ចំណែកគណបក្សសង្គ្រោះជាតិ វិញ បានចោទប្រកាន់ថា រដ្ឋសភា និងរដ្ឋាភិបាលដែលទើបបង្កើតឡើងនេះ មិនស្របច្បាប់ទេ ពីព្រោះមិនអនុវត្តត្រឹមត្រូវតាមមាត្រាច្បាប់ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
តើមន្ត្រីសង្គមស៊ីវិល យល់យ៉ាងណាដែរចំពោះទំនាស់គ្នារបស់គណបក្សនយោបាយនេះ?
មន្ត្រីសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងអ្នកវិភាគឯករាជ្យមួយចំនួន មានយោបល់ថា ទំនាស់រវាងគណបក្សនយោបាយឈ្នះឆ្នោតទាំង២ នៅកម្ពុជា អាចដោះស្រាយបាន ប៉ុន្តែទាល់តែអ្នកដឹកនាំគណបក្សនយោបាយឈ្នះឆ្នោតទាំង២ អង្គុយជជែកគ្នា និងតម្កល់ផលប្រយោជន៍ជាតិជាធំ និងគោរពតាមឆន្ទៈអ្នកបោះឆ្នោតទាំងអស់ មិនមែនតែអ្នកគាំទ្រគណបក្សរៀងៗខ្លួននោះទេ។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការសង្កេតការណ៍បោះឆ្នោតមួយឈ្មោះ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល (COMFREL) មានប្រសាសន៍នៅថ្ងៃទី២៦ កញ្ញា ថា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាបាន ទាល់តែមានការជួបគ្នាជជែកគ្នា។ ការជជែកគ្នានោះ ដើម្បីយល់ពីគ្នា និងរកវិធីដោះស្រាយចំណុចខ្វែងទំនាស់គ្នានោះ។
លោក គល់ បញ្ញា បញ្ជាក់ថា អ្នកនយោបាយនៃគណបក្សឈ្នះឆ្នោតទាំង២ ត្រូវតែដូរឥរិយាបថក្នុងការធ្វើការងារជាមួយគ្នា ពីព្រោះដើម្បីសម្រេចបានការកែទម្រង់ ជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ គឺត្រូវធ្វើការតាមរបៀបពហុបក្ស ដោយមានការត្រួតពិនិត្យ និងតុល្យភាព។
លោក គល់ បញ្ញា លើកឡើងថា បើសិនជាការជួបគ្នាថ្នាក់កំពូលមានការលំបាក គួរចាប់ផ្តើមដោយមានការជួបគ្នាដោយមន្ត្រីថ្នាក់កណ្ដាល ដើម្បីរៀបចំបញ្ជីការចំណុចរួម និងចំណុចទំនាស់គ្នា មុនពេលអ្នកដឹកនាំជាន់ខ្ពស់ជួបគ្នា។
ចំណែក លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានយោបល់ថា ការខ្វែងគំនិតគ្នារបស់គណបក្សឈ្នះឆ្នោតទាំង២ គឺនៅលើចំណុចចែកអំណាចនៅក្នុងការគ្រប់គ្រងរដ្ឋតាមរបៀបត្រួតពិនិត្យ និងមានតុល្យភាព។ លោក អ៊ូ វីរៈ សង្កត់ធ្ងន់ថា ទំនាស់គ្នាខ្លាំង គឺការដណ្ដើមគ្នាគ្រប់គ្រងក្បាលម៉ាស៊ីនរដ្ឋសភា ដោយសារគណបក្សសង្គ្រោះជាតិ ចង់កាន់កាប់តំណែងដែលអាចមានសំឡេងគ្រប់គ្រាន់ ដើម្បីដឹកនាំឲ្យមានការសម្រេចនៅក្នុងរដ្ឋសភា ប៉ុន្តែ គណបក្សប្រជាជនកម្ពុជា មិនព្រមឡើយ។
លោក អ៊ូ វីរៈ បានរិះគន់ថា ទំនាស់គ្នានេះសំខាន់ចាប់ផ្ដើមពីចរិតអ្នកនយោបាយផ្ទាល់ដែរ ដោយពួកគេគ្មានទម្លាប់ក្នុងការនិយាយគ្នា តាមរបៀបបើកចំហ និងទទួលយកការរិះគន់តាមបែបប្រជាធិបតេយ្យ និងមានការយោគយល់គ្នា តាំងនាមឲ្យប្រជាពលរដ្ឋអ្នកបោះឆ្នោតគាំទ្រ ដើម្បីដឹកនាំប្រទេសឲ្យមានការរីកចម្រើន។
ចំណែក លោក កែម ឡី ជាអ្នកវិភាគនយោបាយឯករាជ្យវិញ មានយោបល់ថា គណបក្សឈ្នះឆ្នោតទាំង២ ត្រូវការគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងប្រទេស ក្នុងរយៈពេល ៥ឆ្នាំទៅមុខ។ ដូច្នេះ គណបក្សទាំងពីរត្រូវធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក ពីព្រោះសំឡេងឆ្នោតគាំទ្រនោះ មិនមានគម្លាតឆ្ងាយពីគ្នាឡើយ។
