ក្រុមអង្គការសង្គមស៊ីវិល ព្រមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថា បើស្ថាប័ននេះមិនដោះស្រាយ ឬទទួលយកអនុសាសន៍របស់សង្គមស៊ីវិលទៅកែសម្រួលទេ មានន័យថា ការបោះឆ្នោតសភានីតិកាលទី៥ មិនសេរី និងមិនយុត្តិធម៌ទេ។ ជាងនេះ ស្ថាប័ន គ.ជ.ប នឹងរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ ថាមិនឯករាជ្យ និងបម្រើឲ្យបក្សកាន់អំណាច។
ក្រុមអង្គការសង្គមស៊ីវិលចំនួន ៤ស្ថាប័ន បានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោះស្រាយ និងកែសម្រួលនូវអនុសាសន៍គន្លឹះពីរចំណុច ដើម្បីជំរុញឲ្យដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ មានឯករាជ្យ និងយុត្តិធម៌។
សមាគមអាដហុក (Adhoc) ការពារសិទ្ធិមនុស្ស គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (Comfrel) អង្គការនិកហ្វិច (Nicfec) និង អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) នៅថ្ងៃទី២ ខែឧសភា បានធ្វើសន្និសីទកាសែត និងចេញសេចក្តីថ្លែងការណ៍រួមគ្នាស្ដីពីការត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រឆ្នាំ២០១៣។
លោក ធន សារាយ ប្រធានសមាគមអាដហុក ស្ថិតក្នុងចំណោមអង្គការបីផ្សេងទៀត មានប្រសាសន៍ក្នុងសន្និសីទកាសែតនាសណ្ឋាគារអ៊ីមភឺរៀល (Imperial) ថា សេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល គឺស្នើឲ្យស្ថាប័ន គ.ជ.ប ដោះស្រាយ និងកែសម្រួលនូវអនុសាសន៍សំខាន់ពីរចំណុច។ ទី១ ស្នើឲ្យ គ.ជ.ប បិទបញ្ជីឈ្មោះបោះឆ្នោតផ្លូវការនៅតាមភូមិចាប់ពីពេលនេះតទៅ ដើម្បីផ្តល់ឱកាសដល់អ្នកបាត់ ឬខុសឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប ស្នើលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោត និងកែតម្រូវអត្តសញ្ញាណ និងទី២ ស្នើឲ្យ គ.ជ.ប អនុញ្ញាតឲ្យមានការចូលរួមពីគណបក្សនយោបាយមានអាសនៈក្នុងរដ្ឋសភាក្នុងគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យការតែងតាំងសមាជិកគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និងគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
លោក ធន សារាយ សង្កត់ធ្ងន់ថា បើស្ថាប័ន គ.ជ.ប មិនទទួលយកអនុសាសន៍សង្គមស៊ីវិលទៅកែសម្រួលទេ សង្គមស៊ីវិលនឹងស្នើទៅសហគមន៍អន្តរជាតិជួយមានវិធានការថែមទៀត៖ «រឿងពីរនេះ គឺជារឿងមួយដែលជួយឲ្យមានការជឿជាក់ឡើងវិញ និងមានការកក់ក្តៅមកវិញ និងមានភាពសេរី និងយុត្តិធម៌មកវិញ ដើម្បីឲ្យដំណើរការបោះឆ្នោតនេះមាននីត្យានុកូលភាព មានការទទួលស្គាល់ជាទូទៅពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិ។ អ៊ីចឹងហើយជាវត្ថុបំណងសំខាន់ដែលយើងលើកយកសំណើនេះ ដើម្បីជម្រាបជូនទៅគណបក្សនយោបាយ ពិសេស គ.ជ.ប ដើម្បីឲ្យមានការពិចារណាធ្វើយ៉ាងម៉េចលើកស្ទួយដំណើរការនេះឲ្យបានប្រសើរឡើងជាងអ្វីដែលយើងបានរៀបចំកន្លងមកនេះ»។
