សង្គម​ស៊ីវិល​បង្កើត​បណ្ដាញ​សង្គម​ទាមទារ​ឲ្យ​បក្ស​ជាប់​ឆ្នោត​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ

0:00 / 0:00

ប្រទេស​កម្ពុជា ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​នេះ​ក៏​ជួប​នូវ​បញ្ហា​ជា​ច្រើន​ដែល​បណ្ដាល​មក​ពី​ការ​អភិវឌ្ឍ ដូចជា​ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី ផ្ទះសម្បែង​ដោយ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​និង​ករណី​ផ្សេងៗ​ទៀត។

ទន្ទឹម​នឹង​នេះ ប្រជាពលរដ្ឋ​ក៏​ងើប​តវ៉ា​រើបម្រាស់​ពី​ការ​គាប​សង្កត់​តាម​រយៈ​ការ​តវ៉ា និង​ធ្វើ​បាតុកម្ម​ផ្សេងៗ ដើម្បី​ទាមទារ​យុត្តិធម៌ ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​ជាដើម។ បញ្ហា​នេះ យុវជន​និង​តំណាង​អង្គការ​សង្គមស៊ីវិល​បាន​រួម​គ្នា​បង្កើត​បណ្ដាញ​មួយ​ឈ្មោះ​ថា បណ្ដាញ​សង្គម​ដើម្បី​រួម​គ្នា​ទាមទារ​ឲ្យ​គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ដោះស្រាយ​នូវ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ និង​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។

ការ​នាំ​គ្នា​ចេញ​តវ៉ា​ទៅ​លើ​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​តាម​ដង​វិថី​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ បាន​កើត​មាន​ជា​ហូរហែ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទោះបីជា​ការ​ប្រើ​សិទ្ធិ​តវ៉ា​ធ្វើ​បាតុកម្ម​ផ្សេងៗ ពេល​ខ្លះ​នៅ​មាន​កម្រិត​ក្ដី។

បណ្ដាញ​សង្គម​ដែល​បង្កើត​ឡើង​ដោយ​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​បណ្ដា​កម្មករ​និង​កសិករ និង​ក្រុម​និស្សិត​នោះ ក្នុង​គោលបំណង​ធំ​ដើម្បី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មាន​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​ពិត​ប្រាកដ និង​ធ្វើការ​តស៊ូ​មតិ​រួម​គ្នា​ទៅ​លើ​សកម្មភាព​អសកម្ម​របស់​រដ្ឋាភិបាល ដើម្បី​ធ្វើ​ឲ្យ​មាន​កំណែ​ទំរង់​រដ្ឋ​ពិត​ប្រាកដ។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​ផ្ដូចផ្ដើម​បង្កើត​បណ្ដាញ​សង្គម​នេះ​ឡើង​មាន​ប្រសាសន៍​ថា ការ​បង្កើត​បណ្ដាញ​សង្គម​ចងក្រង​គ្នា​គ្រប់​សមាសភាព​ដែល​មាន​មក​ពី​សមាជិក​គណបក្ស​នយោបាយ បណ្ដាញ​កសិករ អាជីវករ​ សិស្ស​និស្សិត និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​នោះ ក្នុង​គោលបំណង​ចង់​ប្រើប្រាស់​សំឡេង​ប្រជាពលរដ្ឋ​ទូទៅ​តាម​បណ្ដាញ​នានា ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​ដល់​គណបក្ស​នយោបាយ ដើម្បី​ឈាន​ដល់​ការ​ធ្វើ​កំណែទម្រង់​ផ្ទៃក្នុង​ពិត​ប្រាកដ និង​ធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​កំណែ​ទម្រង់​រដ្ឋ​ផ្សេងៗ។

លោក កែម ឡី៖ «ប្រជាធិបតេយ្យ​មាន​ន័យ​ថា ប្រជាជន ឬ​សមាជិក​ជា​ធំ អាច​មាន​សិទ្ធិ​គ្រប់​បែប​យ៉ាង អាច​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​របស់​ប្រធាន​គណបក្ស ទាំង​គណបក្ស​ប្រជាជន និង​គណបក្ស​សង្រ្គោះ​ជាតិ។ ទី​២ បណ្ដាញ​សង្គម​ហ្នឹង ប្រើប្រាស់​ដើម្បី​តស៊ូ​មតិ ដើម្បី​ឲ្យ​កំណែ​ទម្រង់​រដ្ឋ និង​ស្ថាប័ន​ជាតិ​សំខាន់ និង​ដើម្បី​ធ្វើការ​តស៊ូ​មតិ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ»

កាល​ពី​ថ្ងៃ​ទី​១២ តុលា កន្លង​ទៅ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​រៀបចំ​ការ​ជួបជុំ​មួយ​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ និង​ការ​វិភាគ​ទៅ​លើ​បញ្ហា​សង្គម និង​នយោបាយ​នៅ​កម្ពុជា។ អ្នក​ចូល​រួម​ក្នុង​កិច្ចពិភាក្សា​ភាគ​ច្រើន អ្នក​គំាទ្រ​គណបក្ស​សង្រ្គោះ​ជាតិ ក៏​មាន​បំណង​បង្កើត​បណ្តាញ​សង្គម​រួម​គ្នា​រឹង​មាំ​មួយ ដើម្បី​ត្រួត​ពិនិត្យ​សកម្មភាព និង​ដាក់​សម្ពាធ​ទៅ​លើ​អ្នក​នយោបាយ​មក​ពី​គ្រប់​គណបក្ស​ទាំង​អស់។

ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) បាន​សម្ដែង​សុទិដ្ឋិនិយម​ថា ការ​បង្កើត​បណ្ដាញ​សង្គម​នេះ ជា​រឿង​ល្អ​មួយ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​តស៊ូ​មតិ​ទៅ​តាម​គ្រប់​មធ្យោបាយ​ដែល​សិទ្ធិ​នេះ មាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ៖ «ក្រុម​ប្រជាពលរដ្ឋ​បង្កើត​ឡើង​ហ្នឹង ដើម្បី​ទាមទារ​ឲ្យ​អ្នក​ធ្វើ​គោលនយោបាយ​ចេញ​វិធានការ ឬ​គោលនយោបាយ​អ្វី​មួយ​សម្រាប់​ជាមូលដ្ឋាន​ដោះស្រាយ​សង្គម​ដោយ​ស្រាយ​វិបត្តិ​សង្គម មែន​ទែន​ទៅ​ពួក​គាត់​មាន​វិធានការ​ដើម្បី​ឲ្យ​រដ្ឋ​ដោះស្រាយ​បញ្ហា»

អតីត​នាយក​ប្រតិបត្តិ​អង្គការ​ជីវិត​ថ្លៃថ្នូរ លោក សាម អ៊ីន មាន​ប្រសាសន៍​ថា អំណាច​ប្រមូល​ផ្ដុំ​នៅ​លើ​ថ្នាក់​កំពូល​គណបក្ស និង​រដ្ឋាភិបាល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​កាល​មុនៗ​មក។ លោក​បញ្ជាក់​ថា ការ​បង្កើត​បណ្ដាញ​សង្គម​នេះ​ជា​រឿង​សំខាន់​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​អំពី​សង្គម​ប្រជាធិបតេយ្យ និង​ការ​ផ្លាស់ប្ដូរ​សង្គម តាម​រយៈ​ការ​ទាមទារ និង​ចេះ​ជ្រើសរើស​អ្នក​ដឹកនាំ​ល្អ​ដែល​គិតគូរ​ពី​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ៖ «យើង​គិត​ថា ការ​ផ្លាស់ប្ដូរ​នេះ គឺ​ជា​ការ​ផ្លាស់ប្ដូរ​ប្រពៃណី​វប្បធម៌​ដែល​យើង​ធ្លាប់​មាន​រាប់​រយ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​វា​មិន​រឿង​ថ្មី​សម្រាប់​ពិភពលោក​នោះ​ទេ គឺ​នៅប្រទេស​ជឿនលឿន​ជា​ច្រើន​គេ​បាន​អប់រំ​ប្រជាពលរដ្ឋ​របស់​គេ គេ​ឲ្យ​សង្គម​របស់​គេ​យល់​ដឹង​ពី​សារសំខាន់ ពី​ការ​ដឹកនាំ​សង្គម​ជា​ប្រព័ន្ធ ពី​ការ​ដឹកនាំ​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ មិន​មែន​ដឹក​នាំ​ដូច​ស្រុក​ខ្មែរ​អ៊ីចឹង​ទេ»

បណ្ដាញ​សង្គម​នេះ បាន​ចងក្រង​ពី​គ្រប់​មជ្ឈដ្ឋាន និង​ចងក្រង​បណ្ដាញ​ជាមួយ​បណ្ដាញ​ដែល​មាន​ស្រាប់ ដើម្បី​ឲ្យ​បណ្ដាញ​ទាំង​នេះ​ស្ថិត​នៅ​ក្រោម​ដំបូល​តែ​មួយ​រឹងមាំ ដើម្បី​ធ្វើ​សកម្មភាព​លើក​ស្ទួយ​សិទ្ធិ​មនុស្ស និង​យល់​ដឹង​ការ​គ្រប់គ្រង​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ ដើម្បី​ដាក់​សម្ពាធ​ទៅ​អ្នក​នយោបាយ​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ និង​ដើរ​លើ​ផ្លូវ​ត្រូវ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ លោក យឹម សុវណ្ណ ស្វាគមន៍​ចំពោះ​ការ​បង្កើត​បណ្តាញ​សង្គម​នេះ ដោយ​លោក​ចាត់​ទុក​ថា នេះ​ជា​គំនិត​ល្អ​ក្នុង​ការ​ជួយ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ គឺ​ជា​រឿង​ល្អ ព្រោះ​ជា​ការ​បង្ហាញ​ថា ពលរដ្ឋ​យក​ចិត្ត​ទុក​ដាក់​ពី​ជោគវាសនា និង​អនាគត​របស់​ប្រទេស​ជាតិ។

