គ.ជ.ប​គ្រោង​ជ្រើសរើស​បុគ្គលិក​ជាង​២​ពាន់​នាក់​សម្រាប់​ការងារ​ចុះបញ្ជី​ឈ្មោះ​បោះ​ឆ្នោត

ដោយ ចេង ម៉េងជូ
2015.07.11
បោះ​ឆ្នោត ភ្នំពេញ ២០១៣ ពលរដ្ឋ​ចូល​រួម​បោះ​ឆ្នោត​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នា​មណ្ឌល​បោះ​ឆ្នោត ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣។
RFA

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ចុះ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឲ្យ​ដឹង​ថា គ.ជ.ប គ្រោង​នឹង​ជ្រើសរើស​បុគ្គលិក​ប្រមាណ ២.៤០០​នាក់ សម្រាប់​បម្រើ​ការងារ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​ឃុំ-​សង្កាត់​ទូទាំង​ប្រទេស។

ការ​ប្រកាស​ជ្រើសរើស​បុគ្គលិក​នេះ ជា​ផ្នែក​មួយ​នៃ​លទ្ធផល​កិច្ច​ប្រជុំ​ពិភាក្សា​លើ​លទ្ធផល​ស្រាវជ្រាវ​ស្ដីពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ​សម្រាប់​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ក្រោម​ជំនួយ​ផ្នែក​បច្ចេកទេស​របស់​ជប៉ុន ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​ស្ថានទូត​ជប៉ុន និង​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ហៅ​កាត់​ថា ចាយកា (JICA) ប្រចាំ​កម្ពុជា។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ កក្កដា ថា ដំណើរការ​ជ្រើសរើស​បុគ្គលិក ២.៤០០​នាក់​នេះ នឹង​ចាប់​ផ្ដើម​នៅ​ដើម​ខែ​កញ្ញា ដើម្បី​រៀបចំ​កិច្ច​ការ​ចុះ​បញ្ជី​ឈ្មោះ​សាកល្បង​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា។ លោក​ថា បុគ្គលិក​ទាំង​នោះ​ត្រូវ​មាន​សមត្ថភាព​ប្រើប្រាស់​កុំព្យូទ័រ​ស្ទាត់​ជំនាញ អាច​បម្រើការ​នៅ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​ឃុំ-​សង្កាត់ ដែល​ពួកគេ​រស់​នៅ ហើយ​ពួកគេ​នឹង​ទទួល​បាន​ប្រាក់​កម្រៃ​ទៅ​តាម​ថ្ងៃ​ដែល​ពួកគេ​ធ្វើ​ការ។

​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ភាគី​ជប៉ុន នឹង​ផ្ដល់​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ (Server) ដល់​មជ្ឈមណ្ឌល​កុំព្យូទ័រ​របស់​គ.ជ.ប ហើយ​គ្រោង​នឹង​បញ្ជូន​អ្នក​ជំនាញ​ការ​ផ្នែក​បច្ចេកទេស​ប្រព័ន្ធ​កុំព្យូទ័រ​មក​ធ្វើ​ការ​ជាមួយ​មន្ត្រី គ.ជ.ប នៅ​ខែ​តុលា ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។