បក្ស​ទាំង​ពីរ​នឹង​បន្ត​ការ​ចរចា​នៅ​សប្ដាហ៍​ក្រោយ

ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ពិចារណា​រៀង​ខ្លួន អំពី​លទ្ធផល​នៃ​ការ​ចរចា​ថ្នាក់​បច្ចេកទេស​នៃ​តំណាង​គណបក្ស​ទាំង​ពីរ នៅ​វិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​៥ វិច្ឆិកា នោះ។

0:00 / 0:00

តំណាង​គណបក្ស​ទាំង​ពីរ នឹង​ជួប​គ្នា​ដើម្បី​ចរចា​បន្ត​ទៀត ដើម្បី​ទម្លុះ​ភាព​ទាល់ច្រក​នយោបាយ ក្រោយ​ពី​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ រហូត​មក​ទល់​ពេល​នេះ អស់​រយៈពេល​ជាង​បី​ខែ​មក​ហើយ​នោះ។

ការ​ជួប​គ្នា​ចរចា​បន្ត​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពន្យារ​ពេល​រហូត​ដល់​សប្ដាហ៍​ក្រោយ នឹង​ជួប​គ្នា​ពិភាក្សា​បន្ត​ជា​ថ្មី​ទៀត ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​រួម រវាង​គណបក្ស​ទាំង​ពីរ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ដែល​ជា​ប្រធាន​ក្រុម​ដឹក​នាំ​ការ​ចរចា​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា នោះ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា ថា ការ​ចរចា​នឹង​ពន្យារ​ពេល​ដល់​សប្ដាហ៍​ក្រោយ ដោយសារ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ជាប់​រវល់​ក្នុង​ភារកិច្ច​របស់​ខ្លួន​នៅ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល។ តែ​ការ​កំណត់​ថ្ងៃ​ណា​មួយ​ពិត​ប្រាកដ​នោះ លោក​បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ​មិន​ទាន់​ជួប​គ្នា​កំណត់​កាល​បរិច្ឆេទ​នៅ​ឡើយ៖ «គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ខិតខំ​ខិតខំ​ឲ្យ​មាន​ការ​ចរចា និង​ធ្វើ​ជា​ជំនួយ​ឲ្យ​មាន​ជំនួប​កំពូល​នៃ​គណបក្ស​ទាំង​ពីរ»

លោក ព្រំ សុខា បញ្ជាក់​ថា មេ​ដឹក​នាំ​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជំរុញ​ឲ្យ​មាន​ការ​ជួប​គ្នា​ចរចា​បន្ត​ទៀត ដើម្បី​ឲ្យ​រក​ដំណោះស្រាយ​នយោបាយ​សមស្រប​នៅ​ពេល​ខាង​មុខ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា លទ្ធផល​នៃ​ការ​ចរចា​កាល​ពី​ថ្ងៃ​ទី​៥ វិច្ឆិកា នោះ ខាង​ក្រុម​បច្ចេកទេស​ចរចា​បាន​បញ្ជូន​ទៅ​ថ្នាក់​លើ​រួច​ហើយ។ លោក​បញ្ជាក់​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​បញ្ហា​នេះ​នៅ​ពេល​ក្រោយ៖ «តាម​ធម្មតា ត្រូវ​តែ​ជួប​គ្នា ត្រូវ​តែ​ដោះស្រាយ ដើម្បី​រក​ដំណោះស្រាយ មិន​ត្រូវ​ជាប់​គាំង​យូរ​អ៊ីចឹង​ទេ ប៉ុន្តែ លទ្ធផល​យ៉ាង​ណា​នោះ ចាំ​មើល​បន្ត​ទៀត»

គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​ទី​៥ វិច្ឆិកា បន្ទាប់​ពី​ការ​ចរចា​ភ្លាមៗ​ថា ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បរាជ័យ ដោយសារ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បដិសេធ​មិន​ទទួល​យក​នូវ​ការ​ស្រាវជ្រាវ​ស្វែង​រក​ការ​ពិត​ភាព​មិន​ប្រក្រតី ដែល​កើត​មាន​ក្នុង​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​កន្លង​ទៅ។

គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ស្មារតី​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​ជា​អាយុ​ជីវិត​ជាតិ។ ដូច្នេះ ការ​ស្រាវជ្រាវ​រក​ការ​ពិត​ពី​ការ​បោះ​ឆ្នោត ជា​ករណី​ចាំបាច់​ដែល​ខាន​ពុំ​បាន មុន​នឹង​មាន​កិច្ច​ព្រមព្រៀង​រក​ដំណោះស្រាយ​នយោបាយ​ណា​មួយ ដែល​អា​ចចេញ​ជា​រូបរាង​បាន ដោយ​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​ស្គាល់​នូវ​ភាព​ចាំបាច់​នេះ។

ទោះ​បី​ជា​មិន​ទាន់​ទទួល​លទ្ធផល​ជា​វិជ្ជមាន​ក្ដី ក៏​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​បន្ត​ជួប​ចរចា​គ្នា​ត​ទៅ​ទៀត តាម​គ្រប់​កម្រិត ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ជាតិ​ឲ្យ​បាន​ជោគជ័យ។

គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​ចរចា​រក​ដំណោះស្រាយ​នយោបាយ ដើម្បី​បញ្ចប់​ភាព​ជាប់​គាំង​នេះ​ចំនួន​បី​លើក​មក​ហើយ ប៉ុន្តែ​បញ្ហា​សំខាន់​ដែល​នៅ​តែ​មិន​ទាន់​រក​ចំណុច​រួម​ឃើញ​នោះ ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ទាមទារ​ឲ្យ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នៃ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ​២០១៣ និង​ករណី​មួយ​ចំនួន​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។