ប្រទេស​កម្ពុជា បាន​វិវឌ្ឍន៍​សង្គម​ទៅ​តាម​សម័យ​កាល​នីមួយៗ ហើយ​កម្ពុជា​បាន​ផ្លាស់ប្ដូរ​មុខ​មាត់​ថ្មី និង​ដឹកនំា​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នោះ គឺ​នៅ​ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១។ បន្ទាប់​មក​គឺ​មាន​ការ​រៀបចំ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៣ ដែល​រៀប​ចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ ឬ​ហៅ​ថា អ៊ុនតាក់។

ទោះបីជា​កម្ពុជា បាន​ប្រកាន់​របប​ប្រជាធិបតេយ្យ​នេះ​ហើយ​ក្ដី ក៏ប៉ុន្តែ​កម្ពុជា​នៅ​មាន​បញ្ហា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​នេះ​នៅ​មិន​ទាន់​ល្អ​នៅ​ឡើយ។ បណ្ដាញ​សង្គម​នេះ មាន​ទិសដៅ​របស់​ខ្លួន​សំខាន់​ដើម្បី​ជួយ​ជំរុញ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត និង​រដ្ឋាភិបាល​អនុវត្ត​តាម​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ ដោយ​មាន​ការ​ចង្អុល​បង្ហាញ និង​ទាមទារ​ពី​បណ្ដាញ​សង្គម​នេះ។

លោក សាម អ៊ីន អះអាង​ថា បើសិន​ជា​ប្រជាពលរដ្ឋ​យល់​ដឹង​អំពី​ការ​គ្រប់គ្រង​រដ្ឋ​តាម​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ នោះ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​សម្រេច​ចិត្ត​ជ្រើសរើស​មេដឹកនំា​ត្រូវ​នៅ​ពេល​បោះ​ឆ្នោត។ លោក​បន្ថែម​ថា បញ្ហា​ចម្បង​នោះ គឺ​ត្រូវ​លុប​បំបាត់​នូវ​វប្បធម៌​ដែល​មេដឹកនាំ​គណបក្ស ឬ​នាយករដ្ឋមន្រ្តី​ក្ដោបក្ដាប់​អំណាច​តែ​ម្នាក់​ឯង ដែល​មិន​ឆ្លុះ​បញ្ចាំង​ផ្ទុយ​ពី​សង្គម​ប្រជាធិបតេយ្យ៖ «កាល​ណា​គាត់​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​របៀប​គ្រប់គ្រង​សង្គម​តាម​បែប​ប្រជាធិបតេយ្យ គណបក្ស​មាន​លក្ខណៈ​ប្រជាធិបតេយ្យ គឺ​គាត់​ឈាន​ទៅ​ជ្រើស​អ្នក​ដឹកនាំ​ត្រឹមត្រូវ ហើយ​ធ្វើ​ឲ្យ​អ្នក​ដឹកនាំ​ហ្នឹង ដឹកនាំ​គណក្ស​ខ្លួន​ឈាន​ទៅ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ»

លោក កែម ឡី បញ្ជាក់​ថា សមាជិក​គណបក្ស​ផ្សេងៗ​ក៏​អាច​ចូល​នៅ​ក្នុង​បណ្ដាញ​សង្គម​នេះ​បាន​ដែរ ដើម្បី​ធ្វើការ​ជាមួយ​គ្នា​ជា​ប្រព័ន្ធ និង​ធ្វើ​ការ​សម្រេច​រួម​គ្នា ដូចជា​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់ និង​បញ្ហា​ផ្សេងៗ​ទៀត​ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ៖ «ទិស​ដៅ​ទៅ​អនាគត គឺ​បណ្ដាញ​ហ្នឹង​ធ្វើការ​វិភាគ​ស្ថានភាព​ជា​រួម​ទៅ​លើ​ស្ថានភាព​នយោបាយ ស្ថានភាព​សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច ការទូត​អី ហើយ​យក​ទិន្នន័យ​ធ្វើការ​ស្រាវជ្រាវ​ជា​លក្ខណៈវិ​ទ្យាសាស្រ្ត​ហ្នឹង​ប្រើប្រាស់»

លោក កែម ឡី បញ្ជាក់​ថា បណ្ដាញ​សង្គម​នេះ​នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ខែ​មករា ឆ្នាំ​២០១៥ ខាង​មុខ។ គម្រោង​បណ្ដាញ​សង្គម​នេះ នឹង​អនុវត្ត​សាកល្បង​រយៈពេល​មួយ​ឆ្នាំ ដែល​នឹង​ចងក្រង​គោលនយោបាយ​នៃ​វិស័យ​នីមួយៗ ដើម្បី​ដាក់​ជូន​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ និង​រដ្ឋាភិបាល​អនុវត្ត​ដូចជា​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម សុខាភិបាល សេដ្ឋកិច្ច និង​វិស័យ​ផ្សេងៗ​ទៀត ដើម្បី​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល ជំរុញ​ឲ្យ​អនុវត្ត ដោយ​ប្រើប្រាស់​កម្លាំង​បណ្ដាញ​សង្គម​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។