គ.ជ.ប​ស្នើ​មន្ត្រី​ក្រោម​ឱវាទ​សម្រួល​ឈ្មោះ​ឲ្យ​ពលរដ្ឋ​បាន​បោះឆ្នោត​គ្រប់​គ្នា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ ត្រូវ​សម្រួល និង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ខុស​អក្ខរាវិរុទ្ធ​បន្តិចបន្តួច​ពី​ក្នុង​បញ្ជី​បោះឆ្នោត អាច​បោះឆ្នោត​បាន។ គំនិត​ផ្ដួចផ្ដើម​នេះ ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការងារ​បោះឆ្នោត និង​បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង។

0:00 / 0:00

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ផ្ដួចផ្ដើម​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ខុស​អក្ខរាវិរុទ្ធ អាច​បោះឆ្នោត​បាន បើ​សិន​ជា​ឈ្មោះ​នោះ​មាន​សំឡេង​អាន​ដូច​គ្នា ប៉ុន្តែ​សរសេរ​ខុស​ស្រៈ​ជាដើម។ ប៉ុន្តែ​ត្រូវ​មាន​ឯកសារ​ផ្សេង​ទៀត​បញ្ជាក់​ថា ខុស​ស្រៈ ឬ​ព្យញ្ជនៈ​មែន ហើយ​ត្រូវ​មាន​រូបថត ឬ​អាសយដ្ឋាន​តែ​មួយ។

អ្នកស្រី ស៊ីន ជំបូ អនុប្រធាន គ.ជ.ប មាន​ប្រសាសន៍​ថា ស្ថាប័ន គ.ជ.ប បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ចំនួន​ដល់​មន្ត្រី​ក្រោម​ឱវាទ រៀបចំ​ការ​បោះឆ្នោត ឲ្យ​ជួយ​សម្រួល​ដល់​ម្ចាស់​ឆ្នោត​អាច​បោះឆ្នោត​បាន​គ្រប់​គ្នា។ អ្នកស្រី​បន្ថែម​ថា ស្ថាប័ន គ.ជ.ប បាន​ណែនាំ​ដល់​មន្ត្រី​គណៈកម្មការ​រាជធានី-ខេត្ត គណៈកម្មការ​ឃុំ-សង្កាត់ និង​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត​នីមួយៗ​ឲ្យ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ទៅ​នឹង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​អ្នក​បោះឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ។

បន្ទាប់​ពី​ធ្វើ​ការ​ប្រៀប​ធៀប​រូប​ពិត​ខាង​ក្រៅ ទៅ​នឹង​រូប​ថត​ដែល​មាន​ក្នុង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​របស់​ពួក​គេ​ក្នុង​ការិយាល័យ​បោះឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោត ហើយ​បើ​មាន​ខុស​អក្ខរាវិរុទ្ធ​តិចតួច មាន​ដូចជា ខ្វះ ឬ​លើស​ស្រៈ ព្យញ្ជនៈ ជើង​អក្សរ វណ្ណយុត្ត តែ​មាន​សូរ​ដូច​គ្នា ឬ​មាន​ភេទ អាយុ និង​អាសយដ្ឋាន​ដូច​គ្នា ត្រូវ​អនុញ្ញាត​ឲ្យ​បោះឆ្នោត​បាន បើ​សិន​ជា​ទិន្នន័យ​ចំនួន​ពីរ​ដូច​គ្នា​ក្នុង​ចំណោម​ទិន្នន័យ​ទាំង​បី ភេទ អាយុ និង​អាសយដ្ឋាន។

ត្រង់​ចំណុច​នេះ អ្នកស្រី ស៊ីន ជុំបូ បញ្ជាក់​ថា​នឹង​មិន​អនុញ្ញាត​ឲ្យ​បោះឆ្នោត​បាន​ទេ ប្រសិន​ជា​ឈ្មោះ​ខុស​គ្នា​ទាំង​ស្រុង​ទៅ​នឹង​ទិន្នន័យ​ទាំង​បី​នោះ។ ហើយ​បើ​ក្នុង​ករណី​ឈ្មោះ​ពីរ ឬ​ច្រើន​ដូច​គ្នា ឬ​ស្រដៀង​គ្នា​នោះ ត្រូវ​បន្ត​ពិនិត្យ​ឈ្មោះ និង​ទិន្នន័យ​នៅ​លេខ​ក្បែរ​គ្នា ដើម្បី​ឲ្យ​ប្រាកដ​ថា ឈ្មោះ​មួយ​ណា​ត្រូវ​អនុញ្ញាត​ឲ្យ​បោះ​បាន៖ «យើង​មាន​លក្ខខណ្ឌ​ដើម្បី​សម្រប​សម្រួល ពីព្រោះ​យើង​ទទួល​ស្គាល់​ដែរ​ថា នៅ​ក្នុង​ការ​សរសេរ​ឈ្មោះ ស្រៈ ព្យញ្ជនៈ ប៉ុន្តែ​សំនៀង​ដូច​គ្នា។ ដូច្នេះ ការ​ដែល​ខុស​ស្រៈ ព្យញ្ជនៈ នេះ គឺ​មិន​មែន​ជា​កំហុស​ធ្ងន់​ដែល​មិន​អាច​បោះឆ្នោត​បាន​ទេ»

