គ.ជ.ប​នឹង​ពិនិត្យ​សារ​នយោបាយ​និង​រូបភាព​របស់​លោក សម រង្ស៊ី បើ​មាន​អ្នក​ប្ដឹង​ជំទាស់

ដោយ ប្រាជ្ញ ចេវ
2017.05.24
សម រង្ស៊ី អតីត​ប្រធាន​បក្ស ៨៥៥ លោក សម រង្ស៊ី ចូល​រួម​កម្មវិធី​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA
Photo: RFA

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ឲ្យ​ដឹង​ថា គ.ជ.ប នឹង​ប្រជុំ​ពិនិត្យ​មើល​ពី​សារ​នយោបាយ និង​រូបភាព​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សព្វថ្ងៃ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​យក​មក​ប្រើប្រាស់​ក្នុង​ការ​ឃោសនា។ ករណី​នេះ ​គ.ជ.ប អះអាង​ថា ប្រសិនបើ​មាន​គណបក្ស​នយោបាយ​ណា​ប្ដឹង​ជំទាស់​ទើប គ.ជ.ប បើក​ការ​ស៊ើប​អង្កេត។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ទាក់ទង​ការ​បោះឆ្នោត​រក​មិន​ឃើញ​ថា មាន​ច្បាប់​ណា​មួយ​ហាម​មិន​ឲ្យ​យក​សារ ឬ​រូបភាព​របស់​ទណ្ឌិត ឬ​អតីត​ប្រធាន​គណបក្ស​នយោបាយ​មិន​ឲ្យ​យក​មក​ឃោសនា​នោះ​ទេ។

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា អះអាង​ថា គ.ជ.ប នឹង​ប្រជុំ​ពិនិត្យ​មើល​ពាក្យ​បណ្ដឹង​គណបក្ស​នយោបាយ​ដែល​ប្ដឹង​ប្រឆាំង​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ យក​សារ និង​រូបថត​របស់​លោក សម រង្ស៊ី ប្រើប្រាស់​ក្នុង​ការ​ឃោសនា។ លោក​បញ្ជាក់​ថា កិច្ច​ប្រជុំ​នោះ​ធ្វើ​ឡើង​ដោយ​សមាជិក​ទាំង​៩ របស់ គ.ជ.ប ហើយ​ការ​សម្រេច​យ៉ាង​ណា ក៏​លោក​មិន​ទាន់​អាច​ដឹង​មុន​បាន​ដែរ៖ «បើ​មាន​បណ្ដឹង គ.ជ.ប ពិនិត្យ​សិន បាន​អង្គប្រជុំ​សម្រេច​យ៉ាង​ណា ហើយ​អង្គ​ប្រជុំ​ជា​អង្គប្រជុំ​ចម្រុះ»

យ៉ាង​ណា​ក៏ដោយ​ចុះ លោក​ថា ប្រសិនបើ​គ្មាន​គណបក្ស​នយោបាយ​ប្ដឹង​ទាស់ គ.ជ.ប មិន​មាន​ចំណាត់​ការ ឬ​ក៏​កោះ​ប្រជុំ​លើក​យក​ករណី​នេះ​មក​ប្រជុំ​ពិភាក្សា​នោះ​ដែរ។ លោក​បន្ថែម​ថា មក​ទល់​ពេល​នេះ មិន​ទាន់​មាន​បណ្ដឹង​ណា​មួយ​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ពី​ករណី​នេះ​ទេ។

ការ​ថ្លែង​បែប​នេះ​របស់​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ក្រោយ​ពេល គ.ជ.ប សម្រេច​ច្រាន​ចោល​ការ​ផ្សព្វផ្សាយ​គោលនយោបាយ ឬ​ស្ប៉ត​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​មួយ​ក្នុង​ចំណោម​បី នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​ឧសភា ដែល​គណបក្ស​នេះ បាន​ផ្ញើ​ទៅ​ឲ្យ គ.ជ.ប ពិនិត្យ​មើល​មុន​នឹង​ចាក់​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ ដែល គ.ជ.ប ជា​អ្នក​ពិនិត្យ​មើល​ខ្លឹមសារ​នោះ និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​ចាក់​ផ្សាយ។

