គ.ជ.ប នឹង​ប្ដូរ​ទីតាំង​ការិយាល័យ​បោះឆ្នោត​ចំនួន​៧

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កំពុង​រៀបចំ​ត្រៀម​សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី៥ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា។ នៅ​មុន​ពេល​ជូន​ដំណឹង​ដល់​អ្នក​បោះឆ្នោត គណៈកម្មការ​នេះ​បាន​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​មួយ​ចំនួន រួម​ទាំង​ការ​ត្រួត​ពិនិត្យ​ទីតាំង​បោះឆ្នោត​ជាដើម។

0:00 / 0:00

មក​ដល់​ពេល​នេះ គ.ជ.ប ជូន​ដំណឹង​ថា​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ទីតាំង​ការិយាល័យ​បោះឆ្នោត​ចំនួន​៧ នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​៤។

សេចក្ដី​ជូន​ដំណឹង​របស់ គ.ជ.ប ចុះ​ថ្ងៃ​ទី៩ ខែ​ឧសភា អោយ​ដឹង​ថា ការ​ប្ដូរ​ទីតាំង​ការិយាល័យ​បោះឆ្នោត​ទាំង​នោះ គឺ​ដើម្បី​សម្រួល​ដល់​អ្នក​ទៅ​បោះឆ្នោត និង​ទីតាំង​មួយ​ចំនួន​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មាន​ប្រសាសន៍​ថា មន្ត្រី គ.ជ.ប នៅ​តាម​មូលដ្ឋាន​នឹង​ជូន​ដំណឹង​ដោយ​ផ្ទាល់​ទៅ​ដល់​អ្នក​បោះឆ្នោត​នៅ​តាម​ទីតាំង​ការិយាល័យ​ដែល​ត្រូវ​ផ្លាស់​ប្ដូរ។

ទីតាំង​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​ទាំង​នោះ រួម​មាន​នៅ​រាជធានី​ភ្នំពេញ ការិយាល័យ​លេខ​១៤៤៧ ក្នុង​វិទ្យាល័យ​ព្រែកឯង នឹង​ត្រូវ​ប្ដូរ​ទៅ​សាលា​បឋម​សិក្សា​ព្រែកឯង វិញ។ នៅ​ខេត្ត​បាត់ដំបង ការិយាល័យ​លេខ​១៣៩៧ នៅ​សាលា​រៀន​ភូមិសំរោងជ័យ នឹង​ត្រូវ​ប្ដូរ​ទៅ​អនុវិទ្យាល័យ​សាមគ្គី ផ្ទុយ​មក​វិញ ការិយាល័យ​ចាស់​នៅ​អនុវិទ្យាល័យ​សាមគ្គី និង​ប្ដូរ​ត្រឡប់​ទៅ​សាលា​រៀន​ភូមិសំរោងជ័យ វិញ។

ក្នុង​ខេត្ត​ព្រះវិហារ ការិយាល័យ​លេខ​០២២៥ នៅ​ក្នុង​ភូមិ​របុញ នឹង​ត្រូវ​ប្ដូរ​ទៅ​សាលា​រៀន​សែនរុងរឿង៤។ ចំណែក​នៅ​ខេត្ត​សៀមរាប ទីតាំង​ចំនួន​៣ នឹង​ត្រូវ​ផ្លាស់​ប្ដូរ។ ការិយាល័យ​លេខ​០៧៧៦ នៅ​សាលា​សំណាក់ក្រៀលពង ត្រូវ​ប្ដូរ​ទៅ​សាលា​បឋម​សិក្សា​ក្រៀលពង។ ការិយាល័យ​លេខ​១១៤០ នៅ​ភូមិ​អូររំចេក និង​ការិយាល័យ​លេខ​១១៤១ នៅ​សាលា​រៀន​ព្រៃខ្នុរ នឹង​ប្ដូរ​ទៅ​សាលា​រៀន​អូររំចេក។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ​និកហ្វិច (Nicfec) លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ភាព​ងាយ​ស្រួល​ទៅ​អ្នក​បោះឆ្នោត ជា​តួនាទី​របស់ គ.ជ.ប ហើយ​ស្ថាប័ន​នេះ​ត្រូវ​ទទួល​ខុស​ត្រូវ​នូវ​រាល់​បញ្ហា​ដែល​បាន​កើត​ឡើង។ លោក ហង្ស ពុទ្ធា បន្ត​ថា ដើម្បី​ផ្ដល់​ព័ត៌មាន​អោយ​បាន​ត្រឹមត្រូវ​ដល់​អ្នក​បោះឆ្នោត គ.ជ.ប ត្រូវ​ធានា​ថា បាន​បង្កើត​អោយ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នក​បោះឆ្នោត។

អង្គការ និកហ្វិច បាន​រក​ឃើញ​ថា មាន​អ្នក​បោះឆ្នោត​មួយ​ចំនួន​ជួប​បញ្ហា​ក្នុង​ការ​បោះឆ្នោត ឬ​មិន​អាច​បោះឆ្នោត​បាន​នៅ​ពេល​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ការិយាល័យ​បោះឆ្នោត ដោយសារ​ពួក​គាត់​ពុំ​បាន​ដំណឹង​ត្រឹមត្រូវ។ ប៉ុន្តែ​យ៉ាង​ណា និកហ្វិច ពុំ​មាន​របាយការណ៍​ជាក់​លាក់​ពី​ចំនួន​អ្នក​ដែល​ជួប​បញ្ហា ឬ​ពិបាក​ក្នុង​ការ​បោះឆ្នោត​នោះ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។