សង្គម​ស៊ីវិល​ជំរុញ​ឲ្យ គ.ជ.ប កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត

ក្រុម​ឃ្លាំ​មើល​ដំណើរ​ការ​ប្រជាធិបតេយ្យ និង​គណបក្ស​នយោបាយ​មួយ​ចំនួន បាន​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា ពី​ថ្នាក់​ជាតិ រហូត​ដល់​ថ្នាក់​មូលដ្ឋាន​ប្រកប​ដោយ​ភាព​អព្យាក្រឹត្យ​ឥត​លំអៀង។

0:00 / 0:00

ពួក​គេ​និយាយ​ថា ដើម្បី​ឲ្យ​យន្តការ​រៀបចំ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ការ​ជឿ​ទុក​ចិត្ត​បាន លុះត្រា​តែ គ.ជ.ប មិន​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់​អំណាច ហើយ​សមាសភាព​របស់ គ.ជ.ប ត្រូវ​មាន​តុល្យភាព​រវាង​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា។

នៅ​សល់​តែ​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ សង្វៀន​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ។ បេក្ខជន​ដែល​ចូល​ប្រឡូក​ក្នុង​កីឡា​បោះឆ្នោត​សម្រាប់​នីតិកាល​ទី៥ លើក​នេះ ទាមទារ​ឲ្យ​អាជ្ញា​កណ្ដាល​របស់​ខ្លួន គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ពន្យារ​ពេល​ការ​បោះឆ្នោត ដើម្បី​យក​ពេល​កែ​សម្រួល​យន្តការ​ឯករាជ្យ ដើម្បី​ឲ្យ​គូ​ប្រកួត​ទាំង​សង​ខាង​អាច​ទទួល​យក​បាន​ដោយ​ពេញ​ចិត្ត។

ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា វាយ​តម្លៃ​ថា ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​យុត្តិធម៌​នោះ​បាន លុះត្រា​តែ គ.ជ.ប បង្កើត​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី ដោយសារ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចាស់​បាន​ធ្វើ​ឲ្យ​បាត់​ឈ្មោះ​អ្នក​មាន​សិទ្ធិ​ទៅ​បោះឆ្នោត រហូត​ដល់​ជាង ១​លាន​នាក់ នៅ​ទូទាំង​ប្រទេស។

ក្រុម​អ្នក​សង្កេតការណ៍​រក​ឃើញ​ថា មាន​ឈ្មោះ​ស្ទួន ឬ​ឈ្មោះ​ដដែលៗ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត។ ម្យ៉ាង​ទៀត ឈ្មោះ​អ្នក​ដែល​ធ្លាប់​ទៅ​បោះឆ្នោត ត្រូវ​គេ​លុប​បាត់​ចេញ​ពី​បញ្ជី​តែ​ម្តង ហើយ​ដាក់​ជំនួស​មក​វិញ​នូវ​ឈ្មោះ​ខ្មោច ជា​ឈ្មោះ​ដែល​គេ​ប្រឌិត​សម្រាប់​បំប៉ោង​តួលេខ នៃ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត។ បន្ថែម​ពី​លើ​នេះ ក៏​នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដែរ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា និចហ្វិក (Nicfec) លោក ហង្ស ពុទ្ធា ថ្លែង​ថា គ.ជ.ប នៅ​មិន​ទាន់​បាន​បង្ក​ភាព​ងាយ​ស្រួល​ដល់​ពលរដ្ឋ ដើម្បី​ពិនិត្យ​ឈ្មោះ​របស់​ខ្លួន​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត នៅ​តាម​ភូមិ ឃុំ និង​នៅ​មិន​ទាន់​ជ្រើស​រើស​មន្ត្រី​ការិយាល័យ​រៀបចំ​ការ​បោះឆ្នោត​នៅ​តាម​មូលដ្ឋាន​នោះ​នៅ​ឡើយ​ទេ៖ «ដំណើរ​ការ​ដែល​នៅ​សល់​ពេល​ដ៏​កៀក​ខាង​មុខ​នេះ គឺ​សង្គម​ស៊ីវិល​មាន​អនុសាសន៍​ពីរ​ចំណុច ដែល គ.ជ.ប អាច​ទទួល​យក​បាន។ ទី​មួយ គឺ​ការ​ស្នើសុំ​ឲ្យ គ.ជ.ប ហ្នឹង បិទ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​តាម​ភូមិ ចាប់​ពី​ពេល​នេះ​ត​ទៅ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លោក​មាន​ឱកាស​អាច​មើល​ឈ្មោះ​នៅ​តាម​ភូមិ ហើយ​មាន​ឱកាស​អាច​កែ​សម្រួល​អក្ខរាវិរុទ្ធ ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ទៀត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ហើយ ទី​ពីរ ការ​បង្កើត​គណៈកម្មការ​ក្នុង​ការ​ជ្រើស​រើស​មន្ត្រី​ការិយាល័យ​បោះឆ្នោត និង​មន្ត្រី​ឃុំ​សង្កាត់​រៀបចំ​ការ​បោះឆ្នោត»