លោក កែម ឡី បានលើកឡើងថា គណបក្សនយោបាយទាំង២ មិនគួរប្រើប្រាស់សន្លឹកឆ្នោតគាំទ្រ ដើម្បីបង្កជាឧបសគ្គធ្វើឲ្យរាំងស្ទះគ្នាទៅវិញទៅមកឡើយ។ ហើយការចែកអំណាចក្នុងការធ្វើការងារ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនោះ គួរតែមានតុល្យភាព ដើម្បីឲ្យគណបក្សមួយអាចត្រួតពិនិត្យការងាររបស់គណបក្សមួយទៀតបាន ពីព្រោះដំណាក់កាលនេះវាជារបត់មួយថ្មី មិនមែនគណបក្សមួយកាន់អំណាចក្នុងរដ្ឋាភិបាល ហើយចាំឲ្យរដ្ឋសភាសម្រេចតាមតែចិត្តខ្លួនចង់បាននោះទេ។
លោក កែម ឡី បានវិភាគថា បើសិនជាគណបក្សសង្គ្រោះជាតិ មិនបានទទួលអំណាចដែលអាចចាត់ចែងត្រួតពិនិត្យការងាររដ្ឋាភិបាលបានទេ គឺគណបក្សសង្គ្រោះជាតិ មិនចូលរួមក្នុងរដ្ឋសភានោះទេ ពីព្រោះបើទទួលតំណែងមួយចំនួននៅក្នុងក្បាលម៉ាស៊ីនរដ្ឋសភា ហើយមិនអាចសម្រេចការងារបាន ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ គឺគណបក្សសង្គ្រោះជាតិ ប្រហែលជាសុខចិត្តនៅធ្វើជាសមាជិកសភាសាមញ្ញ ហើយធ្វើការតវ៉ាតាមដងផ្លូវទៅវិញ។
ទាក់ទងជាមួយទំនាស់គណបក្សនយោបាយឈ្នះឆ្នោតទាំង២ នេះ លោក ជាម យៀប សមាជិកជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការហិរញ្ញវត្ថុរបស់រដ្ឋសភា មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា នៅតែមានការរង់ចាំ និងស្វាគមន៍ការចូលរួមរបស់គណបក្សសង្គ្រោះជាតិ ក្នុងរដ្ឋសភា។ ប៉ុន្តែ ទាក់ទងជាមួយការមានតុល្យភាពអំណាចក្នុងរដ្ឋសភានោះ លោកបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា មិនអាចចែកអំណាចស្មើគ្នារវាងគណបក្សទាំង២ ទៅឲ្យគណបក្សសង្គ្រោះជាតិ ទេ។
លោក ជាម យៀប បានបដិសេធចំពោះការលើកឡើងថា សភាជាតិនេះមានគណបក្សតែមួយ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ទំនាស់នេះអាចដោះស្រាយបាន ទាល់តែគណបក្សប្រជាជនកម្ពុជា ទទួលស្គាល់ថា ការបោះឆ្នោតលើកនេះ គឺគណបក្សប្រជាជនកម្ពុជា មិនមែនជាអ្នកឈ្នះឆ្នោតឡើយ។ លោកស្វាគមន៍ការជួបជជែកគ្នា ប៉ុន្តែគោលបំណងរបស់គណបក្សសង្គ្រោះជាតិ សំខាន់មិនមែនតំណែងក្នុងក្បាលម៉ាស៊ីនសភានោះទេ គឺអំណាចក្នុងការធ្វើការងារដើម្បីទប់កុំឲ្យគណបក្សប្រជាជនកម្ពុជា ធ្វើអ្វីតាមទំនើងចិត្តដូចអាណត្តិមុនៗ។
មកទល់ពេលនេះ គណបក្សប្រជាជនកម្ពុជា បានបង្កើតរដ្ឋសភា និងរដ្ឋាភិបាល សម្រាប់បំពេញការងារក្នុងអាណត្តិទី៥ បានរួចរាល់ចប់សព្វគ្រប់ហើយ ប៉ុន្តែ មតិមជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួន បានរិះគន់ថា រដ្ឋសភា និងរដ្ឋាភិបាលនេះ មិនមានលក្ខណៈត្រឹមត្រូវតាមច្បាប់ពេញលេញឡើយ ដោយសារបាត់ភាគីគណបក្សនយោបាយឈ្នះឆ្នោតមួយទៀត ដែលតំណាងឲ្យអ្នកបោះឆ្នោតជិត ៣លាននាក់ ចូលរួមធ្វើការងារជាមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