បញ្ហា​ផ្សេង​ទៀត អ្នកស្រី ស៊ីន ជំបូ បាន​ប្រាប់​ដល់​ម្ចាស់​ឆ្នោត​ត្រូវ​ទៅ​ជួប​ជាមួយ​ប្រធាន​ការិយាល័យ​បោះឆ្នោត​នីមួយៗ ប្រសិន​បើ លេខាធិការ​រក​មិន​ឃើញ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត ឬ​លេខាធិការ​មិន​ទទួល​ស្គាល់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត ដូច​មាន​ក្នុង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​របស់​អ្នក​បោះឆ្នោត។

ទាក់ទិន​បញ្ហា​នេះ លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា និចហ្វិក (NICFEC) បាន​សាទរ​គំនិត​ផ្ដួចផ្ដើម​របស់​ស្ថាប័ន គ.ជ.ប ដើម្បី​សម្រួល​ដល់​អ្នក​បោះឆ្នោត​អាច​បោះឆ្នោត​បាន​ទាំងអស់​គ្នា៖ «ខ្ញុំ​គិត​ថា នេះ​ជា​ការ​ចាំបាច់​ណាស់​ទោះ​បី​ជា​មាន​ខុស​អក្ខរាវិរុទ្ធ​តិចតួច ប៉ុន្តែ​មិន​ត្រូវ​ធ្វើ​ឲ្យ​បាត់បង់​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ទេ។ អ៊ីចឹង ខ្ញុំ​ក៏​សូម​ធ្វើ​ការ​អំពាវនាវ​បន្ថែម​ដល់​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​របស់ គ.ជ.ប ដើម្បី​យក​ចិត្ត​ទុក​ដាក់ ដោយ​មិន​ត្រូវ​លម្អៀង​ទៅ​លើ​និន្នាការ​នយោបាយ​នៃ​ប្រជាពលរដ្ឋ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​បាន​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា»

មិន​ខុស​គ្នា​ទេ លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​បេក្ខជន​តំណាង​រាស្ត្រ​ផង​នោះ បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រធាន​ការិយាល័យ​បោះឆ្នោត​នីមួយៗ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​យ៉ាង​ណា​ឲ្យ​ម្ចាស់​ឆ្នោត​អាច​បោះឆ្នោត​បាន​ច្រើន​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា៖ «សំខាន់​ខ្ញុំ​ស្នើ​ដល់ គ.ជ.ប ត្រូវ​ធ្វើ​សេចក្តី​ណែនាំ​ទៅ​កាន់​មន្ត្រី​តាម​ការិយាល័យ​បោះឆ្នោត ទៅ​គណៈកម្មការ​ខេត្ត​រាជធានី និង​គណៈកម្មការ​ឃុំ​សង្កាត់​រៀប​ចំការ​បោះឆ្នោត​នីមួយៗ គឺ​ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​ថា ភ្នាក់ងារ​អង្កេត​ការណ៍​បោះឆ្នោត​មាន​សិទ្ធិ​ឈរ​នៅ​ពី​ក្រោយ​ខ្នង​ប្រធាន​ការិយាល័យ ឬ​ពី​ក្រោយ​ខ្នង​លេខាធិការ ដើម្បី​ពិនិត្យ​មើល​ឈ្មោះ និង​លិខិត​បញ្ជាក់​អត្តសញ្ញាណ មុន​នឹង​បាន​សន្លឹក​ឆ្នោត​ចូល​ទៅ​បោះឆ្នោត។ នេះ​ជា​ចំណុច​មួយ​ដ៏​សំខាន់ ពីព្រោះ​តាម​ការិយាល័យ​បោះឆ្នោត​ខ្លះ គឺ​គាត់​មិន​ព្រម​អនុវត្ត និង​មិន​ព្រម​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​របស់​គណបក្ស​នយោបាយ​ហ្នឹង​ទៅ​ឈរ​នៅ​ពី​ខាង​ក្រោយ​ខ្នង​ដើម្បី​ពិនិត្យ​មើល​ទេ»

យ៉ាង​ណា​ក៏ដោយ មន្ត្រី គ.ជ.ប បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវ​ការ​ឆ្នាំ​២០១៣ សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​សភា​អាណត្តិ​ទី៥ ត្រូវ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ទីតាំង​ការិយាល័យ​បោះឆ្នោត​របស់​ខ្លួន​ដែល​បិទ​នៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះឆ្នោត​រៀងៗ​ខ្លួន។ សេចក្តី​ណែនាំ គ.ជ.ប ឲ្យ​ដឹង​ថា សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​សភា​អាណត្តិ​ទី៥ ខែ​កក្កដា ឆ្នាំ​២០១៣ បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ត្រូវ​បិទ​ចំនួន​ពីរ​លើក។ លើក​ទី១ បិទ​ផ្សាយ​១​ខែ​មុន​ថ្ងៃ​បោះឆ្នោត​ចូល​មក​ដល់ នៅ​តាម​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះឆ្នោត និង​លើក​ទី២ បិទ​ផ្សាយ​១​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត នៅ​តាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ។

កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ រីឯ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី២៦ ខែ​កក្កដា។ ការ​បោះឆ្នោត​នេះ​មាន​គណបក្ស​ចំនួន​៨ បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង រួម​មាន គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។