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក (NDI) បាន​ធ្វើ​សវនកម្ម​បញ្ជី​បោះឆ្នោត រក​ឃើញ​ថា អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ជិត ១១% ដែល​គេ​គិត​ថា បាន​ចុះ​ឈ្មោះ​រួច​ហើយ តែ​បែរ​ជា​គ្មាន​ឈ្មោះ​បោះឆ្នោត​លើ​បញ្ជី​បោះឆ្នោត ហើយ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ខុមហ្វ្រែល (Comfrel) រក​ឃើញ​ថា មាន​អ្នក​បោះឆ្នោត​ជាង ១៣% បាត់​ឈ្មោះ បន្ទាប់​ពី​គេ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រួច​ហើយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី គ.ជ.ប បដិសេធ​មិន​ទទួល​ស្គាល់​ចំពោះ​ការ​ស្រាវជ្រាវ​នេះ។

នៅ​ក្រោម​ការ​ចាត់​ចែង​របស់ គ.ជ.ប កម្ពុជា បាន​រៀបចំ​ដំណើរ​ការ​បោះឆ្នោត​ដោយ​ខ្លួន​ឯង ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨។ នៅ​ពេល​មាន​ពាក្យ​បណ្ដឹង​របស់​បក្ស​ប្រឆាំង ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះឆ្នោត គេ​សង្កេត​ឃើញ​ថា គ.ជ.ប មិន​សូវ​បាន​ចាត់​វិធាន​ការ​ដោះស្រាយ​ប្រកប​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព​ឡើយ។ បញ្ហា​ផ្សេង​ទៀត គឺ គ.ជ.ប តែង​ខកខាន​មិន​បាន​ជម្រះ​ឈ្មោះ​ស្ទួន​ចេញ​ពី​បញ្ជី​បោះឆ្នោត ហើយ​សមាជិក​របស់ គ.ជ.ប តាម​ឃុំ​សង្កាត់ ភាគ​ច្រើន​តែង​រើស​ចេញ​ពី​ខាង​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ទាក់ទង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិញ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​កំពុង​មាន​ប្រៀប​លើ​គណបក្ស​ដទៃ​ទៀត ដោយ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ប្រើប្រាស់​ធនធាន​រដ្ឋ មាន​ថវិកា និង​សម្ភារៈ គ្រឹះស្ថាន​សាធារណៈ ទីធ្លា​សាធារណៈ និង​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​រដ្ឋ។ លោក​ថា បញ្ហា​អស់​ទាំង​នេះ​ហើយ​ដែល គ.ជ.ប ត្រូវ​ត្រួត​ពិនិត្យ​មើល និង​ចាត់​វិធាន​ការ​អោយ​មាន​ភាព​យុត្តិធម៌​សម្រាប់​គណបក្ស​នយោបាយ​ផ្សេង​ទៀត៖ «គឺ​នៅ​ប្រទេស​ណា​ក៏​ដូច​ជា​ប្រទេស​ណា​ដែរ។ គណបក្ស​ណា​ដែល​មាន​លុយ​ជួល​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ត្រួតត្រា​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន គឺ​តែង​តែ​មាន​ប្រៀប​បាទ។ អា​ហ្នឹង​ដែល​ជា​លក្ខណៈ​អយុត្តិធម៌ ហើយ​ចំណុច​មួយ​នេះ​ធំ​ណាស់។ ហើយ​គណបក្ស​កាន់​អំណាច​អាច​ត្រួតត្រា ឬ​ប្រើប្រាស់​មន្ត្រី​រាជការ​យ៉ាង​ច្រើន​តាំង​ពី​លើ​រហូត​ដល់​ភូមិ។ ព្រោះ​ថា អ្នក​ទាំង​នោះ​ភាគ​ច្រើន​លើសលប់​ហើយ​ជា​បក្ស​ប្រជាជន ហើយ​កំពុង​ធ្វើ​សកម្មភាព​ឲ្យ​បក្ស​កំពុង​ដើរ»

