សង្គម​ស៊ីវិល៖ កម្ពុជា​នឹង​មិន​មាន​សង្គ្រាម​ទេ​ប្រសិន​បើ​មាន​អ្នក​ដឹកនាំ​ថ្មី

មន្ត្រី​សង្គម​ស៊ីវិល ដែល​ធ្វើការ​ផ្ទាល់​នៅតាម​មូលដ្ឋាន​បញ្ជាក់​ថា កម្ពុជា​ពិតជា​មិន​អាច​មាន​សង្គ្រាម​កើត​ឡើង​ទេ ទោះបី​គណបក្ស​ណា​ជាប់​ឆ្នោត​ក៏ដោយ។

ប្រតិកម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ម្តង​ហើយ​ម្តង​ទៀត​ថា ប្រទេស​កម្ពុជា នឹង​កើត​សង្គ្រាម ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត​នៅ​ពេល​ខាង​មុខ។

នាយិកា​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​ទី​១៥ កញ្ញា ថា ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​មាន​ការ​យល់​ដឹង​ច្រើន​អំពី​លទ្ធិប្រជាធិបតេយ្យ និង​ពុំ​មាន​ក្រុម​ណា ឬ​ពលរដ្ឋ​ណា មាន​អាវុធ​ដើម្បី​ធ្វើ​សង្គ្រាម​នោះ​ឡើយ៖ «ខ្ញុំ​មិន​ឃើញ​ថា មាន​លក្ខណៈ​អ្វី​បង្ក​ឲ្យ​មាន​សង្គ្រាម​ឡើង​វិញ។ ខ្ញុំ​មាន​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​គាត់​និយាយ​អ៊ីចឹង តើ​គាត់​មើល​ឃើញ​អ្វី​ដែល​យើង​មើល​មិន​ឃើញ។ ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ដោយ​ការ​ជ្រើសរើស​តំណាង​ប្រទេស គឺ​ជា​រឿង​ដែល​ប្រជាពលរដ្ឋ​ជា​អ្នក​ជ្រើសរើស និង​ទទួល​យក​ទៅ​ហើយ...»

ចំណែក​មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ក៏​យល់​ឃើញ​ដូចគ្នា​ដែរ​ថា កម្ពុជា​មិន​អាច​កើត​មាន​សង្គ្រាម​ឡើង​វិញ​នោះ​ទេ ទោះ​បី​ជា​មាន​អ្នក​ដឹកនាំ​ថ្មី​ក៏ដោយ។ ប្រការ​ដែល​លោក ហ៊ុន សែន លើក​ឡើង​ដូច្នេះ គឺ​ជា​ការ​គំរាមកំហែង៖ «ខ្ញុំ​គិត​ថា វា​មិន​អ៊ីចឹង​ទេ ឲ្យ​មេដឹកនាំ​គិតគូរ​ពី​ផលប្រយោជន៍​ជាតិ។ បើ​យើង​គិត​អ៊ីចឹង តើ​រៀបចំ​ការ​បោះឆ្នោត​ធ្វើ​អី? ការ​បោះឆ្នោត គឺ​មាន​ចាញ់ និង​ឈ្នះ កាល​ណា​ជាប់​នរណា​ក៏ដោយ ពីព្រោះ​គ្មាន​នរណា​ស្រឡាញ់​សង្គ្រាម ដោយសារ​ខ្មែរ​ឆ្លង​កាត់​ជា​ច្រើន​ដំណាក់កាល​ទៅ​ហើយ។ ដូច​ខ្ញុំ​ថា​អ៊ីចឹង គួរ​ណាស់​បញ្ឈប់​ចិត្តសាស្ត្រ ឬ​គំរាមកំហែង​លើ​ពលរដ្ឋ នេះ​ប្រហែលជា​គាត់​យល់​ឃើញ​អំពី​ផ្នត់គំនិត​ប្រជាពលរដ្ឋ​ដែល​បាក់ស្បាត​សង្គ្រាម​រ៉ាំរ៉ៃ​មក​ហើយ...»

​ចំណែក​អ្នក​តាម​ដាន​ការវិវត្តន៍​នយោបាយ​និង​សង្គម ព្រមទាំង​មន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចាត់​ទុក​ថា ការ​ថ្លែង​របស់លោក ហ៊ុន សែន គឺ​ជា​សារ​គំរាមកំហែង បំភិតបំភ័យ​ដល់​ប្រជាពលរដ្ឋ និង​មិន​ផ្តល់​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។