មន្ត្រីតំណាងអង្គការមិនមែនរដ្ឋាភិបាលដែលបានចូលរួមរៀបចំរបាយការណ៍ទាក់ទងការបោះឆ្នោតហៅថា របាយការណ៍សម្ព័ន្ធកំណែទម្រង់បោះឆ្នោត ឬហៅកាត់ថា អ៊ីរ៉ា (ERA) នៅថ្ងៃទី២៩ មករា ច្រានចោលចំពោះការចោទប្រកាន់ថា របាយការណ៍ទាក់ទងការបោះឆ្នោតរបស់នោះ បំភ្លៃការពិត ភូតកុហកសាធារណៈមតិជាតិ អន្តរជាតិ និងដើម្បីគាប់ចិត្តអ្នកនយោបាយគណបក្សប្រឆាំងនៅកម្ពុជា។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតឈ្មោះ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) មានប្រសាសន៍ថា របាយការណ៍សម្ព័ន្ធកំណែទម្រង់បោះឆ្នោត ឬ អ៊ីរ៉ា នោះ មានលក្ខណៈពិត និងទិន្នន័យទាំងអស់ដែលមាននៅក្នុងរបាយការណ៍នោះ សុទ្ធតែមានការផ្ទៀងផ្ទាត់ត្រឹមត្រូវតាមលក្ខណៈវិទ្យាសាស្ត្រ ហើយមានទិន្នន័យមួយចំនួនបានយកមកពីស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៀតផង។
លោក គល់ បញ្ញា៖ «អានេះវារឿងពិត ហើយយើងឃើញរបស់ពិតនេះ ហើយភស្តុតាងទាំងអស់នេះ យើងបូកសរុបទៅឃើញវាមានបញ្ហាទាក់ទងលទ្ធផលការបោះឆ្នោត។ ហើយក្រៅពីផ្សាយរបាយការណ៍ យើងក៏បានផ្ដល់អនុសាសន៍ដែរ ដើម្បីផ្ដល់ការទុកចិត្ត ដើម្បីការបោះឆ្នោតមួយដោយសេរី និងទទួលបានយុត្តិធម៌។ រដ្ឋាភិបាលនិងគណបក្សប្រជាជន គួរយកចិត្តទុកដាក់ចំពោះអនុសាសន៍របស់យើងផង»។
លោក គល់ បញ្ញា បានអំពាវនាវឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលយកអនុសាសន៍ទាក់ទងការបោះឆ្នោត ដែលអង្គការសង្គមស៊ីវិលលើកឡើងក្នុងរបាយការណ៍នោះ ដើម្បីធ្វើការពិនិត្យពីការខ្វះខាត ហើយធ្វើការកែលំអ ដើម្បីឲ្យការបោះឆ្នោតលើកក្រោយមានភាពត្រឹមត្រូវ ប្រកបដោយភាពយុត្តិធម៌ និងគ្រប់គណបក្សចូលរួមប្រកួតអាចទទួលយកលទ្ធផលបាន។
ចំណែកលោក ហង្ស ពុទ្ធា នាយកអង្គការឃ្លាំមើលការបោះឆ្នោតឈ្មោះ គណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (NICFEC) មានប្រសាសន៍ថា អង្គការមិនមែនរដ្ឋាភិបាល មិនមែនជាអង្គការដែលចង់ដណ្ដើមអំណាចពីរដ្ឋាភិបាល ដើម្បីគ្រប់គ្រងប្រទេសឡើយ ហើយលោកមានជំនឿថា របាយការណ៍ទាក់ទងការបោះឆ្នោតរបស់សម្ព័ន្ធកំណែទម្រង់បោះឆ្នោត ឬ អ៊ីរ៉ា នោះ មិនបានធ្វើឲ្យមន្ត្រីរដ្ឋាភិបាលដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា នោះយល់ស្របតាមបានទេ។
