គណបក្សភាគច្រើនបានបដិសេធមិនទទួលយកលទ្ធផលប្រកាសបណ្ដោះអាសន្នរបស់ គ.ជ.ប នោះទេ។ គណបក្សខ្លះបានដាក់ពាក្យប្ដឹងទៅ គ.ជ.ប មុនការប្រកាសលទ្ធផលបណ្ដោះអាសន្នថ្ងៃ១២ ខែសីហា ហើយមានគណបក្សតិចតួចដែលគ្រោងដាក់ពាក្យប្ដឹងឲ្យបានមុន ៧២ម៉ោង ដែលច្បាប់បោះឆ្នោតកំណត់។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា ថ្លែងនៅថ្ងៃ១៤ ខែសីហា ថា ក្រោយពីប្រកាសលទ្ធផលឆ្នោតបណ្ដោះអាសន្ន កាលពីថ្ងៃ១២ ខែសីហា ម៉ោង ៩ព្រឹក មកដល់ថ្ងៃ១៤ ខែសីហា គ.ជ.ប ទើបទទួលលិខិតសំណូមពរពីគណបក្សហ៊្វុនស៊ិនប៉ិច មួយគត់ សុំឲ្យពិនិត្យរបាយការណ៍ពីភាពមិនប្រក្រតីដែលគណបក្សនោះបានលើកឡើង។
លោក ទេព នីថា បន្តថា តាមច្បាប់បោះឆ្នោត ក្រោយប្រកាសលទ្ធផលឆ្នោតបណ្ដោះអាសន្នចំនួន ៧២ម៉ោង គណបក្សនយោបាយទាំងអស់ដែលចូលរួមប្រកួតប្រជែងបោះឆ្នោត ត្រូវដាក់ពាក្យប្ដឹងតវ៉ាពីលទ្ធផលឆ្នោតដែលបានប្រកាសនោះទៅស្ថាប័នចំនួន ២ គឺអាចដាក់ប្ដឹងទៅ គ.ជ.ប និងអាចប្ដឹងទៅស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ។
លោក ទេព នីថា៖ «នៅចំពោះមុខនេះ ក្នុងករណីអត់មានបណ្ដឹងទេ គឺ ៧២ម៉ោងក្រោយ យើងនឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត។ អ៊ីចឹងទេ បងប្អូនប្រជាពលរដ្ឋមេត្តារង់ចាំស្ដាប់លទ្ធផលនេះក្នុងករណីគ្មានបណ្ដឹង ហើយបើក្នុងករណីមានបណ្ដឹងដល់ គ.ជ.ប និងដល់ក្រុមប្រឹក្សាធម្មនុញ្ញទៀត លទ្ធផលដែលនឹងប្រកាសជាផ្លូវការចុងក្រោយបំផុត គឺអាចរហូតទៅដល់ថ្ងៃទី៨ ខែកញ្ញា»។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងនៅរសៀលថ្ងៃពុធ ទី១៤ សីហា ថា គណបក្សនេះកំពុងប្រមូលបណ្ដឹងតាមខេត្តក្រុងទាំង ២៤ ដើម្បីរៀបចំដាក់ពាក្យប្ដឹងឲ្យបានមុន ៧២ម៉ោង ដែលច្បាប់បោះឆ្នោតបានកំណត់។ លោកថា ការប្រកាសលទ្ធផល គឺខុសតួលេខដែលមានក្នុងទម្រង់ ១១០២ និងទម្រង់ ១១០៤។ គណបក្សសង្គ្រោះជាតិ ទាមទារឲ្យ គ.ជ.ប ពិនិត្យឡើងវិញនូវកញ្ចប់ឯកសារបោះឆ្នោតគ្រប់ទម្រង់ដែលមានការយល់ព្រមគ្នាពីការិយាល័យបោះឆ្នោត ខេត្ត ក្រុង៖ «បើយើងពិនិត្យទាំង២ មាន ១១០៤ ខ្លះខុសគ្នានឹង ១១០៤ ដែលយើងបានមើលឃើញ ហើយ ១១០៤ ដែលគេយកប្រគល់ឲ្យ គ.ជ.ប នោះ ខុសគ្នាខុសលេខគ្នាក៏មាន»។
ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លោក ហួន រាជចំរើន ថ្លែងថា ការប្រកាសលទ្ធផលឆ្នោតកាលពីថ្ងៃ២៨ ខែកក្កដា និងការប្រកាសលទ្ធផល នៅថ្ងៃ១២ ខែសីហា គឺដូចគ្នាទាំងស្រុង ទើបគណបក្សនេះមិនទទួលស្គាល់លទ្ធផលសន្លឹកឆ្នោតនោះទេ ហើយទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។ គណបក្សនេះមិនទានដាក់ពាក្យប្ដឹងនៅឡើយទៅ គ.ជ.ប៖ «បើយើងទាំងអស់គ្នាយល់ព្រមប្រទេសនឹងហែកជា២ ហើយបើសិនជាយើងបង្កើតគណៈកម្មការត្រួតពិនិត្យឃើញភាពមិនប្រក្រតីហើយ នៅតែបំពានដដែល ក៏មហាជនលោកអត់ព្រម»។
ចំណែកប្រធានគណបក្សខ្មែរឈប់ក្រ លោក ក្រវ៉ាញ ដារ៉ន ថ្លែងថា គណបក្សនេះបានបដិសេធការប្រកាសលទ្ធផលសន្លឹកឆ្នោតនោះ ហើយសុំធ្វើបាតុកម្មអហិង្សានៅថ្ងៃ១៧ ខែសីហា តែមិនទាន់មានការសម្រេចយល់ព្រមពីសាលារាជធានីនៅឡើយទេ៖ «លទ្ធផលបោះឆ្នោតបណ្ដោះអាសន្នដែលផ្សាយតាមទូរទស្សន៍ យើងយកមកបូកមើល គណបក្សយើងមានសំឡេងជិត ៧ម៉ឺន ហើយដល់ពេលលទ្ធផលប្រកាសជាក់ស្ដែងចេញមក ស្រាប់តែសន្លឹកឆ្នោតរបស់យើងធ្លាក់ទៀត»។
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ថ្លែងថា ការប្រកាសលទ្ធផលឆ្នោតបណ្តោះអាសន្ន ថ្ងៃ២៨ ខែកក្កដា និងថ្ងៃប្រកាសលទ្ធផលឆ្នោតបណ្ដោះអាសន្ន ថ្ងៃទី១២ ខែសីហា ចំនួនអ្នកបោះឆ្នោតឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យខុសតួលេខ។ គណបក្សនេះមិនទទួលយកលទ្ធផលឆ្នោតបណ្ដោះអាសន្ននោះទេ។
ចំណែកអនុប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ លោក ចាន់ យ៉េត ថ្លែងថា គណបក្សនេះមិនត្រឹមតែមិនគាំទ្រលទ្ធផលឆ្នោតប្រកាសបណ្ដោះអាសន្ននោះទេ គឺសុំឲ្យគណបក្សឈ្នះឆ្នោតដាច់គេទាំង២ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ចរចាដោយសន្តិវិធីនិងធ្វើយ៉ាងណាបញ្ចៀសបាតុកម្មហិង្សាឲ្យបាន កុំឲ្យពលរដ្ឋជាម្ចាស់ឆ្នោតព្រួយបារម្ភពីការប៉ះទង្គិចគ្នារវាងខ្មែរនិងខ្មែរ ដោយសារតែការមិនទទួលយកលទ្ធផលឆ្នោតបានប្រកាសនោះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងគណបក្សផ្សេងទៀតដើម្បីជម្រាបសួរព័ត៌មានអំពីការដាក់ពាក្យប្ដឹង ឬគាំទ្រការប្រកាសលទ្ធផលឆ្នោតបណ្ដោះអាសន្នបានទេ នៅថ្ងៃពុធ ទី១៤ ខែសីហា។
លោក ទេព នីថា ឲ្យដឹងថា ពេលវេលានៃការទុកឲ្យគណបក្សនយោបាយប្ដឹងមានរយៈពេល ៧២ម៉ោង គឺរាប់ពីម៉ោង ៩ព្រឹក ថ្ងៃ១២ ខែសីហា ដែល គ.ជ.ប ប្រកាសលទ្ធផលបណ្ដោះអាសន្នទៅដល់ម៉ោង ៩ព្រឹក ថ្ងៃ១៥ ខែសីហា។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ មាន ៨ គណបក្សនយោបាយចូលរួម គឺមានគណបក្សសញ្ជាតិកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរឈប់ក្រ គណបក្សសង្គ្រោះជាតិ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