ស្ប៉ត​ដែល គ.ជ.ប ហាម​នោះ ត្រូវ​បាន​លោក ហង្ស ពុទ្ធា ប្រាប់​ថា ជា​សេចក្ដី​អំពាវនាវ​របស់​លោក សម រង្ស៊ី។ លោក​ពន្យល់​ថា មូលហេតុ​ដែល គ.ជ.ប ហាម​មិន​ឲ្យ​ផ្សាយ​ស្ប៉ត​នេះ ព្រោះ​លោក សម រង្ស៊ី ជា​ទណ្ឌិត ដែល​កំពុង​រង​ការ​ចាប់​ខ្លួន​ពី​ក្រុម​សមត្ថកិច្ច ដែល​បម្រាម​នេះ​ស្ថិត​នៅ​ក្នុង​ច្បាប់​បោះឆ្នោត។ លោក​បន្ត​ទៀត​ថា តំណាង​មេធាវី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​យល់ព្រម​តាម​ការ​សម្រេច​របស់ គ.ជ.ប ដែរ។

លោក ហង្ស ពុទ្ធា ថា ទោះ​ស្ប៉ត​នោះ​ត្រូវ គ.ជ.ប ហាម​ក្តី ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ទៅ​ចាក់​ផ្សាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ឯកជន​ហើយ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ តែ​បើ​មាន​គណបក្ស​នយោបាយ​ណា​ប្ដឹង​ជំទាស់ គ.ជ.ប នឹង​ពិនិត្យ​មើល។

ដោយ​ឡែក​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​យល់ស្រប​ទៅ​នឹង​ការ​ហាមឃាត់​របស់ គ.ជ.ប ទេ គឺ​គណបក្ស​បាន​មិន​ឆ្លើយ​តប​ចំពោះ​ការ​ហាម​ឃាត់​របស់ គ.ជ.ប។

ទាក់ទង​រឿង​នេះ ការ​ផ្សាយ​សារ និង​រូបភាព​របស់​លោក សម រង្ស៊ី នៅ​ពេល​ឃោសនា​បោះឆ្នោត អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ ចោទ​សួរ​ទៅ គ.ជ.ប វិញ​ថា តើ​ការ​ចាក់​ផ្សាយ​សំឡេង​លោក សម រង្ស៊ី ខុស​ទៅ​នឹង​ច្បាប់​អ្វី? ជាង​នេះ​ទៅ​ទៀត លោក​ទាមទារ​ឲ្យ គ.ជ.ប ពិនិត្យ​លើ​ខ្លឹមសារ​នៃ​សារ​របស់​លោក សម រង្ស៊ី តើ​មាន​ចំណុច​មាន​ខ្លឹមសារ​ក្បត់​ផល​ប្រយោជន៍​ជាតិ ឬ​ទេ៖ «វា​អាស្រ័យ​លើ​ខ្លឹមសារ​ពាក្យពេចន៍​របស់​គាត់ (លោក សម រង្ស៊ី) បើ​គាត់​មាន​ចេតនា​ផ្ដល់​យោបល់​ដល់​ផលប្រយោជន៍ តើ​អ្នក​ប្ដឹង​ហ្នឹង ប្ដឹង​ក្នុង​គោល​បំណង​អី?»

