សង្គម​ស៊ីវិល​ជាតិ​គ្រោង​ស្នើ​ទៅ​ប្រទេស​ហត្ថលេខី​២៣​តុលា​អន្តរាគមន៍​លើ​រដ្ឋាភិបាល

ដោយ អាស៊ីសេរី
2017.10.19
ធីតា ឃិះ ៨៥៥ ២០១៧ នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​អំពី​ថវិកា ឆ្លើយតបនឹងយេនឌ័រ​នៅថ្នាក់​ក្រោម​ជាតិ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៧។ RFA
Photo: RFA

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា នេះ បាន​ជជែក​ផ្លាស់​ប្ដូរ​យោបល់​គ្នា ដើម្បី​រៀបចំ​ធ្វើ​សេចក្ដី​ព្រាង​សេចក្ដី​ថ្លែងការណ៍​មួយ ដាក់​ទៅ​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​កិច្ច​ព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ដើម្បី​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ឲ្យ​ត្រឹមត្រូវ​និង​ពេញលេញ។ គំនិត​ផ្ដួចផ្ដើម​របស់​អង្គការ​សង្គម​ស៊ីវិល​ដូចនេះ ខណៈ​ពួកគេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​និង​ប្រទេស​ពាក់ព័ន្ធ​មិន​ទាន់​បាន​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ត្រឹមត្រូវ​នៅឡើយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា វិបត្តិ​នយោបាយ​សព្វថ្ងៃ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា ដែល​ជា​ការ​រារាំង​មិន​ដល់​ការ​អនុវត្ត​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។ ម្យ៉ាងទៀត​ពួកគេ​ស្នើ​ទៅ​ប្រទេស​បារាំង និង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ជា​អតីត​សហប្រធាន​កិច្ចព្រមព្រៀង​នេះ ធ្វើ​យ៉ាងណា​ផ្ដួចផ្ដើម​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​សមស្រប​ជាបន្ទាន់​មួយ ក្នុង​គោលបំណង​ស្វែងរក​វិធានការ ដើម្បី​ធានា​ឲ្យ​មាន​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​មួយ នៅ​កម្ពុជា ក្នុង​ករណី​មានការ​រំលោភបំពាន​កិច្ចព្រមព្រៀង​នេះ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​លោក សឿង សារឿន ប្រាប់​ថា សេចក្ដី​ព្រាង​នេះ​មានបំណង​ឲ្យ​រដ្ឋ​ជា​ហត្ថលេខី រួម​ទាំង​អង្គការសហប្រជាជាតិ​ផង ពិនិត្យ​ឡើង​វិញ​ថា រដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​ទាំងអស់​ជា​ហត្ថលេខី​ទាំង​នោះ​បាន អនុវត្ត​កិច្ចព្រមព្រៀង​នេះ​បាន​កម្រិត​ណា​ហើយ។ លោក​ថា កិច្ចព្រមព្រៀង​នេះ នៅ​តែ​មាន​សុពលភាព និង​អត្ថប្រយោជន៍​ចំពោះ​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់ថា ប្រសិន​ប្រទេស​ជា​អតីត​ប្រធាន​នៃ​កិច្ចព្រមព្រៀង​នេះ​កោះ​ប្រជុំ នឹង​ធ្វើ​ស្ថានភាព​ប្រទេស​កម្ពុជា ដែល​កំពុង​មាន​បញ្ហា ប្រែ​ជា​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។

នៅ​ក្នុង​សេចក្ដីព្រាង​នៃ​សេចក្ដី​ថ្លែងការណ៍ របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល កត់សម្គាល់​ឃើញ​ថា ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ជា​ខ្លាំង នៃ​ការ​គោរព​សិទ្ធិ​ពលរដ្ឋ និង​វិបត្តិ​នយោបាយ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក។ ជាមួយ​គ្នា​នេះ កាសែត និង​វិទ្យុ និង​អង្គការ​សង្គម​ស៊ី​ល ដែល​ធ្វើការ​ផ្នែក​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ បរិស្ថាន សិទ្ធិមនុស្ស និង​ដែល​ហ៊ាន​រិះគន់​គោលនយោបាយ​រដ្ឋាភិបាល​ត្រូវ​បិទ និង​ផ្អាក​មិន​ឲ្យ​ដំណើរការ។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ប្រឆាំង​ក្រុម​ប្រឆាំង ព្រមទាំង​បង្ក្រាប​យ៉ាង​ហិង្សា​គ្រប់​ទម្រង់​នៃ​ការ​តវ៉ា ឬ​អ្នក​រិះគន់​ជាដើម។

