សង្គម​ស៊ីវិល​បួង​សួង​សុំ​សន្តិភាព​និង​យុត្តិធម៌​លើក​ទី៣

សមាជិក​អង្គការ​សង្គម​ស៊ីវិល ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចាស់​ក្មេង ប្រុស​ស្រី​ជាង ២០០​នាក់ បាន​ចូល​រួម​ក្នុង​ពិធី​បួង​សួង​ដើម្បី​សុំ​ឲ្យ​មាន​សន្តិភាព និង​យុត្តិធម៌ ជា​លើក​ទី​៣ នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា។

0:00 / 0:00

ការ​ជួប​ជុំ​ប្រារព្ធ​ពិធី​បន់ស្រន់​តាម​បែប​ព្រះពុទ្ធ​សាសនា​នេះ ស្រប​ពេល​ដែល​មាន​ការ​ប្រកាស​ពី​គណបក្ស​សង្គ្រោះ​ជាតិ ថា នឹង​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ជំរុញ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​អំឡុង​ពេល​បោះ​ឆ្នោត។

«សំឡេង​ស្គរ»

សំឡេង​ស្គរ​បាន​បន្លឺ​ឡើង​ចំនួន ៣​ដង អ្នក​បួង​សួង​សុំ​សន្តិភាព​បាន​ធ្វើ​សមាធិ រួច​ដើរ ៣​ជុំ​រមណីយដ្ឋាន​វត្ត​ភ្នំ ស្រែក​សុំ​យុត្តិធម៌ សន្តិភាព ភាព​សុខសាន្ត​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ប្រទេស​ជាតិ​គ្មាន​សង្គ្រាម​គ្មាន​ភាព​វឹកវរ។

«សំឡេង»

នៅ​ថ្ងៃ​នេះ ក្រុម​ការងារ​ដើម្បី​សន្តិភាព​ដែល​មាន​អង្គការ​សង្គម​ស៊ីវិល សហព័ន្ធ​សហជីព តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី ដូច​ជា តំបន់​បឹងកក់ បុរីកីឡា ថ្ម​គោល និង​បឹង​ឈូក រួម​ទាំង​ប្រជាពលរដ្ឋ​នានា ជាង ២០០​នាក់ បាន​ជួប​ជុំ​គ្នា​ប្រារព្ធ​ពិធី​នៅ​ខាង​មុខ​នាឡិកា​រមណីយដ្ឋាន​វត្ត​ភ្នំ ដើម្បី​បួង​សួង​សុំ​សន្តិភាព និង​ផ្ញើ​សារ​សន្តិភាព​ដល់​អ្នក​នយោបាយ​ធំ​ទាំង​២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ សម្រប​សម្រួល​គ្នា​ភ្លាមៗ​មួយ ដើម្បី​រក​ច្រក​ដោះស្រាយ​មុន​ពេល​ជម្លោះ​នយោបាយ​ឈាន​ដល់​ភាព​ធ្ងន់ធ្ងរ។

ការ​ធ្វើ​ពិធី​បួង​សួង​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ នេះ គឺ​ដោយ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ជុំវិញ​សុវត្ថិភាព ក៏​ដូច​ជា​សន្តិសុខ​នៅ​ក្នុង​ប្រទេស ដោយសារ​តែ​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ដាក់​កម្លាំង​ទាហាន រថក្រោះ រថពាសដែក ចល័ត​នៅ​ទីក្រុង​ភ្នំពេញ បន្ទាប់​ពី​មាន​ការ​លើក​ឡើង​ពី​បក្ស​ប្រឆាំង​ជា​ច្រើន​លើក​ថា នឹង​មាន​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត។

អ្នក​ចូល​រួម​ពិធី​បួង​សួង​នេះ បាន​នាំ​យក​មក​ជាមួយ​នូវ​ទង់​សាសនា ទង់​ជាតិ ទាន ធូប និង​ផ្កា​ឈូក ដើម្បី​បួង​សួង​សុំ​សន្តិភាព​ទៅ​វត្ថុ​ស័ក្តិសិទ្ធិ​នៅ​ខាង​មុខ​វត្ត​ភ្នំ និង​ខ្លះ​លើក​បដា​សរសេរ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​ផង​ថា យើង​ត្រូវ​ការ​យុត្តិធម៌ និង​សេរីភាព។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក យ៉េង វីរៈ ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ដែរ បាន​ថ្លែង​ថា វា​ជា​ការ​ប្រពៃ​ណាស់​ដែល​ពលរដ្ឋ​មាន​ជំនឿ​សាសនា​ខុសៗ​គ្នា និន្នាការ​នយោបាយ​ផ្សេងៗ​គ្នា បាន​មក​រួម​គ្នា​ធ្វើ​ពិធី​បួង​សួង​នេះ ដោយសារ​តែ​ការ​ខ្វល់​ខ្វាយ​ពី​ភាព​តានតឹង​នៅ​ក្នុង​សង្គម និង​ភាព​ចាំបាច់​បន្ទាប់​ពី​បោះ​ឆ្នោត។

នៅ​ក្នុង​ហ្វូង​មហាជន ក្រៅ​ពី​អ្នក​សារព័ត៌មាន មាន​អ្នក​ស្លៀកពាក់​ស៊ីវិល ដែល​មាន​វិទ្យុ​ទាក់ទង​ឈរ​រេរា​ថត​រូបភាព និង​ថត​សកម្មភាព​អ្នក​ចូល​រួម​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដែល​យើង​អាច​សន្និដ្ឋាន​បាន​ថា​ជា​មន្ត្រី​កម្លាំង​សមត្ថកិច្ច។ យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​បួង​សួង​បាន​បន្ត​ដំណើរ​ទៅ​ស្ថានទូត​អាមេរិក ទៀត ដោយ​អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក ជួយ​អន្តរាគមន៍​រក​យុត្តិធម៌ សន្តិភាព ឃ្លាំ​មើល​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។