លោក ហង្ស ពុទ្ធា ពន្យល់បន្ថែមថា បើទោះបីជាមានប្រតិកម្មពីសំណាក់មន្ត្រីកាន់អំណាចមកពីគណបក្សប្រជាជនកម្ពុជា ក៏នេះជាមេរៀនមួយដែលមន្ត្រីធ្វើការទាក់ទងការបោះឆ្នោតត្រូវគិតពិចារណា ដើម្បីឲ្យការបោះឆ្នោតលើកក្រោយមានភាពល្អជាងបានដែរ៖ «ខ្ញុំយល់ថា ទីស្ដីការគណៈរដ្ឋមន្ត្រីពោរពេញទៅដោយឥទ្ធិពលគណបក្សកាន់អំណាច អ៊ីចឹងគេមិនយល់ស្របជាមួយរបាយការណ៍របស់ អ៊ីរ៉ា ទេ។ ហើយជំហររបស់ អ៊ីរ៉ា គឺយើងធ្វើការងារខាងបច្ចេកទេស។ អ្វីដែលយើងរកឃើញ គឺយើងបង្ហាញជាសាធារណៈ ហើយគោលបំណងរបស់ NGO គឺចង់ឲ្យការបោះឆ្នោតនោះវាល្អ»។
រីឯលោកស្រី ពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ដែលជាអង្គការមួយចូលរួមរៀបចំរបាយការណ៍សម្ព័ន្ធកំណែទម្រង់បោះឆ្នោតដែរនោះ មានប្រសាសន៍ថា លោកស្រីមានការសោកស្ដាយចំពោះការចោទរបស់មន្ត្រីរដ្ឋាភិបាលទៅលើរបាយការណ៍ទាក់ទងការបោះឆ្នោតនោះ។ លោកស្រីច្រានចោលការចោទប្រកាន់ថា អង្គការមិនមែនរដ្ឋាភិបាលបានកុហកប្រជាពលរដ្ឋ និងគាំទ្រគណបក្សនយោបាយមួយនៅក្នុងចំណោមគណបក្សនយោបាយ ២ ដែលឈ្នះនៅក្នុងការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ។
លោកស្រី ពុង ឈីវកេក៖ «ចូលរួមក្នុងនោះមានអង្គការលីកាដូមួយដែរ។ យើងបានធ្វើការងារយ៉ាងម៉ត់ចត់ ខ្ញុំអត់មានបារម្ភថា អង្គការខ្ញុំធ្វើការងារនេះដើម្បីគាំទ្រគណបក្សណាមួយទេ។ ខ្ញុំសោកស្ដាយណាស់ មានការចោទប្រកាន់អ៊ីចឹង»។
ប្រតិកម្មរបស់តំណាងអង្គការសង្គមស៊ីវិលមួយចំនួន កើតមានដោយសារកាលពីថ្ងៃទី២៨ មករា លោក សុខ អាន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី បានជួបបកស្រាយបំភ្លឺនៅទីស្ដីការគណៈរដ្ឋមន្ត្រីជាមួយមន្ត្រីមកពីស្ថាប័ននានា របស់រដ្ឋប្រមាណ ១.៥០០នាក់ អំពីរបាយការណ៍របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត និងបកស្រាយពន្យល់អំពីស្ថានការណ៍នយោបាយពិតនៅកម្ពុជា តបចំពោះចំណុចមួយចំនួនដែលមានសរសេរនៅក្នុងរបាយការណ៍របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត។
ការបកស្រាយរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានផ្សព្វផ្សាយតាមបណ្ដាញទូរទស្សន៍ជាច្រើន និងបោះពុម្ពផ្សាយតាមកាសែតក្នុងស្រុកមួយចំនួនផងដែរ។ ក្រៅពីនោះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានផ្សព្វផ្សាយអត្ថបទបកស្រាយរបស់លោក សុខ អាន ដែរ៖ «អ៊ីចឹងយើងក៏គួរតែមានទេពកោសល្យបកស្រាយការពិតនេះឲ្យឃើញថាការពិតវាអ៊ីចេះទេ អ៊ីចឹងអ្វីគេនិយាយនោះវាពីរោះបន្តិចដែរ តែកុហកទេ»។