ប្រធាន​គណៈ​គ្រប់គ្រង​នៃ​គណៈកម្មាធិការ​ដើម្បី​លើកស្ទួយ​ស្ត្រី​នៅ​ក្នុង​វិស័យ​នយោបាយ និង​ជា​នាយិកា​អង្គការ​សីលការ អ្នកស្រី ធីដា ឃិះ និយាយ​ថា ស្ថានការណ៍​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ ដែល​កំពុង​ចាក​ឆ្ងាយ​ជា​ប្រទេស​នីតិរដ្ឋ សេរី​ពហុបក្ស អព្យាក្រឹតភាព ដែល​នឹង​ធ្វើ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ផ្ដាច់ការ។ អ្នកស្រី​បន្ត​ថា ការ​ធ្វើ​ច្បាប់ និង​ការ​កែ​ច្បាប់​ថ្មី​នេះ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ធ្វើ​ឲ្យ​កម្ពុជា​ដើរ​ចេញ​ពី​រដ្ឋធម្មនុញ្ញ និង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។

ការ​ខ្វាយខ្វល់​នៃ​អង្គការ​សង្គម​ស៊ីវិល ពី​ការអនុវត្ត​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ខណៈ​កម្ពុជា​នឹង​រំលឹក​ខួប​លើក​ទី​២៦ នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា​ខាងមុខ។ សន្ធិសញ្ញា​ដែល​មាន​ប្រទេស​ចំនួន ១៩​បូក​រួម​ទាំង​កម្ពុជា។

ចំណែក អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា បណ្ដា​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មានលទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន អនុវត្ត​កិច្ចព្រមព្រៀង​ឲ្យ​ត្រឹមត្រូវ​ឡើងវិញ។ លោក​បន្ត​ថា បើ​ក្រុម​ប្រទេស​ទាំងនោះ អន្តរាគមន៍​ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​មិន​គោរព​តាម​នោះ​ប្រទេស​កម្ពុជា និង​ក្លាយ​ជា​ប្រទេស​ឯកោ ជាប់​ទណ្ឌកម្ម និង​មាន​វិបត្តិ​សេដ្ឋកិច្ច។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ប្រតិកម្ម​តប ពី​ក្រុម​មន្ត្រី​រដ្ឋាភិបាល និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បានទេ​ថ្ងៃ​ទី​១៩ ខែ​តុលា។ ប៉ុន្តែ ជា​រឿយៗ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និយាយ​ថា សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​ស្លាប់​ទៅ​ហើយ ព្រោះ​កម្ពុ​ជា​មាន​រដ្ឋធម្មនុញ្ញ​ដែល​មក​ជំនួស​សន្ធិសញ្ញា​នេះ ហើយ​មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក ដែល​មាន​ងារ​ជា​បណ្ឌិត​ក៏​បន្ទរ​តាម។ ប៉ុន្តែ​សង្គម​ស៊ីវិល​ជាតិ​អន្តរជាតិ គណបក្ស​ប្រឆាំង និង​សហគមន៍​អន្តរជាតិ​មិន​យល់​ដូចនេះ​ទេ ពួកគេ​ថា សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​តែ​មាន​សុពលភាព​នៅ​ប្រទេស​កម្ពុជា​ដដែល។

កាលពី​នៅ​ឆ្នាំ​១៩៩១ សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ផ្ដល់​កំណើត​ថ្មី​ដល់​ប្រទេស​កម្ពុជា ដោយ​គ្រប់​ភាគី​សន្យា​ថា នាំមក​នូវ​លទ្ធិប្រជាធិបតេយ្យ ក្រោយពី​គ្រាំគ្រា​ដោយ​សង្គ្រាម​ជាច្រើន​ទសវត្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។