លោក យ៉េង វីរៈ និង​លោក សាម ស៊ុនឌឿន ជាប់​ជា​ប្រធាន​និង​អនុប្រធាន​បក្ស​ថ្មី

ដោយ ប្រាជ្ញ ចេវ
2015.08.02
យ៉េង វីរៈ សាម ស៊ុនឌឿន ៦២០ លោក យ៉េង វីរៈ (ឆ្វេង) និង​លោក សាម ស៊ុនឌឿន ជាប់​ជា​ប្រធាន និង​អនុប្រធាន​បណ្ដោះអាសន្ន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Brach Chev

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ថ្ងៃ​ទី​២ ខែ​សីហា នេះ បាន​ជ្រើសរើស​ប្រធាន​បណ្ដោះអាសន្ន​របស់​ខ្លួន​ហើយ គឺ​លោក យ៉េង វីរៈ អតីត​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។ ក្រោយ​រក​ឃើញ​ក្បាល​ម៉ាស៊ីន​របស់​ខ្លួន គណបក្ស​នេះ​នឹង​យក​បញ្ជី​ឈ្មោះ​ជូន​ដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​បន្ទាប់ ហើយ​នៅ​ដើម​ឆ្នាំ​២០១៦ នឹង​ធ្វើ​សមាជ​បក្ស​ដើម្បី​ជ្រើសរើស​ប្រធាន​ផ្លូវ​ការ។ ចំណែក​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​មាន​សំឡេង​នៅ​ក្នុង​សភា ស្វាគមន៍​វត្តមាន​គណបក្ស​ថ្មី​នេះ។

អគ្គលេខាធិការ​បណ្ដោះអាសន្ន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជាប់​ឆ្នោត បង្ហាញ​ពី​ក្តី​រំពឹង​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ព្រោះ​គណបក្ស​នេះ​ជ្រើសរើស​ថ្នាក់​ដឹក​នាំ​ពី​ថ្នាក់​ក្រោម​មក​ថ្នាក់​លើ ដោយ​យក​សមាជិក​ជា​ធំ។ លោក​បន្ត​ថា គណបក្ស​របស់​លោក​នឹង​លុប​បំបាត់​វប្បធម៌​សម្លាប់ សម្លុត គំរាម ដោយ​នឹង​ជំនួស​មក​វិញ​នូវ​វប្បធម៌​ក្តី​ស្រឡាញ់ ក្តី​សង្ឃឹម យុត្តិធម៌ និង​អហិង្សា៖ «សមាជិក​ជា​អ្នក​ជ្រើសរើស​ថ្នាក់​ដឹក​នាំ យើង​ចង់​ចូលរួម​ចំណែក​បណ្ដុះ​វប្បធម៌​ល្អៗ លុប​ចោល​វប្បធម៌​អាក្រក់​ចោល»

គណៈកម្មាធិការ​បណ្ដោះអាសន្ន​ចំនួន ១៨ មក​ពី​បណ្ដា​ខេត្ត​រាជធានី ដែល​មាន​ចំនួន ១០៤​សំឡេង បាន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ឲ្យ លោក យ៉េង វីរៈ ចំនួន ៩៧​សំឡេង លោក សាម ស៊ុនឌឿន ចំនួន ៦៨​សំឡេង។ ចំណែក​តំណែង​ជា​អគ្គលេខាធិការ​បាន​ទៅ លោក សាម អ៊ីន ដែល​ទទួល​បាន​សំឡេង​គាំទ្រ ១០៣​សំឡេង និង​តំណែង​ហិរញ្ញិក​បាន​ទៅ លោក ប៉ោ សេដ្ឋា ជា​អ្នក​សារព័ត៌មាន​ជាន់​ខ្ពស់​នៃ​សារព័ត៌មាន​ដើម​អំពិល ទទួល​បាន ៦៥​សំឡេង។ ការ​បោះ​ឆ្នោត​នេះ ជ្រើស​តាម​ប្រព័ន្ធ ៥០ បូក ១ គឺ​ស្មើ​នឹង ៥៣​សំឡេង។ លោក យ៉េង វីរៈ ជា​បេក្ខភាព​ប្រធាន​បក្ស​តែ​ម្នាក់​គត់​ក្នុង​ការ​បោះ​ឆ្នោត​នេះ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហៅ​កាត់​ថា គ.ប.ម ប្រជុំ​បង្កើត​គណបក្ស​នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៥។
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហៅ​កាត់​ថា គ.ប.ម ប្រជុំ​បង្កើត​គណបក្ស​នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Brach Chev

