សង្គម​ស៊ីវិល​ថា​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មិន​ទាន់​សេរី​និង​យុត្តិធម៌

ក្រុម​អង្គការ​សង្គម​ស៊ីវិល ២១​ស្ថាប័ន រួម​គ្នា​វាយ​តម្លៃ​អំពី​ដំណើរ​ការ​ទាំង​មូល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ឆ្នាំ​២០១៣ ថា​មិន​ទាន់​សេរី និង​យុត្តិធម៌​នៅ​ឡើយ​ទេ។ យុត្តិធម៌ និង​សុចរិត​ភាព​ក្នុង​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​នេះ​បាន​ធ្លាក់​ចុះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះ​ឆ្នោត ដែល​ឲ្យ​គណបក្ស​កាន់​អំណាច​មាន​ប្រៀប​ជាង​គូប្រជែង និង​មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ដោយ​សេរី​របស់​អ្នក​បោះ​ឆ្នោត​ពេញ​លេញ។

0:00 / 0:00

បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត​នៃ​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២១​ស្ថាប័ន ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ និង​កែលំអ​បន្ថែម​ទៀត​ចំពោះ​នីតិវិធី​ច្បាប់ គោល​នយោបាយ និង​យន្តការ​ទាក់ទិន​នឹង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។

ការ​ទាមទារ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី៦ ខែ​កញ្ញា គឺ​ពីរ​ថ្ងៃ​មុន​នឹង​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។ ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល រក​ឃើញ​ថា ការ​ចាត់​ចែង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ទាំង​មូល​លើក​នេះ មិន​ទាន់​សេរី និង​យុត្តិធម៌​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​មាន​ការ​ថយ​ចុះ​ករណី​ហិង្សា​ធ្ងន់ធ្ងរ និង​គ្មាន​ការ​សម្លាប់​សកម្មជន​អ្នក​នយោបាយ និង​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​យុវជន​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត។

សេចក្តី​ថ្លែងការណ៍​រួម​នោះ​សង្កត់​ធ្ងន់​ថា យុត្តិធម៌ និង​សុចរិត​ភាព​ក្នុង​ការ​បោះ​ឆ្នោត​មាន​ការ​ធ្លាក់​ចុះ ហើយ​បញ្ហា​សំខាន់ៗ​មិន​ត្រូវ​បាន​កែលំអ រួម​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ ទូរទស្សន៍ និង​វិទ្យុ​ជាច្រើន បាន​ផ្សាយ​លម្អៀង​យ៉ាង​ខ្លាំង​ទៅ​រក​គណបក្ស​កាន់​អំណាច បញ្ហា​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ឈ្មោះ​ស្ទួន​ប្រមាណ​ជាង ៣០​ម៉ឺន​ឈ្មោះ ពិសេស​ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត មាន​រហូត​ដល់​ជាង ១​លាន​លិខិត ភាព​មិន​ប្រក្រតី​ប្រមាណ​ជាង ១​ម៉ឺន​ករណី​នៅ​ថ្ងៃ​បោះ​ឆ្នោត រួម​ទាំង​ការ​ដឹក​ជញ្ជូន​អ្នក​បោះ​ឆ្នោត​ពី​ខេត្ត​មួយ​ឲ្យ​ទៅ​បោះ​ឆ្នោត​នៅ​ខេត្ត​មួយ​ផ្សេង​ទៀត។ ការ​បាត់​សិទ្ធិ​ឈរ​ឈ្មោះ​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ជា​បេក្ខជន​ឲ្យ​គេ​បោះ​ឆ្នោត។ ការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​ធនធាន​រដ្ឋ​មិន​បាន​ត្រឹមត្រូវ ការ​កើន​ឡើង​នៃ​ការ​ទិញ​សន្លឹក​ឆ្នោត​ដោយ​គណបក្ស​កាន់​អំណាច ពិសេស​កំឡុង​ពេល​មុន​ឃោសនា​រក​សំឡេង​បោះ​ឆ្នោត។ ការ​បំភិតបំភ័យ ការ​គំរាម​កំហែង​ដល់​ម្ចាស់​ឆ្នោត និង​សកម្មជន​គណបក្ស​នយោបាយ។ ការ​ដាក់​ពង្រាយ​កងទ័ព​ប្រដាប់​អាវុធ​យុទ្ធភណ្ឌ​យោធា​នៅ​ក្នុង​កំឡុង​ពេល​ដោះស្រាយ​វិវាទ​បោះ​ឆ្នោត។

ជុំវិញ​ភាព​មិន​ប្រក្រតី​នេះ​ដែរ ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក​មេធាវី សុក សំអឿន ចង់​ឲ្យ​មាន​ការ​ពិនិត្យ​ច្បាប់​បោះ​ឆ្នោត​ឡើង​វិញ ហើយ​ត្រូវ​តែ​មាន​តុលាការ​បោះ​ឆ្នោត​មួយ​ដាច់​ដោយ​ឡែក ដើម្បី​ធានា​យុត្តិធម៌​នៅ​ក្នុង​ការ​បោះ​ឆ្នោត៖ «កាល​ពី​មុន ខ្ញុំ​គិត​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​តុលាការ​កំពូល​ដែល​សម្រាប់​ដោះស្រាយ​វិវាទ​បោះ​ឆ្នោត ក៏ប៉ុន្តែ​តាម​មើល​ទៅ ច្បាប់​បោះ​ឆ្នោត​កែ​រដ្ឋធម្មនុញ្ញ​ហ្នឹង​មាន​ន័យ​ថា កម្រិត​ព្រំដែន​បន្តិច​ដូច្នេះ វា​ទៅ​ជា គ.ជ.ប តុលាការ​កំពូល វិញ ប្រសិន​បើ​វា​អត់​មាន​ស្អី​ពី​លើ​ហ្នឹង»

