អង្គការ​៧​អំពាវនាវ​ឲ្យ​តុលាការ​ដោះលែង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​៥​​រូប

អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន ៧ បាន​អំពាវនាវ​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោះលែង​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ ៥​នាក់ ដែល​ចៅក្រម​កំពុង​ស៊ើបសួរ​នៅ​ថ្ងៃ​នេះ និង​សុំ​ឲ្យ​លើកលែង​ការ​ចោទ​ប្រកាន់។

ញត្តិ​របស់​អង្គការ​សង្គម​ស៊ីវិល ចុះ​ថ្ងៃ​ទី​១៦ កក្កដា រៀបរាប់​ថា បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ ៥​នាក់ មិន​មាន​កំហុស​ដូច​អាជ្ញាធរ​បាន​ចោទ​ប្រកាន់​ថា បាន​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​នោះ​ទេ។

បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ ៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា នៅ​ពេល​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើង​វិញ ដែល​រដ្ឋាភិបាល​បាន​បិទ​តាំង​ពី​ដើម​ឆ្នាំ​២០១៤ មក។

នៅ​ថ្ងៃ​ទី​១៦ កក្កដា នេះ​ដែរ រដ្ឋាភិបាល​បាន​ធ្វើ​សន្និសីទ​កាសែត​ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​ថា មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​គិត​ទុក​ជា​មុន ធ្វើ​ឲ្យ​មាន​ការ​ប្រយុទ្ធ​រវាង​កម្លាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​កង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ ធ្វើ​ឲ្យ​របួស​កង​សន្តិសុខ​ចំនួន ៣៨​នាក់ នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។