មុន​នឹង​បោះ​ឆ្នោត​ជ្រើសរើស​ក្បាល​ម៉ាស៊ីន សមាជិក​ជាង ៣០០​នាក់ បោះ​ឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​បណ្ដោះអាសន្ន ហើយ​ក្រុម​ទាំង​នោះ​ជា​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​បណ្ដោះអាសន្ន​នេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ស្វាគមន៍​វត្តមាន​គណបក្ស​ថ្មី​មួយ​នេះ ដែល​យល់​ថា គណបក្ស​កើត​ចេញ​ពី​ពលរដ្ឋ​ខ្មែរ និង​ប្រើ​លុយ​របស់​ខ្មែរ។ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​មួយ​នេះ​យល់​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នេះ មិន​អាច​ដណ្ដើម​អ្នក​គាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទេ៖ «បើ​យើង​ពឹង​ទៅ​លើ​សន្ទុះ​នៃ​ការ​គាំទ្រ ទើប​ទៅ​នឹង​កម្លាំង​ចលករ​គណបក្ស​នយោបាយ​ដទៃ គឺ​យើង​នៅ​តែ​ជា​គណបក្ស​ដឹក​នាំ​ប្រទេស​នៅ​ពេល​ខាង​មុខៗ​ទៀត»

សព្វថ្ងៃ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​សមាជិក​ជំហរ​ចំនួន ១០​ឃុំ-សង្កាត់ មាន​ថវិកា​ផ្ទាល់​ខ្លួន​បាន​ពី​ការ​បង់​វិភាគទាន​របស់​សមាជិក​ជាង ១​ម៉ឺន​ដុល្លារ។ គណបក្ស​នេះ​អះអាង​ថា មិន​បាន​យក​លុយ​ពី​គណបក្ស​ណា​មួយ​ឡើយ។

ចំណែក​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ យល់​ថា ការ​បង្កើត​គណបក្ស​ថ្មី​នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ ហើយ​គណបក្ស​នយោបាយ​កាន់​តែ​ច្រើន គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ជម្រើស​កាន់​តែ​ច្រើន។ លោក សុន ឆ័យ ក៏​មិន​ខុស​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជ ដែរ យល់​ថា គណបក្ស​ថ្មី​មួយ​នេះ​គ្មាន​មូលដ្ឋាន​រឹងមាំ​ធ្វើ​ខូចខាត​សំឡេង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ៖ «ឆ្នាំ​២០១៣ កន្លង​ទៅ ប្រជាពលរដ្ឋ​ជ្រើសរើស​គណបក្ស​ដែល​ជា​ក្តី​សង្ឃឹម​របស់​ខ្លួន ពួក​គេ​មិន​សូវ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ទើប​បង្កើត​ថ្មី​ទេ»

ការ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នេះ នៅ​បន្ទាប់​ពី​គណបក្ស​ថ្មី​ពីរ​បាន​បង្កើត​ឡើង គឺ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់ លោក ម៉ម សូណង់ដូ និង​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ របស់ លោក សួន សេរីរដ្ឋា។

សមាជិក​គណៈកម្មការ​បណ្ដោះអាសន្ន​បោះ​ឆ្នោត​ជ្រើសរើស​មេ​ដឹក​នាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជា​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៥។
សមាជិក​គណៈកម្មការ​បណ្ដោះអាសន្ន​បោះ​ឆ្នោត​ជ្រើសរើស​មេ​ដឹក​នាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជា​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Brach Chev

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​អក្សរ​កាត់ គ.ប.ម រូប​សញ្ញា​ត្រីកោណ​សម័ង្ស តំណាង​ឲ្យ​ប្រជាធិបតេយ្យ​ពី​ក្រោម​មក​លើ។ គុណ​តម្លៃ​សាមគ្គីភាព យុត្តិធម៌ អហិង្សា។ ទស្សនវិស័យ​ប្រជាពលរដ្ឋ​រស់នៅ​មាន​ជីវិត​ថ្លៃថ្នូរ និង​ប្រទេស​ជាតិ​មាន​អធិបតេយ្យ​ទូទាំង​ប្រទេស និង​មាន​បេសកកម្ម​បណ្ដុះ​អ្នក​ដឹក​នាំ​ល្អ និង​កសាង​មូលដ្ឋាន​គ្រឹះ​ប្រជាធិបតេយ្យ​ទូទាំង​ប្រទេស។ នៅ​ថ្ងៃ​ទី​៣ ខែ​សីហា គណបក្ស​នេះ​នឹង​យក​ស្នាម​មេដៃ​សមាជិក​ស្ថាបនិក​ចំនួន ៨០​នាក់​យ៉ាង​តិច និង​បញ្ជី​ឈ្មោះ​គណៈកម្មការ​បណ្ដោះអាសន្ន​ចំនួន ១៨​រូប ទៅ​បង្ហាញ​ជា​ផ្លូវ​ការ​ជូន​ដំណឹង​នៅ​ក្រសួង​មហាផ្ទៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។