ក្រុមអង្គការសង្គមស៊ីវិល ប្រតិកម្មចំពោះគណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា និងសម័យប្រជុំពេញអង្គរដ្ឋសភា ដែលបានអនុម័តដកលោក កឹម សុខា ពីតំណែងអនុប្រធានទី១នៃរដ្ឋសភា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។ ពួកគេយល់ឃើញថា ការសម្រេចដកនេះ គឺជារឿងខុសនីតិវិធី។
ក្រុមអង្គការសង្គមស៊ីវិលជាង ១០អង្គការ សមាគម បានហៅការដកតំណែងលោក កឹម សុខា គឺប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនៅក្នុងរដ្ឋសភាពហុបក្ស និងសិទ្ធិសេរីភាពបញ្ចេញមតិរបស់តំណាងរាស្ត្រ ដែលជាសិទ្ធិមូលដ្ឋាននៃសិទ្ធិមនុស្ស និងបង្កើតភាពមិនប្រក្រតីនៃការដកថ្នាក់ដឹកនាំរដ្ឋសភាចែងក្នុងរដ្ឋធម្មនុញ្ញ។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មានប្រសាសន៍នៅថ្ងៃទី៣០ ខែតុលា ថា សង្គមស៊ីវិលកំពុងមានការព្រួយបារម្ភពីដំណើរការតឹងតែង និងទំនាស់ខាងនយោបាយ។ លោកថា ការដកលោក កឹម សុខា ពីតំណែងអនុប្រធានទី១នៃរដ្ឋសភានេះ បានជះឥទ្ធិពលដល់ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងរដ្ឋសភា ដែលទាក់ទងទៅដល់ប្រសិទ្ធភាពរដ្ឋសភា។
លោកបញ្ជាក់ថា សង្គមស៊ីវិលមើលមិនឃើញមូលហេតុនៃការដកនេះទាល់តែសោះ៖ «សំខាន់គឺថា បំបិទមាត់ថ្នាក់ដឹកនាំរដ្ឋសភាដែលចេញមកពីគណបក្សប្រឆាំង។ ទី២ អាចបង្កើតនៃភាពមិនប្រក្រតីនៃការដកមេដឹកនាំនៃរដ្ឋសភាដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ព្រោះថា អត់មាននីតិវិធីអីច្បាស់លាស់ តើត្រូវដកយ៉ាងម៉េច? អត់មានទេ មានតែមាត្រាទាល់តែគាត់លាលែង ឬក៏គាត់ស្លាប់ ឬបាត់បង់សមត្ថភាពធ្វើការ។ វាអត់មាននីតិវិធីរឿងអីដកដូរទេ វាបន្ថែមភាពមិនប្រក្រតីក្នុងការដកអីហ្នឹងណា។ និយាយឲ្យចំអាណត្តិហ្នឹងអត់ដកបាន។ កន្លងមកវាមានការដោះដូរ ដកអ៊ីចឹងដែរ នីតិវិធីអស់នេះ វាមានភាពច្របូកច្របល់វាអត់មានអីច្បាស់លាស់»។
សេចក្ដីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលសរសេរថា ការបាត់បង់តំណែងលោក កឹម សុខា ក្រោមហេតុផលបញ្ចេញមតិ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងតុល្យភាពអំណាចនៃរបបសភានិយម ព្រមទាំងគំរាមកំហែងធ្ងន់ធ្ងរផ្នែកស្មារតីដល់ថ្នាក់ដឹកនាំរដ្ឋសភា តំណាងរាស្ត្រ និងប្រជាពលរដ្ឋទូទៅក្នុងការបំពេញភារកិច្ច តួនាទី និងសិទ្ធិជាមូលដ្ឋាន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
ដោយឡែកអង្គការលីកាដូ (LICADHO) ក៏បានចាត់ទុកការដកតំណែងអនុប្រធានទីមួយរដ្ឋសភារបស់លោក កឹម សុខា នៅពេលនេះ គឺបានបង្ហាញថា កិច្ចព្រមព្រៀងនយោបាយកំពុងមានភាពរង្គោះរង្គើ នៅពេលមេដឹកនាំគណបក្សជំទាស់ត្រូវបានដកពីតំណែងអនុប្រធានទីមួយរដ្ឋសភា។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ថ្លែងថា ការដកលោក កឹម សុខា គឺមានហេតុផលនយោបាយច្រើនជាងហេតុផលអនុវត្តតាមនីតិវិធីច្បាប់ ឬការប្រព្រឹត្តទោសកំហុសណាមួយដែលមានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា៖ «ជាក់ស្ដែងហេតុផលនេះវាចូលនៅក្នុងលក្ខខណ្ឌហ្នឹងទេ ប៉ុន្តែខាងរដ្ឋសភាសំអាងទៅលើកំហុស។ សួរថា កំហុសកន្លែងណាដែលចែងអំពីបញ្ហាទាំងអស់ហ្នឹង។ តើមានបទបញ្ជាចែងអំពីការស្ដីបន្ទោសលើកទី១ លើកទី២ ជាលាយលក្ខណ៍អក្សរហើយ ឬនៅ? វាអត់មានចូលទៅដល់លក្ខខណ្ឌប៉ុណ្ណឹង ហើយហេតុផលណា សូមបញ្ជាក់ឲ្យច្បាស់ថា ជាកំហុសធ្ងន់ធ្ងរនៅក្នុងការដកតំណែង។ យើងចាត់ទុកថា នេះជាភាពរង្គោះរង្គើទៅដល់កិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដា ក៏ជាភាពរង្គោះរង្គើនៃវប្បធម៌សន្ទនា»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានលោក កឹម សុខា ជាច្រើនដងថា នឹងបោះឆ្នោតទម្លាក់លោកចេញពីតំណែងអនុប្រធានទី១រដ្ឋសភា ប្រសិនបើលោក កឹម សុខា ចេះតែបន្តរិះគន់រដ្ឋាភិបាល។ បញ្ហានេះ សង្គមស៊ីវិលនៅតែបារម្ភថា ប្រសិនជាអនុប្រធានរដ្ឋសភាថ្មីនៅបន្តរិះគន់លើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានថ្មីនេះ ក៏អាចប្រឈមនឹងការបោះឆ្នោតទម្លាក់ពីគណបក្សប្រជាជនកម្ពុជា ដូចគ្នា។ ពួកគេស្នើឲ្យគណបក្សទាំងពីរដោះស្រាយបញ្ហាឈរលើគោលការណ៍នីតិរដ្ឋ គោរពគោលការណ៍សិទ្ធិមនុស្ស ព្រមទាំងតម្កល់ប្រយោជន៍ជាតិជាធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