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ អះអាង​ថា សមាសភាព​របស់ គ.ជ.ប ចាប់​តាំង​ពី​ថ្នាក់​ជាតិ រហូត​ដល់​ថ្នាក់​មូលដ្ឋាន គឺ​មាន​តែ​មន្ត្រី​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុណ្ណោះ បាន​ន័យ​ថា គណបក្ស​កាន់​អំណាច​បាន​ដាក់​សមាសភាព​របស់​ខ្លួន​ផ្តាច់​មុខ​តែ​ម្តង។ លោក​ទាមទារ​ឲ្យ គ.ជ.ប ត្រូវ​តែ​ធ្វើ​ការ​ជ្រើស​សមាសភាព​របស់​ខ្លួន​ប្រកប​ដោយ​តម្លាភាព និង​ឥត​លំអៀង៖ «គេ​តែង​តាំង​តែ​ពួក​គណបក្ស​ប្រជាជន​នៅ​ក្នុង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ និង​ខេត្ត។ គេ​ដាក់​សុទ្ធ​តែ​គណបក្ស​ប្រជាជន​ទាំងអស់។ អ៊ីចឹង គេ​អាច​កេង​បន្លំ គេ​អាច​បំភិតបំភ័យ គេ​អាច​ធ្វើ​ភាព​មិន​ប្រក្រតី នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​តាម​តែ​អំពើ​ចិត្ត។ ដូច្នេះ យើង​ត្រូវ​តែ​មើល​សមាសភាព​ទាំងអស់​ហ្នឹង ថា​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​សមាសភាព​ទាំងអស់​ហ្នឹង​រើស​ឲ្យ​មាន​តម្លាភាព ហើយ​រើស​កុំ​ឲ្យ​មាន​ការ​លំអៀង​បក្ស។ ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​មាន​អព្យាក្រឹត្យ​ភាព​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ទៅ​តាម​ជាន់​ថ្នាក់​នៃ​គណៈកម្មាធិការ​នីមួយៗ»

សមាសភាព​សមាជិក​ថ្នាក់​ជាតិ​របស់ គ.ជ.ប សម្រាប់​នីតិកាល​ទី៤ មាន​ចំនួន ៩​រូប។ សមាជិក ៥​រូប​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ២​រូប​ពី​ខាង​គណបក្ស សម រង្ស៊ី និង ២​រូប​ទៀត​ពី​ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ សមាសភាព​ទាំង​នេះ​ត្រូវ​បាន​ជ្រើស​រើស​ឡើង​ដោយ​ក្រសួង​មហាផ្ទៃ ហើយ​អនុម័ត​ដោយ​រដ្ឋសភា។

អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ប្រចាំ​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ធ្លាប់​ផ្តល់​អនុសាសន៍​ថា កម្ពុជា ចាំបាច់​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប តាម​រយៈ​ការ​ធ្វើ​ឲ្យ​មាន​ភាព​ឯករាជ្យ​នៃ​ប្រធាន គ.ជ.ប ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត ហើយ​ត្រូវ​តែ​បញ្ចូល​តំណាង​មក​ពី​គ្រប់​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នោះ​អាច​ទទួល​យក​បាន។

លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កាល​ពី​ថ្ងៃ​ទី១៧ ខែ​ឧសភា កន្លង​ទៅ​នេះ លោក​មាន​ប្រសាសន៍​ថា គ.ជ.ប បាន​អនុវត្ត​តាម​អនុសាសន៍​មួយ​ចំនួន​របស់​លោក សុរិយា ស៊ូប៊ែឌី នោះ​ហើយ។ ចំណុច​ដែល​នៅ​សេសសល់ គឺ​ជា​បញ្ហា​ដែល​មិន​មែន​ជា​តួនាទី​របស់ គ.ជ.ប នោះ​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​រតនគិរី លោក រិន កញ្ញា ដែល​ឃ្លាំ​មើល​យ៉ាង​ប្រកិត​អំពី​ដំណើរ​ការ​បោះឆ្នោត​នៅ​ថ្នាក់​មូលដ្ឋាន អះអាង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ខេត្ត និង​ឃុំ នៅ​តែ​មិន​បាន​អនុញ្ញាត​ឲ្យ​មាន​សមាសភាព​ពី​គ្រប់​គណបក្ស​នោះ​ទេ៖ «សម្រាប់​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត តាំង​ពី​ថ្នាក់​ឃុំ រហូត​ដល់​ថ្នាក់​ខេត្ត យើង​សង្កេត​ឃើញ​ថា រចនាសម្ព័ន្ធ​មាន​ការ​រៀបចំ​ដោយ​មាន​ការ​លាក់​បាំង​នូវ​សមាសភាព ដែល​មិន​បាន​ឲ្យ​មាន​ការ​ចូលរួម​នូវ​សមាសភាព​ពី​គ្រប់​គណបក្ស។ ដូច​គណបក្ស​សង្គ្រោះ​ជាតិ ជាដើម យើង​មិន​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត និង​ឃុំ​សង្កាត់​ទេ។ ដូច្នេះ សមាសភាព​នេះ​យើង​ឃើញ​មាន​តែ​ពី​ខាង​គណបក្ស​កាន់​អំណាច ដែល​មាន​រចនាសម្ព័ន្ធ​នៅ​តាម​ឃុំ និង​ខេត្ត​តែង​តែ​បាន​ចូលរួម»

គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល ធ្លាប់​បាន​ផ្តល់​អនុសាសន៍​ថា ដើម្បី​ឲ្យ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា ប្រកប​ទៅ​ដោយ​ស្តង់ដារ​ខ្ពស់​ទៅ​បាន លុះត្រា​តែ​កម្ពុជា រៀបចំ​គណៈកម្មការ​ជ្រើស​រើស​សមាសភាព​របស់ គ.ជ.ប ចេញ​ពី​គណបក្ស​នយោបាយ​ចម្រុះ ហើយ​បើក​ចំហ​ក្នុង​ការ​ដាក់​ពាក្យ។ បេក្ខជន​ទាំង​ឡាយ​មិន​ត្រូវ​ជា​សមាជិក​របស់​គណបក្ស​នយោបាយ ក្នុង​រយៈពេល​ពី ២ ទៅ ៣​ឆ្នាំ មាន​បទ​ពិសោធន៍​ការងារ​ដែល​គេ​ចាត់​ទុក និង​ជឿជាក់​ថា​ជា​មនុស្ស​សុចរិត អព្យាក្រឹត្យ មាន​សុភវិនិច្ឆ័យ និង​ជា​មនុស្ស​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ មុន​នឹង​ដាក់​ពាក្យ​ប្រឡង​ចូល​ជា​សមាជិក គ.ជ.ប។

ប៉ុន្តែ លោក ជាម យៀប តំណាង​រាស្ត្រ​ពី​ខាង​គណបក្ស​កាន់​អំណាច ធ្លាប់​អះអាង​ថា ការ​ទាមទារ​ឲ្យ គ.ជ.ប ឯករាជ្យ គ្រាន់​តែ​ទស្សនៈ​រិះគន់​ប៉ុណ្ណោះ។ លោក​ថ្លែង​ថា កម្ពុជា មិន​មាន​ឧបករណ៍​សម្រាប់​វាស់​ស្ទង់​មនុស្ស​ឯករាជ្យ ឬ​មិន​ឯករាជ្យ​នោះ​ឡើយ៖ «អ៊ីចឹង​ទេ យើង​មិន​ដឹង​អ្នក​ណា​មាន​ជញ្ជីង និង​មាន​ម៉ែត្រ​សម្រាប់​វាស់​ថា ជន​ណា​មួយ​ដែល​មាន​ខួរ​ក្បាល​ឯករាជ្យ​ដែល​មិន​ប្រកាន់​គណបក្ស​ណា​កាន់​ជើង​គណបក្ស​ណា​នោះ យើង​អត់​មាន​ទេ។ នៅ​ប្រទេស​ណា​ក៏ដោយ សូម្បី​តែ​គេ​រីក​ចម្រើន​ជឿន​លឿន​កប់​ពពក​នោះ ក៏​ពិបាក​រក​អ្នក​ឯករាជ្យ ឬ​អព្យាក្រឹត្យ​នោះ​ដែរ គឺ​ថា​មនុស្ស​ដែល​ទេវតា​ចាត់​តាំង​មក គឺ​ជា​មនុស្ស​របស់​ទេវតា»

ក្រុម​អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត​និយាយ​ថា ប្រសិន​បើ​កម្ពុជា មាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ឯករាជ្យ​ពី​ថ្នាក់​ជាតិ រហូត​ដល់​ថ្នាក់​មូលដ្ឋាន គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ រួម​ទាំង​ពលរដ្ឋ​កម្ពុជា ផង​ដែរ នឹង​មាន​ភាព​ជឿជាក់​លើ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា។ ជា​លទ្ធផល កម្ពុជា នឹង​មាន​ស្ថិរភាព​នយោបាយ ហើយ​ដំណើរ​សាបព្រោះ​ប្រជាធិបតេយ្យ នឹង​មាន​ការ​រីក​ចម្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។