ការជួបជុំប្រារព្ធពិធីបន់ស្រន់តាមបែបព្រះពុទ្ធសាសនានេះ ស្របពេលដែលការបោះឆ្នោតបានបញ្ចប់ទៅ ហើយលទ្ធផលបោះឆ្នោតបណ្ដោះអាសន្នបានប្រកាសកាលពីថ្ងៃទី១២ ខែសីហា នៅមានភាពចម្រូងចម្រាសច្រើន។ ពិធីជួបជុំនេះ បានកើតឡើងពេលដែលមានពាក្យចចាមអារ៉ាមជាច្រើន អំពីការភ័យព្រួយថាមានបាតុកម្មប្រឆាំងទៅនឹងលទ្ធផលឆ្នោត និងមានវត្តមានកងកម្លាំងប្រដាប់អាវុធច្រើនខុសធម្មតានៅតាមចំណុចសំខាន់ៗមួយចំនួននៅរាជធានីភ្នំពេញ។
នៅថ្ងៃនេះ ក្រុមការងារដើម្បីសន្តិភាពដែលមាន អង្គការសង្គមស៊ីវិល សហព័ន្ធសហជីព តំណាងសហគមន៍រងគ្រោះដីធ្លី ដូចជា តំបន់បឹងកក់ បុរីកីឡា ថ្មគោល និងបឹងឈូក រួមទាំងប្រជាពលរដ្ឋនានាជាង ២០០នាក់ បានជួបជុំគ្នាប្រារព្ធពិធីនៅខាងមុខនាឡិការមណីយដ្ឋានវត្តភ្នំ ដើម្បីបួងសួងសុំសន្តិភាព និងផ្ញើសារសន្តិភាពដល់រដ្ឋាភិបាល និងអ្នកនយោបាយឲ្យប្រកាន់ជំហរអត់ធ្មត់ និងអហិង្សា បន្ទាប់ពីប្រកាសលទ្ធផលឆ្នោតបណ្ដោះអាសន្ន។
ការធ្វើពិធីបួងសួងនៅល្ងាចថ្ងៃទី២១ នេះ គឺដោយប្រជាពលរដ្ឋមានការព្រួយបារម្ភជុំវិញសុវត្ថិភាព ក៏ដូចជាសន្តិសុខនៅក្នុងប្រទេស ដោយសារតែថ្មីៗនេះ រដ្ឋាភិបាលបានដាក់កម្លាំងទាហាន រថក្រោះ រថពាសដែក ចល័តនៅទីក្រុងភ្នំពេញ បន្ទាប់ពីមានការលើកឡើងពីបក្សប្រឆាំងជាច្រើនលើកថា នឹងមានមហាបាតុកម្មប្រឆាំងទៅនឹងលទ្ធផលឆ្នោត។
យ៉ាងណា នៅក្នុងពិធីនេះ គេក៏បានភ្ជាប់ទៅនឹងបញ្ហារបស់យុវជន ៤នាក់ ដែលត្រូវបានរដ្ឋាភិបាលចោទពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្ដួលរលំរដ្ឋាភិបាល ក្នុងគ្រាដែលពួកគេប៉ុនប៉ងចែកផ្កា និងទឹកសុទ្ធជូនកម្លាំងសមត្ថកិច្ច ដើម្បីសុំសន្តិភាពផងដែរ ដោយថា សេរីភាពតស៊ូមតិ និងបញ្ចេញមតិនៅកម្ពុជា នៅមានកម្រិត។
អ្នកចូលរួមពិធីបួងសួងនេះ បាននាំយកមកជាមួយនូវទង់សាសនា ទង់ជាតិ ទាន ធូប និងផ្កាឈូក ដើម្បីបួងសួងសុំសន្តិភាពទៅវត្ថុស័ក្ដិសិទ្ធិនៅខាងមុខវត្តភ្នំ និងខ្លះលើកបដាសរសេរជាភាសាខ្មែរ និងអង់គ្លេស ផងថា យើងត្រូវការយុត្តិធម៌ និងសេរីភាព។
ពិធីដូចគ្នានេះ គឺគេបានរៀបចំធ្វើនៅព្រះអង្គចេក ព្រះអង្គចម នៅឯខេត្តសៀមរាប ដែរ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ដែលបានចូលរួមក្នុងកម្មវិធីនេះ បានថ្លែងថា គោលដៅសំខាន់ឲ្យពួកគាត់ គឺសុំតែសន្តិភាព និងយុត្តិធម៌ បន្ទាប់ពីបោះឆ្នោតតែប៉ុណ្ណោះ។
ពិតណាស់ សន្តិភាព និងសេចក្ដីសុខសាន្តសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ គឺសេចក្ដីត្រូវការចម្បងក្នុងពេលនេះ។ ប្រជាពលរដ្ឋម្នាក់ ដែលបានបន់ស្រន់នៅរមណីយដ្ឋានវត្តភ្នំដែរ បានបញ្ជាក់បន្ថែមពីបំណងរបស់អ្នកស្រី។
«សំឡេង»
ថ្វីត្បិតមានការភ័យខ្លាច ហើយពលរដ្ឋបានចូលរួមប្រារព្ធពិធីតាមបែបសាសនាមួយនេះក្ដី មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សបានវាយតម្លៃថា វាជាឧបករណ៍កសាងសន្តិភាព ដែលមានប្រសិទ្ធភាព។ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាប់អារម្មណ៍ដូច្នេះ។
«សំឡេង»
នៅខាងក្រៅហ្វូងមហាជន មានអ្នកស្លៀកពាក់ស៊ីវិល ដែលមានវិទ្យុទាក់ទង ឈររេរាថតរូបភាព និងសកម្មភាពអ្នកចូលរួម ដែលយើងអាចសន្និដ្ឋានបានថា ជាមន្ត្រីកម្លាំងសមត្ថកិច្ច ដោយគាត់បានរាយការណ៍ថា សមាសភាពអ្នកដឹកនាំដដែល។ យ៉ាងណាក៏ដោយ ពិធីនេះ បានប្រព្រឹត្តទៅតាំងពីដើមដល់ចប់ដោយរលូន។
ក្រុមការងារនេះ បានអះអាងថា នឹងរៀបចំពិធីដដែលនេះជាថ្មីទៀតនៅថ្ងៃសីលក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
