍ខ្លះទៅប្រជាពលរដ្ឋដែរ។ ឧទាហរណ៍ថា រកឈ្មោះមិនឃើញជូនយោបល់ទៅគាត់យ៉ាងម៉េច? ខុសអក្ខរាវិរុទ្ធហ្នឹងជូនយោបល់គាត់យ៉ាងម៉េច? ហើយក៏អាចប្រើប្រាស់ឱកាសនោះផ្ដល់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងឯកសារ ឬក៏ការងារបោះឆ្នោតផងដែរ។ ប៉ុន្តែត្រូវស្ថិតនៅក្នុងស្ថានភាពអព្យាក្រឹត មិនត្រូវបម្រើ ឬឆ្លៀតឱកាសឃោសនាបម្រើឲ្យគណបក្សនយោបាយណាមួយនោះទេ»។
កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ មន្ត្រី គ.ជ.ប បានឲ្យដឹងថា គិតមកដល់ថ្ងៃទី៧ ខែឧសភា មានគណបក្សនយោបាយចំនួន ៥ បានមកចុះបញ្ជីគណបក្សនិងបេក្ខជននៅទីស្ដីការ គ.ជ.ប។
គណបក្សទាំង ៥ មានគណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ រីឯគណបក្សសង្គ្រោះជាតិដែលរួមបញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មិនទាន់បានចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះបោះឆ្នោតនៅ គ.ជ.ប នៅឡើយទេ។
ការចុះបញ្ជីឈ្មោះគណបក្សនយោបាយ និងចុះបញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតសភាអាណត្តិទី៥ មានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
