គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីចុះឈ្មោះលើបញ្ជីបោះឆ្នោតថ្មីដល់បណ្ដាអ្នកពាក់ព័ន្ធសំខាន់ៗ ទាំងគ្រូបង្គោល គណបក្សនយោបាយ និងសង្គមស៊ីវិល។
វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ២ថ្ងៃ ចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ខាងមុខនេះ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៤ តុលា ថា វគ្គបណ្ដុះបណ្ដាលនេះផ្ដោតសំខាន់លើនីតិវិធីចុះឈ្មោះ របៀបប្រើប្រាស់កុំព្យូទ័រ និងបញ្ជីឈ្មោះបោះឆ្នោតថ្មី។ លោករំពឹងថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មីនឹងទទួលបានប្រសិទ្ធភាព ក្រោយវគ្គបណ្ដុះបណ្ដាលបានបញ្ចប់។
លោក ហង្ស ពុទ្ធា៖ «ការចុះឈ្មោះបោះឆ្នោតថ្មីនេះ ជាកំណែទម្រង់មួយ ដូច្នេះទាំងនីតិវិធីបញ្ជីឈ្មោះបោះឆ្នោតថ្មី វាមិនដូចអាចាស់នោះទេ យើងរំពឹងថា អ្នកចូលរួមនឹងយកទៅប្រើប្រាស់ និងបណ្ដុះបណ្ដាលឲ្យបានត្រឹមត្រូវ»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អះអាងថា រហូតមកដល់ពេលនេះបញ្ជីឈ្មោះបោះឆ្នោតថ្មី បានរៀបចំរួចរាល់ហើយ។ លោកបញ្ជាក់ដែរថា ក្រោយវគ្គបណ្ដុះបណ្ដាលនេះ គ.ជ.ប នឹងរៀបចំឲ្យមានការចុះឈ្មោះបោះឆ្នោតថ្មីទូទាំងប្រទេសនៅដើមឆ្នាំ២០១៦ ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
