អង្គការមិនមែនរដ្ឋាភិបាលខកចិត្តចំពោះច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដែលទើបត្រូវរដ្ឋសភាសម្រេចបោះឆ្នោតអនុម័តកាលពីថ្ងៃទី៣០ ខែតុលា។ ការអនុម័តនោះធ្វើឡើងនៅក្រោយពេលដែលកិច្ចប្រជុំសភាដែលមានតែវត្តមានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជាឯកច្ឆន្ទទម្លាក់លោក កឹម សុខា ពីតំណែងអនុប្រធានទី១នៃរដ្ឋសភា។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហៅកាត់ថា ខុមហ្វ្រែល (COMFREL) ថ្លែងថា ច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្មីនេះ មានភាពចម្រូងចម្រាសច្រើន។ លោកថា ការអនុម័តច្បាប់នេះ ជាសញ្ញាអវិជ្ជមានមួយជុំវិញការធានាភាពសេរី និងយុត្តិធម៌នៃលទ្ធផលបោះឆ្នោតនៅពេលខាងមុខ។
លោកបន្ថែមថា ការអនុម័តច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដែលគ្មានការជជែកពិភាក្សាជាមួយគ្រប់តំណាងគណបក្សដែលគ្រោងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំសង្កាត់ គឺគ្មានតម្លាភាព និងយុត្តិធម៌ចំពោះគណបក្សនយោបាយដែលគ្មានសំឡេងក្នុងរដ្ឋសភា៖ «ច្បាប់ហ្នឹងត្រូវយកទៅពិភាក្សាជាមួយគណបក្សផ្សេងៗទៀតដែរ។ គួរឲ្យសោកស្ដាយដែលធ្វើសេចក្ដីព្រាងច្បាប់មួយ ដែលមិនមានការពិភាក្សាជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ព្រោះមានគណបក្សច្រើនណាស់ដែលគេចង់ចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ សង្កាត់ ហើយយើងត្រូវយកទៅជជែកជាមួយគេ។ តែគេធ្វើ (Rule for gains) ហ្នឹង ធ្វើច្បាប់សម្រាប់ឈ្នះតែម្នាក់ឯងហ្នឹង។ ច្បាប់ហ្នឹងបង្កើតអាក្រក់ អវិជ្ជមាន។ នីតិវិធីច្បាប់ចាស់ វាគ្រាន់ជាងច្បាប់ចាស់ទៀត។ យើងទៅធ្វើអាក្រក់ សម្រាប់លេងខ្លួនឯង»។
ច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ទើបអនុម័តនេះផ្ដល់រយៈពេល ១៤ថ្ងៃសម្រាប់ឃោសនា ហើយគណបក្សនយោបាយមិនអាចឃោសនាឆ្លងពីឃុំមួយទៅឃុំបានទេ។ ក៏ប៉ុន្តែ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត អឺរ៉ា (ERA) ធ្លាប់ផ្តល់អនុសាសន៍ថា ច្បាប់នេះគួរទុករយៈពេល ១៥ថ្ងៃដដែល ហើយមិនគួរកំណត់វិសាលភាពនៃការហែក្បួនឃោសនានោះទេ ពោលគឺអាចឲ្យគណបក្សនយោបាយឃោសនាឆ្លងកាត់ពីឃុំ-សង្កាត់មួយទៅមួយបាន។
ច្បាប់ថ្មីត្រូវបានសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា ៦៧រូប បោះឆ្នោតគាំទ្រ ខណៈគ្មានវត្តមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ណាម្នាក់ចូលរួមក្នុងកិច្ចប្រជុំសភា។ តំណាងរាស្ត្រទាំង ៥៥រូបនៃគណបក្សសង្គ្រោះជាតិ បានធ្វើពហិការមិនចូលរួមការប្រជុំដកលោក កឹម សុខា ពីតំណែងអនុប្រធានទី១សភាជាតិ។
លោកបណ្ឌិត មាស នី យល់ថា គណបក្សប្រជាជនកម្ពុជា មានចេតនារារាំងសមាជិកសភាគណបក្សសង្គ្រោះជាតិ មិនឲ្យចូលរួមការបោះឆ្នោតអនុម័តច្បាប់ថ្មីនេះ។ លោកកត់សម្គាល់ថា មានព្រឹត្តិការណ៍កើតឡើងបន្តបន្ទាប់គ្នា ចំពោះសកម្មជនគណបក្សសង្គ្រោះជាតិ ដូចជាការវាយអ្នកតំណាងរាស្ត្រ និងការដកតំណែងលោក កឹម សុខា ជាដើម។
លោក មាស នី បន្តថា ការអនុម័តច្បាប់ដោយគ្មានការចូលរួមពីក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺជាចេតនារបស់គណបក្សប្រជាជនកម្ពុជា៖ «កាលណាមានប្រជុំធំៗរបស់សភា មិនសូវបានដឹងរបៀបវារៈមុន។ តាមខ្ញុំដឹង ការប្រជុំទម្លាក់លោក កឹម សុខា ហ្នឹង ក៏ស្ទើរតែ ២៤ម៉ោងមុន សភាមិនទាន់ដឹងថា មានរបៀបវារៈអីផង»។
ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០១៧ ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
