ការអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៤ និងការអនុម័តសេចក្តីព្រាងច្បាប់បំបែកក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលជាពីរក្រសួង ក្លាយជាប្រធានបទមួយដែលអ្នកនយោបាយ និងសង្គមស៊ីវិលរិះគន់ថា ជាការដើរផ្ទុយពីនយោបាយកំណែទម្រង់របស់ លោក ហ៊ុន សែន។ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវបំបែកជាពីរ គឺក្រសួងឧស្សាហកម្ម សិប្បកម្ម ព្រមទាំងក្រសួង រ៉ែ និងថាមពល។
មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ នៅថ្ងៃទី៩ ខែវិច្ឆិកា មានប្រសាសន៍ថា ភាគីគណបក្សប្រជាជនកម្ពុជា បានសន្យាធ្វើកំណែទម្រង់ស្ថាប័នជាតិឲ្យស៊ីជម្រៅ ពិសេសគឺការចាត់ចែងចាយវាយថវិកាជាតិឲ្យមានតម្លាភាព ដើម្បីជាប្រយោជន៍ជាតិ។ ប៉ុន្តែ ការអនុម័តសេចក្តីព្រាងច្បាប់ចាយវាយលុយជាតិដោយឯកបក្សទៅវិញ។ លោកបន្តថា ដំណើរការអនុម័តច្បាប់នានា គួរណាស់តែត្រូវផ្អាកជាមុនសិន នៅពេលដែលប្រទេសជាតិកំពុងជាប់គាំងនយោបាយនោះ។ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា ចំពោះការបង្កើតក្រសួងថ្មីវិញ ជាដំណើរការចែកតំណែងគ្នារវាងមន្ត្រីបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ។
សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៤ ត្រូវបានមន្ត្រីគណបក្សកាន់អំណាចបង្ហាញថា រាជរដ្ឋាភិបាលត្រូវការប្រាក់ចាយវាយក្នុងរង្វង់ជាង ៣ពាន់លានដុល្លារ គឺកើនឡើងជាងឆ្នាំមុនចំនួនជាង ៥០០លានដុល្លារ។ រដ្ឋាភិបាលគ្រោងចំណាយលើការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ក្រោយទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅឆ្នាំ២០១៣ នេះ បង្កើនប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការថ្នាក់ក្រោមជាតិពីជាង ២០ម៉ឺន ទៅជាង ៣០ម៉ឺនរៀលក្នុងមួយខែ និងការបន្តអនុវត្តវិស័យអាទិភាពទាំង៧ ក្នុងនោះរួមមាន វិស័យអប់រំ សុខាភិបាល កសិកម្ម អភិវឌ្ឍន៍ជនបទ សង្គមកិច្ច ជាដើម។
យ៉ាងណាមិញ នាយកវេទិកាអង្គការមិនមែនរដ្ឋាភិបាល លោក ឈិត សំអាត មានប្រសាសន៍ថា ការអនុម័តសេចក្តីព្រាងថវិកាជាតិឆ្នាំ២០១៤ ជាការបំពេញការងារខ្វះតម្លាភាព។ លោកបន្តថា អង្គការមិនមែនរដ្ឋាភិបាលបានព្យាយាមដាក់សំណើទៅកាន់រដ្ឋសភា ដើម្បីស្នើសុំសេចក្ដីព្រាងច្បាប់ថវិកាជាតិ យកទៅសិក្សាដើម្បីចូលរួមយោបល់ ប៉ុន្តែរដ្ឋសភាបែរជាមិនអនុញ្ញាតឡើយ។ លោកបញ្ជាក់ថា អភិបាលកិច្ចល្អជាស្នូលនៃការអភិវឌ្ឍ ហេតុនេះការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាប្រការសំខាន់បំផុតដែលមិនអាចខ្វះបាន។
ទន្ទឹមនឹងនេះ ប្រធានបណ្ដាញរួបរួមគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក លោក សន ជ័យ យល់ថា ការបំបែកក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ជាពីរជានយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល។ ប៉ុន្តែ វាជាការបង្កើនចំណាយថវិកាជាតិ តាំងពីការរៀបចំរចនាសម្ព័ន្ធក្រសួង រហូតដល់ការបង្កើនលុយចាយវាយសម្រាប់ប្រាក់ខែបុគ្គលិក ចាប់ពីមន្ត្រីថ្នាក់តូចរហូតដល់រដ្ឋមន្ត្រី។ លោកបញ្ជាក់ថា សង្គមស៊ីវិលរង់ចាំមើលថា តើកំណែទម្រង់ដែល លោក ហ៊ុន សែន ដាក់ចេញនោះមានលទ្ធផលយ៉ាងណា?
ទោះជាបែបណាក៏ដោយ តំណាងរាស្ត្រចាស់វស្សារបស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានថ្លែងប្រាប់កាសែតក្នុងស្រុក កាលពីថ្ងៃទី៨ ខែវិច្ឆិកា ថា ច្បាប់ថវិកាជាតិនឹងត្រូវអនុម័តនៅថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខ ហើយបំបែកក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ជាពីរ មិនមែនជាមធ្យោបាយក្នុងការបែងចែកអំណាចគ្នារបស់គណបក្សប្រជាជនកម្ពុជា ទេ។
កាលពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូង លោក ហ៊ុន សែន បានប្រកាសថា នៅអាណត្តិទី៥នេះ កម្ពុជា នឹងបង្កើតក្រសួងថ្មីមួយទៀតបន្ថែមទៅលើក្រសួងដែលមានស្រាប់ទាំង២៦។ ប៉ុន្តែ បើសិនជាក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវបំបែកជាពីរនោះ ក្រសួងសព្វថ្ងៃនឹងមានសរុបចំនួន ២៨ក្រសួង។
សង្គមស៊ីវិលមួយចំនួនលើកឡើងថា ការគ្រប់គ្រងវិស័យរ៉ែនៅកម្ពុជា មិនមានប្រសិទ្ធភាពនៅឡើយទេ។ កំណប់រ៉ែមាសនៅខេត្តមួយចំនួន ដូចជាខេត្តក្រចេះ ព្រះវិហារ មណ្ឌលគិរី និងខេត្តបាត់ដំបង ក៏ត្រូវបានក្រុមហ៊ុនឯកជនប្រមូលយកដោយមិនមានតម្លាភាព។ កាលពីពេលកន្លងទៅ កម្មករនៅខេត្តព្រះវិហារ និងខេត្តក្រចេះ បានបាត់បង់អាយុជីវិតក្នុងអណ្ដូងរ៉ែមាសថែមទៀត ដោយអាជ្ញាធរសុទ្ធតែថ្លែងអះអាងថា ក្រុមហ៊ុនដែលជីករ៉ែមាសទាំងនោះ ជាក្រុមហ៊ុនសិក្សាស្រាវជ្រាវកំណប់រ៉ែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