លោក យឹម សុវណ្ណ បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រើ​សារ និង​រូប​របស់​លោក សម រង្ស៊ី ដើម្បី​ផ្សព្វផ្សាយ​ក្នុង​ពេល​ឃោសនា បើ​លោក សម រង្ស៊ី មិន​ប្រឆាំង​ទាស់។

ចាប់​តាំង​ពី​ថ្ងៃ​​ឃោសនា​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា មក​ទល់​ពេល​នេះ គេ​សង្កេត​ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​យុទ្ធនាការ​ឃោសនា​ដោយ​មាន​ភ្ជាប់​សារ​ជា​សំឡេង ក៏​ដូច​ជា​រូបថត​របស់​លោក សម រង្ស៊ី។ ខ្លឹមសារ​ទាំង​នោះ លោក សម រង្ស៊ី ផ្ដល់​គំនិត​ទាក់ទង​នយោបាយ និង​ការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន  ឲ្យ​ដឹង​ថា ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ យក​រូប​នឹង​សារ​របស់​លោក សម រង្ស៊ី មក​ឃោសនា គឺ​លោក​ទុក​សមត្ថកិច្ច គ.ជ.ប ជា​អ្នក​ពិនិត្យ និង​វិនិច្ឆ័យ។ ប៉ុន្តែ​លោក​យល់​ថា តាម​ច្បាប់ លោក សម រង្ស៊ី គ្មាន​សិទ្ធិ​មក​ត​ទល់​ក្នុង​ឆាក​នយោបាយ​នោះ​ទេ៖ «តាម​ខ្ញុំ​យល់ សម រង្ស៊ី គ្មាន​មុខ​ចូល​មក​ឆាក​នយោបាយ​ទៀត​ទេ ព្រោះ​ខ្លួន​ឯង​បាន​លា​ឈប់​ពី​ឆាក​នយោបាយ​រួច​ហើយ»

​តែ​ទោះ​យ៉ាង​នេះ​ក្តី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (NICFEC) លោក សំ គន្ធាមី ដែល​ជា​អ្នក​ធ្វើ​ការ​ទាក់ទង​ការ​បោះឆ្នោត​មិន​យល់​ដូច្នេះ​ទេ។ លោក​ថា តាម​ច្បាប់​បោះឆ្នោត មិន​បាន​ហាម​មិន​ឲ្យ​ទណ្ឌិត ឬ​បុគ្គល​មិន​មែន​សមាជិក​គណបក្ស​នយោបាយ ផ្ញើ​សារ​ជា​សំឡេង​គាំទ្រ​គណបក្ស​នយោបាយ ឬ​ណែនាំ​ពលរដ្ឋ​ឲ្យ​ទៅ​គាំទ្រ​គណបក្ស​នយោបាយ​ណា​នោះ​ទេ៖ «ច្បាប់​មាន​ចែង​មែន ទណ្ឌិត​មិន​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត មិន​អាច​ទៅ​ឈរ​ឈ្មោះ​អី​បាន ប៉ុន្តែ​រឿង​ផ្ញើ​សារ​ហ្នឹង​ច្បាប់​អត់​មាន​និយាយ​ទេ»

លោក សម រង្ស៊ី បាន​ខ្ទាត​ចេញ​ពី​សង្វៀន​នយោបាយ ក្រោយ​ពី​តុលាការ​បាន​កាត់​ទោស​លោក​ជា​ច្រើន​សំណុំ​រឿង ផ្ដន្ទាទោស​លោក​ជា​បន្តបន្ទាប់។ ទាំង​លោក សម រង្ស៊ី និង​សហគមន៍​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន ចាត់​ទុក​ចំណាត់ការ​របស់​តុលាការ​ប្រឆាំង​លោក សម រង្ស៊ី ជា​រឿង​នយោបាយ។

មក​ដល់​ដើម​ឆ្នាំ​២០១៧  នៅ​ពេល​ដៃគូ​ប្រកួតប្រជែង​នយោបាយ​របស់​លោក គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹក​នាំ​ក្រុម​តំណាងរាស្ត្រ​របស់​លោក កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ចែង​ហាម​មិន​ឲ្យ​អ្នក​មាន​ទោស​ធ្វើ​ជា​ប្រធាន និង​អនុប្រធាន​គណបក្ស​នយោបាយ​នោះ លោក សម រង្ស៊ី ក៏​បាន​លាលែង​តំណែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។