"គ្មាន​​ច្បាប់​​ហាម​ការ​ឃោសនា​បោះ​ឆ្នោត​​រូបភាព​តូចៗ​មុន​កាលកំណត់"

0:00 / 0:00

ការ​បោះ​ឆ្នោត​រើស​សមាជិក​រដ្ឋ​សភា​អាណត្តិ​ទី​៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ កក្កដា ខាង​មុខ។ នៅ​ពេល​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់ អ្នកដឹកនាំ និង​សមាជិក​គណបក្ស​នយោបាយ​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ដើម្បី​ឃោសនា​រក​សំឡេង​ឆ្នោត​គាំទ្រ​គណបក្ស​រៀងៗ​ខ្លួន​ទៅ​តាម​មធ្យោបាយ​ដែល​គេ​មាន។ តើ​ការ​ឃោសនា​នោះ​ខុស​ច្បាប់​ឬ​ទេ?

អ្នកដឹកនាំ​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ខាង​ត្រួត​ពិនិត្យ​ការ​បោះ​ឆ្នោត​បាន​ឲ្យ​ដឹង​ថា ការ​ឃោសនា​នយោបាយ​តាម​រូប​ភាព​តូចៗ របស់​អ្នក​នយោបាយ ជាមួយ​អ្នកគាំ​ទ្រ​គណបក្ស​របស់​ខ្លួន​មុន​ការ​បោះ​ឆ្នោត​នោះ មិន​មាន​កំហុស​ទេ ពីព្រោះ​ច្បាប់​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា មិន​បាន​ហាម​ឃាត់​ឡើយ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ថា អ្នក​នយោបាយ​គេ​មាន​សិទ្ធិ​ជួប​ជាមួយ​អ្នក​គាំទ្រ​គណបក្ស​ខ្លួន ដើម្បី​ពន្យល់​អំពី​គោលនយោបាយ និង​សកម្មភាព​នានា ដើម្បី​អ្នក​គាំទ្រ​គណបក្ស​បោះឆ្នោត​ឲ្យ និង​ជួយ​ផ្សព្វផ្សាយ​ទៅ​ដល់​មនុស្ស​ដទៃ​ទៀត​ឲ្យ​គាំទ្រ​ដែរ។

លោក គល់ បញ្ញា ពន្យល់​ថា ការ​ឃោសនា​នយោបាយ​ក្នុង​រូបភាព​តូចតាច​ដោយ​មិន​មាន​ហែ​ក្បួន​នោះ អ្នក​នយោបាយ​មិន​ចាំបាច់​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឡើយ។

ចំណែក​នាយក​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ដោយសារ​ច្បាប់​គ្មាន​ចែង​ហាម​ឃាត់​លើ​ការ​ឃោសនា​នយោបាយ​មុន​ថ្ងៃ​យុទ្ធនាការ​នោះ អ្នក​នយោបាយ​មាន​សិទ្ធិ​និយាយ​អំពី​ការងារ​នយោបាយ​ជាមួយ​សកម្មជន​របស់​ខ្លួន។

នៅ​ក្នុង​ប្រតិទិន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ បាន​សរសេរ​ថា ការ​ឃោសនា​បោះ​ឆ្នោត​គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៧ មិថុនា រហូត​ដល់​ថ្ងៃ​ទី​២៦ កក្កដា គឺ​មាន​រយៈពេល ៣០​ថ្ងៃ។

លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ប្រតិទិន​របស់ គ.ជ.ប. សម្រាប់​ការ​បោះ​ឆ្នោត​នោះ គឺ​មិន​មែន​ជា​ច្បាប់​ឡើយ ហើយ​ក៏​មិន​បាន​កំណត់​ថា អ្នក​ណា​ធ្វើ​ខុស​ពី​ការ​កំណត់​នោះ​ត្រូវ​មាន​ទោស​ដែរ។ ផ្ទុយ​ទៅ​វិញ ក្នុង​រយៈពេល​ឃោសនា​ចំនួន ៣០​ថ្ងៃ ដែល​កំណត់​ក្នុង​ប្រតិទិន​របស់ គ.ជ.ប នោះ គណបក្ស​នយោបាយ​អាច​មាន​លទ្ធភាព​ហែ​ក្បួន​ឃោសនា​ធំៗ ដោយ​មាន​ការ​គាំទ្រ​ការពារ​ពី​អាជ្ញាធរ​ទៀត​ផង។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី គ.ជ.ប ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ទាក់ទង​ការ​ឃោសនា​នយោបាយ​មុន​ពេល​កំណត់​ក្នុង​ប្រតិទិន​របស់ គ.ជ.ប នោះ​បាន​ទេ នៅ​ថ្ងៃ​ទី​២០ មីនា។

កាល​ពី​ថ្ងៃ​ទី​១៩ មីនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​បៃតង និង​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​បៃតង និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​បៃតង​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០៣០ នៅ​ឯ​វិមាន​សន្តិភាព ថា ចាប់​ពី​ពេល​នេះ​ត​ទៅ លោក​នឹង​អំពាវនាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

ចំណែក​លោក កឹម សុខា និង​អ្នក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ក៏​បាន​ចាប់​ផ្ដើម​កម្មវិធី​ជួប​ជាមួយ​អ្នក​គាំទ្រ​គណបក្ស​ជា​ច្រើន​កន្លែង​រួច​ទៅ​ហើយ ដើម្បី​រក​សំឡេង​ឆ្នោត​គាំទ្រ​គណបក្ស។

គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​គណបក្ស​កើត​ឡើង​ពី​ការ​រួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស។ លោក កឹម សុខា បាន​ឲ្យ​ដឹង​ថា រាល់​ពេល​ជួប​ជាមួយ​សកម្មជន​គណបក្ស លោក​តែង​លើក​យក​បញ្ហា​សំខាន់​នានា​ទាក់ទង​សភាពការណ៍​ប្រទេស​ជាតិ​ជម្រាប​ជូន​អ្នក​គាំទ្រ​គណបក្ស។

ទាក់ទង​ជាមួយ​បញ្ហា​ជីវភាព​រស់​នៅ លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ គណបក្ស​នឹង​ដោះស្រាយ​ឲ្យ​បាន​ល្អ។

បច្ចុប្បន្ន​នេះ គេ​នៅ​មិន​ទាន់​ដឹង​ចំនួន​គណបក្ស​នយោបាយ​ដែល​ចូល​រួម​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត​រើស​សមាជិក​សភា​នីតិកាល​ទី​៥ នៅ​ឡើយ​ទេ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​មាន​គណបក្ស​នយោបាយ​ចំនួន ៣ ចូល​រួម គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

តាម​ប្រតិទិន​របស់ គ.ជ.ប ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៩ មេសា ដល់​ថ្ងៃ​ទី​១០ ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។