នៅក្នុងអត្ថបទបកស្រាយចំនួន ៥ទំព័រ ដែលផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី មានខ្លឹមសារចំណុចមួយចំនួនដែលលោក សុខ អាន បានរិះគន់ចំពោះរបាយការណ៍សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតរបស់អង្គការមិនមែនរដ្ឋាភិបាល។ ចំណុចចោទប្រកាន់ និងបកស្រាយដែលលោក សុខ អាន លើកឡើងទាំងនោះ មានជាអាទិ៍ លោកថាទី១ របាយការណ៍របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនោះ ចោទប្រកាន់ថា គ.ជ.ប ធ្វើការពុំមានតម្លាភាព ទី២ របាយការណ៍នោះចោទថា បណ្ដាញផ្សព្វផ្សាយក្នុងពេលបោះឆ្នោតមិនមានតុល្យភាព ទី៣ ការចោទប្រកាន់ថាមានមនុស្សបាត់ឈ្មោះមិនបានបោះឆ្នោតជាដើម។
លោក សុខ អាន បានចោទប្រកាន់ថា អ្នករៀបចំរបាយការណ៍នោះប្រកាសថា ខ្លួនជាអង្គការឯករាជ្យ តែតាមប្រភពព័ត៌មានឲ្យដឹងថា ប្រធានអង្គការមួយដែលចងក្រងរបាយការណ៍នោះ ធ្លាប់បានប្រជុំពេលថ្មីៗជាមួយលោក កឹម សុខា និងលោក សម រង្ស៊ី ដើម្បីផ្ដល់យោបល់ថា ធ្វើដូចម្ដេចដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលតាមរបៀបអំណាចប្រជាជន ឬបដិវត្តពណ៌។
អង្គការសង្គមស៊ីវិលជាច្រើនបានរកឃើញថា ការបោះឆ្នោតនៅកម្ពុជា កន្លងទៅ មិនមានភាពប្រក្រតីលើកលែងតែក្នុងឆ្នាំ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់ប៉ុណ្ណោះ។ ភាពមិនប្រក្រតីទាំងនោះ បានធ្វើឲ្យគណបក្សមួយមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយឈានដល់ការធ្វើបាតុកម្មជាដើម។
កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៣ កន្លងទៅ អង្គការសង្គមស៊ីវិលប្រមាណ ២០ បានរួមគ្នាស្រាវជ្រាវ និងចេញផ្សាយរបាយការណ៍មួយទាក់ទងការបោះឆ្នោតនៅកម្ពុជា និងបានចាត់ទុកការគ្រប់គ្រងរបស់ស្ថាប័នរៀបចំការបោះឆ្នោតនៅកម្ពុជា ថាមានភាពលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា។
របាយការណ៍របស់សម្ព័ន្ធកំណែទម្រង់ប្រព័ន្ធការបោះឆ្នោតដែលចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ បានបង្ហាញថា ការបោះឆ្នោតនៅកម្ពុជា កន្លងទៅភាគច្រើនទទួលពាក្យរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ ទៅលើការគ្រប់គ្រងការបោះឆ្នោត។ មានបញ្ហាជាច្រើនដែលធ្វើឲ្យដំណើរការបោះឆ្នោតនៅកម្ពុជា មិនសូវមានទំនុកទុកចិត្ត រួមមានការបដិសេធប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ការបញ្ចូលអ្នកគ្មានឈ្មោះបោះឆ្នោត ឬមានឈ្មោះស្ទួននៅក្នុងបញ្ជីបោះឆ្នោតជាដើម។ បញ្ហាទាំងអស់នេះ បានធ្វើឲ្យសំឡេងឆ្នោតទទួលបានខុសគ្នាចំនួនបីសែនសំឡេង ហើយលទ្ធផលនេះបានធ្វើឲ្យគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មដើម្បីកំណែទម្រង់ប្រព័ន្ធបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