ប្រធាន​សមាគម​យុវជន​ខ្មែរ លោក ម៉ាក ចំរើន យល់​ឃើញ​ថា សិទ្ធិ​អ្នក​បោះ​ឆ្នោត​ត្រូវ​បាន​បាត់​បង់ ដែល​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត ដូច​ករណី​ការ​បាត់​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ការ​រក​ឈ្មោះ​នៅ​ការិយាល័យ​បោះ​ឆ្នោត​មិន​ឃើញ ដែល​នេះ​ចាត់​ទុក​ថា​ជា​ដំណើរ​ការ​ធាក់​ថយ​ក្រោយ​មួយ​នៃ​ការ​ធានា​សិទ្ធិ​អ្នក​បោះ​ឆ្នោត៖ «បញ្ហា​នេះ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​ដល់​យុវជន​ជំនាន់​ក្រោយ ជា​ពិសេស​ធ្វើ​ឲ្យ​គាត់​បាត់​បង់​នូវ​ការ​តាំង​ចិត្ត​ឲ្យ​ការ​ចូល​រួម ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ប្រើប្រាស់​នូវ​សិទ្ធិ​ក្នុង​ការ​ចូល​រួម​សកម្មភាព​នយោបាយ ដែល​ធានា​ដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ»

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ថ្លែង​ថា ការ​រិះគន់​ណា​មួយ​ចំពោះ​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត ជា​សិទ្ធិ​របស់​អង្គការ​សង្គម​ស៊ីវិល។ ប៉ុន្តែ គ.ជ.ប បាន​ធ្វើ​តាម​ច្បាប់៖ «ខ្ញុំ​អត់​មាន​យោបល់​អី​ទៅ​លើ​ការ​ថ្លែង​របស់​គាត់​ទេ ព្រោះ​នេះ​ជា​ការ​យល់​ឃើញ​របស់​គាត់ ហើយ​មិន​មែន​ទាំងអស់​គ្នា​យល់​ឃើញ​ដូច​គាត់​ទេ។ គ.ជ.ប គ្រាន់​តែ​ត្រូវ​បាន​បង្កើត​ឡើង​ដោយសារ​ច្បាប់ និង​អនុវត្ត​តាម​ច្បាប់​តែ​ប៉ុណ្ណោះ»

បន្ទប់​ស្ថានការណ៍​នៃ​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល បាន​ផ្តល់​អនុសាសន៍​ឲ្យ​មាន​ការ​កែលំអ​ទម្រង់​បោះ​ឆ្នោត​សំខាន់​សម្រាប់​ធានា​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ ប្រកប​ដោយ​សេរី និង​យុត្តិធម៌ រួម​មាន ទី១ កំណែ​ទម្រង់ គ.ជ.ប គ្រប់​លំដាប់​ថ្នាក់ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។ ទី២ កែលំអ​ប្រព័ន្ធ​ផ្សព្វផ្សាយ ពិសេស​ទូរទស្សន៍ និង​វិទ្យុ ដោយ​មាន​គោល​នយោបាយ និង​គោលការណ៍​សមធម៌ តុល្យភាព និង​សេរី​សម្រាប់​ការ​ទទួល​បាន​ការ​ប្រើប្រាស់ និង​ការ​ផ្សព្វផ្សាយ។ ទី៣ កំណែ​ទម្រង់​យន្តការ​ដោះស្រាយ​ទំនាស់​វិវាទ និង​បណ្ដឹង​បោះ​ឆ្នោត​ឲ្យ​ឯករាជ្យ រួម​មាន​ការ​បង្កើត​យន្តការ​ប្រសិទ្ធភាព​មួយ សម្រាប់​ការ​អង្កេត​ពី​ភាព​មិន​ប្រក្រតី។ ទី៤ មាន​ច្បាប់​ដើម្បី​តម្លាភាព​ហិរញ្ញវត្ថុ និង​កំណត់​ការ​ចំណាយ​របស់​គណបក្ស​នយោបាយ ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត។ ទី៥ ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ចុះ​ឈ្មោះ និង​ការ​បង្កើត​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ដែល​អាច​កំណត់​បាន​អត្តសញ្ញាណ​អ្នក​បោះ​ឆ្នោត​ច្បាស់​លាស់ និង​មាន​ប័ណ្ណ​បោះ​ឆ្នោត។ ទី៦ ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ទី៧ មាន​ច្បាប់ ឬ​គោល​នយោបាយ​ដើម្បី​កំណត់​កូតា​ស្ត្រី​ជា​តំណាង​ជាប់​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។