សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​សមាសភាព​ស្ត្រី​ចូល​រួម​ក្នុង​កិច្ច​ចរចា​នយោបាយ

ការ​ចរចា​ដើម្បី​ដោះស្រាយ​ភាព​ចម្រូងចម្រាស​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​រវាង​គណបក្ស​នយោបាយ​ធំៗ​ទាង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពេល​កន្លង​ទៅ គឺ​ពុំ​ឃើញ​មាន​សមាសភាព​ស្ត្រី​ចូល​រួម​ឡើយ។

0:00 / 0:00

ករណី​នេះ​ធ្វើ​អោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​រិះគន់​ថា គណបក្ស​ទាំង​ពីរ​កំពុង​មើល​រំលង​សមត្ថភាព​ស្ត្រី​ដែល​តំណាង​អោយ​ស្ត្រី​ដែល​មាន​ចំនួន​ជាង ៥០​ភាគរយ​នៃ​ប្រជាពលរដ្ឋ​សរុប។

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី និង​ក្រុម​យុវជន ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​​សង្គ្រោះ​ជាតិ បញ្ចូល​សមាសភាព​ស្ត្រី​អោយ​ចូល​រួម​ក្នុង​កិច្ច​ចរចា​កំពូល​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​ថ្ងៃ​ខាង​មុខ ដើម្បី​ជំរុញ​ស្ថានភាព​នៃ​កិច្ច​ចរចា នឹង​អាច​រក​ដំណោះស្រាយ​ឆ្លើយ​តប​នឹង​តម្រូវការ។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន ៩ និង​ក្រុម​យុវជន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឲ្យ​ដឹង​ថា ពុំ​មាន​សមាសភាព​ស្ត្រី​នៅ​ក្នុង​ក្រុម​ចរចា​ជា​សកម្មភាព​ដែល​អាច​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ដល់​ដំណើរការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​គោលការណ៍​លើក​កម្ពស់​សមភាព​យេនឌ័រ ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​តែងតែ​ប្រកាស​គាំទ្រ​កន្លង​មក។

នាយិកា​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​បន្ថែម​ថា ក្នុង​ពិភព​លោក​នេះ​គេ​តែង​ចាត់​ទុក​ថា មាន​ភាព​ទន់​ភ្លន់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ហេតុ​នេះ​ក្នុង​កិច្ច​ចរចា​រក​សន្តិភាព​ដែល​មាន​សមាសភាព​ស្ត្រី​ចូល​រួម គឺ​អាច​ជួយ​បង្ក​នូវ​បរិយាកាស​យោគ​យល់​គ្នា៖ «ពីព្រោះ​យើង​ដឹង​ហើយ បុរស​កាលណា​គាត់​ចរចា គាត់​ច្រើន​រឹងត្អឹង ហើយ​កាលណា​បាន​ស្ត្រី​ទៅ​គាត់​មាន​ភាព​ទន់​ភ្លន់​ខ្លះ និង​ភាព​រក​ច្រក​ចេញ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់​គាំង​អោយ​បាន​ទាំង​អស់​គ្នា ល្អ​ទាំង​អស់​គ្នា»

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន មាន​ប្រសាសន៍​ថា ស្ត្រី​មាន​សមត្ថភាព​ពេញលេញ​ដូច​បុរស​ដែរ ក្នុង​ការងារ​ពាក់ព័ន្ធ​នឹង​នយោបាយ និង​ការ​អភិវឌ្ឍ។ ប៉ុន្តែ​លោក​ថា ការ​សម្រេច​ដាក់​សមាសភាព​ស្ត្រី​ក្នុង​កិច្ច​ចរចា​កំពូល​នៅ​ថ្ងៃ​ខាង​មុខ គឺ​អាស្រ័យ​លើ​​ការ​សម្រេច​រួម​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ។

លោក ឈាង វុន៖ «វត្តមាន​ស្ត្រី​ចូល​រួម​ហ្នឹង ជា​ការ​ចាំបាច់ គ្រាន់​តែ​ថា មិន​មែន​ការ​ចរចា។ បើ​ធ្វើ​ការ​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​អី​ហ្នឹង គឺ​ចាំ​បាច់​ហើយ។ ប៉ុន្តែ​នេះ​ជា​ការងារ​បក្ស គឺ​បក្ស​ជា​អ្នក​ចាត់​តាំង។បើ​តាម​ខ្ញុំ​យល់ ដំណើរការ​មក​ដល់​នេះ ហើយ​ទៅ​មុខ​ទៀត គឺ​មាន​តែ​សមាសធាតុ​ដដែល ព្រោះ​យើង​និយាយ​មួយ​កំណាត់​ហើយ»

អគ្គនាយក​ទំនាក់​ទំនង​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ឲ្យ​ដឹង​ថា អ្នកស្រី​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល។ អ្នកស្រី​បញ្ជាក់​ដែរ​ថា ពិត​មែន​ថា​ពុំ​មាន​សមាសធាតុ​ស្ត្រី​ចូល​រួម​កិច្ច​ចរាចរ ប៉ុន្តែ​មាន​ស្ត្រី​ក្នុង​គណៈកម្មការ​អចិន្ត្រៃយ៍​បក្ស​បាន​ចូល​រួម​ផ្ដល់​អនុសាសន៍​ចំពោះ​សំណើ​ដែល​យក​ទៅ​ដាក់​លើ​តុចរចា​នោះ​ដែរ។

ក្នុង​ជំនួប​ចរចា​កំពូល​កាល​​ពី​ថ្ងៃ​​ទី​១៦ និង​ទី​១៧ ខែ​កញ្ញា គណបក្ស​ប្រជាជន​កម្ពុជា​ ដឹក​នាំ​ដោយ​អនុ​ប្រធាន​បក្ស​លោក ហ៊ុន សែន ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ដោយ​ប្រធាន​បក្ស គឺ​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​ទៀត ដែល​ពុំ​មាន​សមាសភាព​ជា​ស្ត្រី​ឡើយ។ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​រំពឹង​ទុក​ថា ស្រ្តី​នឹង​អាច​ចូល​រួម​ក្នុង​តុ​ចរចា គឺ​លើស​ពី​ការ​ពិភាក្សា​សាកសួរ​យោបល់​ក្នុង​គណបក្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