មិនទាន់មានការឆ្លើយតបពីថ្នាក់ដឹកនាំស្ថាប័ន គ.ជ.ប ចំពោះអនុសាសន៍របស់សង្គមស៊ីវិល ស្នើកែសម្រួលការងារបោះឆ្នោតអាណត្តិទី៥នេះទេ នៅថ្ងៃទី២ ខែឧសភា។ ប៉ុន្តែកន្លងមក លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មានប្រសាសន៍ថា សកម្មភាពរបស់ គ.ជ.ប គឺអនុវត្តតាមនីតិវិធីបោះឆ្នោត និងមិនស្ថិតក្រោមគំនាបគណបក្សនយោបាយណាមួយទេ។ ហើយថា គ.ជ.ប មិនអាចទទួលយកបាននូវអនុសាសន៍របស់សង្គមស៊ីវិល និងបក្សប្រឆាំង ស្នើកែសម្រួលការងារបោះឆ្នោតអាណត្តិទី៥នេះទេ។
លោក ហូរ វ៉ាន់ តំណាងគណបក្សសង្គ្រោះជាតិ បានព្រមានថា បើស្ថាប័ន គ.ជ.ប មិនកែសម្រួលអនុសាសន៍របស់គណបក្សប្រឆាំង និងសង្គមស៊ីវិលទេ នៅខែឧសភា នេះ បក្សសង្គ្រោះជាតិ នឹងធ្វើមហាបាតុកម្មទ្រង់ទ្រាយធំ ដើម្បីជំរុញឲ្យ គ.ជ.ប កែសម្រួលភាពមិនប្រក្រតីជុំវិញការងារបោះឆ្នោតឲ្យខាងតែបាន។ លោកសង្កត់ធ្ងន់ថា គណបក្សប្រឆាំងមិនអាចទទួលយកបានទេចំពោះសកម្មភាពមិនឯករាជ្យរបស់ស្ថាប័ន គ.ជ.ប ដែលបម្រើឲ្យបក្សកាន់អំណាចនោះ។
លោក ហូរ វ៉ាន់៖ «ដើម្បីឲ្យការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ ខ្ញុំសុំឲ្យលោកប្រធាន សម រង្ស៊ី ដែលជាគូរប្រកួតដ៏សំខាន់ជាមួយគណបក្សប្រជាជនកម្ពុជា បានចូល និងវិលមកប្រទេសវិញ ដើម្បីឲ្យហ្នឹង គឺមានការប្រកួតដោយស្មើភាព។ គណបក្សសង្គ្រោះជាតិ នឹងបន្តទាមទារក្នុងទ្រង់ទ្រាយធំតទៅទៀត។ ហើយក្នុងខែឧសភា នេះ យើងនឹងរៀបចំមហាបាតុកម្មទ្រង់ទ្រាយធំមួយទៀត។ ម្តងនេះ យើងមិនមែនសង្ឃឹមទៅលើ គ.ជ.ប ដែលអត់ចម្លើយរបៀបនេះទេ គឺយើងសង្ឃឹមទៅលើសហគមន៍អឺរ៉ុប សង្ឃឹមទៅលើអង្គការសហប្រជាជាតិ យើងសង្ឃឹមទៅលើអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ»។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នឹងប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ប៉ុន្តែ ការបោះឆ្នោតនេះក្រុមអង្គការសង្គមស៊ីវិល និងបក្សប្រឆាំង ចាត់ទុកថា មិនសេរី និងមិនយុត្តិធម៌ទេ ព្រោះមិនបានផ្តល់ឱកាសឲ្យមេដឹកនាំគណបក្សប្រឆាំង គឺលោក សម រង្ស៊ី បានចូលរួមប្រកួតប្រជែងការបោះឆ្នោតជាមួយបក្សកាន់អំណាចដោយស្មើភាពទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
