សំណុំរឿងអ្នកជាប់ឃុំចំនួន ២៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បញ្ចប់ការស៊ើបអង្កេត និងបានដោះលែងអ្នកទាំង ២៣នាក់នោះឲ្យនៅក្រៅឃុំវិញហើយ តែទីលានប្រជាធិបតេយ្យដែលសាលារាជធានីភ្នំពេញបានបិទ ហើយសន្យាថានឹងបើកឲ្យប្រជាពលរដ្ឋជួបជុំគ្នាសម្ដែងមតិឡើងវិញនៅក្រោយពេលស៊ើបអង្កេតករណីនៅផ្លូវវ៉េងស្រេង បានបញ្ចប់។
មកទល់ពេលនេះ ទោះបីជាតុលាការបានបញ្ចប់ការស៊ើបអង្កេតករណីមនុស្សទាំង ២៣នាក់នេះ តែទីលានប្រជាធិបតេយ្យនៅតែបិទ និងហ៊ុមព័ទ្ធដោយបន្លាលួសដដែល។
ក្រុមអង្គការសិទ្ធិមនុស្សទាមទារឲ្យសាលារាជធានីភ្នំពេញ បើកទីលានប្រជាធិបតេយ្យ អនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើការសម្ដែងមតិឡើងវិញ នៅបន្ទាប់ពីមនុស្សទាំង ២៣នាក់ ត្រូវបានតុលាការដោះលែងវិញហើយនោះ។
មន្ត្រីជាន់ខ្ពស់ស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍នៅថ្ងៃទី៥ មិថុនា ថា ទីលានប្រជាធិបតេយ្យជាបេះដូងនៃសង្គមប្រកាន់របបលទ្ធិប្រជាធិបតេយ្យ ហើយពេលនេះជាពេលដែលសាលារាជធានីភ្នំពេញ បើកទីលានប្រជាធិបតេយ្យនេះវិញហើយ៖ «បើសិនជាទីលានប្រជាធិបតេយ្យនៅតែបិទ?ប្រៀបបីដូចជាកម្ពុជា មិនគោរពគោលការណ៍ប្រជាធិបតេយ្យ អ៊ីចឹងយើងសង្គមស៊ីវិល នៅតែមានទាមទារឲ្យបើកទីលានប្រជាធិបតេយ្យ សម្រាប់ធ្វើការទាមទារ ធ្វើការតស៊ូមតិ»។
ទីលានប្រជាធិបតេយ្យ ត្រូវបានក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ប្រកាសបិទបន្ទាប់ពីអាជ្ញាធរចុះបង្ក្រាបបាតុករគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៤ មករា ធ្វើឡើងភ្លាមៗក្រោយពេលមានការប៉ះទង្គិចគ្នារវាងកម្មករ និងក្រុមទាហានកងពល៩១១ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ដែលបាញ់សម្លាប់មនុស្ស ៥នាក់ និងធ្វើឲ្យរបួសជាច្រើននាក់នៅផ្លូវវ៉េងស្រេង។ សាលារាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសបិទតាំងពីពេលនោះមក រង់ចាំរហូតដល់អាជ្ញាធរ និងតុលាការធ្វើការស៊ើបអង្កេតករណីនេះបញ្ចប់។
មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ការបើកទីលានប្រជាធិបតេយ្យឡើងវិញនៅពេលណានោះ លោកមិនទាន់ដឹងច្បាស់នៅឡើយ គឺរង់ចាំការសម្រេចពីអភិបាលរាជធានីភ្នំពេញ៖ «ខ្ញុំអត់ទាន់ទទួលការណែនាំពីគាត់ យើងរង់ចាំបន្តិចសិន ដូចនេះយើងនៅតែបិទនៅឡើយទេបាទ»។
នៅក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ មក ដែលលទ្ធផលនៃការបោះឆ្នោតនីតិកាលទី៥ គណបក្សសង្គ្រោះជាតិ មិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះ។ ទីលានប្រជាធិបតេយ្យបានក្លាយជាទីលានទាមទាររកយុត្តិធម៌សន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ស្ទើរតែរាល់ថ្ងៃ។
ទាក់ទងនឹងបញ្ហានេះ លោក អំ សំអាត អះអាងថា រដ្ឋាភិបាលបិទទីលានប្រជាធិបតេយ្យនេះ ជាហេតុផលនយោបាយ ពីព្រោះថា ទីលានប្រជាធិបតេយ្យ និងការប៉ះទង្គិចគ្នានៅផ្លូវវ៉េងស្រេង មិនមែនជារឿងជាប់ទាក់ទងគ្នាទេ៖ «ប៉ុន្តែរដ្ឋាភិបាលប្រឹងព្យាយាមចងភ្ជាប់ទីលានប្រជាធិបតេយ្យមកផ្លូវវ៉េងស្រេង ហើយមកបង្ក្រាបទីលានប្រជាធិបតេយ្យទៀត ដើម្បីកុំឲ្យមានអ្នកតវ៉ាទៀតនៅទីលានប្រជាធិបតេយ្យហ្នឹង ហើយរដ្ឋាភិបាលបានបង្ក្រាបតាំងពីថ្ងៃហ្នឹងមក ហើយថា ទីលានប្រជាធិបតេយ្យបើមិនទាន់ស៊ើបអង្កេតចប់ទេ ទីលានប្រជាធិបតេយ្យក៏មិនបើកវិញដែរ»។
ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CHRAC លោក សួន ប៊ុនស័ក្ដិ អះអាងថា ការបិទទីលានប្រជាធិបតេយ្យនេះ គឺខុសច្បាប់ទាំងស្រុង ដោយហេតុថា ការបិទនេះផ្ទុយពីច្បាប់ស្ដីពីការធ្វើបាតុកម្ម៖ «ប្រជាពលរដ្ឋខ្មែរ គឺមានសិទ្ធិតាមផ្លូវច្បាប់យ៉ាងពេញលេញ ទទួលបានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ដូច្នេះរដ្ឋាភិបាលកម្ពុជា មានកាតព្វកិច្ចធ្ងន់ធ្ងរណាស់ ក្នុងការបង្កលក្ខណៈឲ្យប្រជាពលរដ្ឋខ្មែរមានសេរីភាពនេះ»។
ច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធីមាត្រា៥ បានចែងថា ក្រុមណាដែលមានបំណងរៀបចំធ្វើបាតុកម្មដោយសន្តិវិធីនៅទីកន្លែងសាធារណៈណាមួយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដីរាជធានី ឬខេត្តមានសមត្ថកិច្ចគ្រប់ទីកន្លែងនោះ។
ទីលានប្រជាធិបតេយ្យ ត្រូវបានគេដាក់ឈ្មោះថា ទីលានគ្មានប្រជាធិបតេយ្យ ឬទីលែងប្រជាធិបតេយ្យ។ នៅជុំវិញបរិវេណទីលាននេះ ពេលខ្លះកងកម្លាំងប្រដាប់អាវុធយាមកាមយ៉ាងតឹងរ៉ឹង និងហ៊ុមព័ទ្ធដោយបន្លាលួស ពិសេសនៅពេលក្រុមប្រជាពលរដ្ឋ ឬគណបក្សសង្គ្រោះជាតិ ធ្វើការជួបជុំគ្នាមានបំណងដើរទៅកាន់ទីលានប្រជាធិបតេយ្យនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
