បក្ស​សង្គ្រោះ​ជាតិ​សម្រេច​ឲ្យ​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន

សមាជ​ជា​លើក​ដំបូង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ជា​ផ្លូវ​ការ​ហើយ​ឲ្យ​លោក សម រង្ស៉ី ជា​ប្រធាន​គណបក្ស និង​លោក កឹម សុខា ជា​អនុ​ប្រធាន​គណបក្ស។

0:00 / 0:00

«សំឡេង»៖ នេះ​ជា​សម្រែក​ជយឃោស​សមាជិក​បក្ស​ជាង ១​ម៉ឺន​នាក់​នៅ​ក្នុង​សមាជ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​​៧ មេសា។ សមាជ​ជា​លើក​ដំបូង​នេះ បាន​អនុម័ត​រចនាសម្ព័ន្ធ​គណបក្ស ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ​គណបក្ស និង​ការ​ប្រកាស​ទទួល​ស្គាល់​ឥស្សរជន​មួយ​ចំនួន​ដែល​ទើប​តែ​ចូល​គណបក្ស។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី ដែល​ដឹកនាំ​អង្គ​សមាជ​តាម​រយៈ​វីដេអូ (Video Conference) ថ្លែង​ថា ការ​រួបរួម​គ្នា​រវាង​គណបក្ស​ប្រឆាំង​ទាំង​ពីរ​ឈាន​ដល់​ថ្ងៃ​ជោគជ័យ។ លោក​បន្ត​ថា រូប​លោក និង​លោក កឹម សុខា សន្យា​ថា នឹង​រួម​គ្នា​ធ្វើ​ការ​តស៊ូ​នយោបាយ​ដើម្បី​ឲ្យ​មាន​ភាព​ផ្លាស់ប្ដូរ​ក្នុង​ប្រទេស​កម្ពុជា ឈាន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ។

លោក​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​នឹង​ឈ្នះ​ឆ្នោត បើ​សិន​ជា​មាន​ការ​កែ​ទម្រង់ គ.ជ.ប និង​ការ​អនុវត្ត​នីតិរដ្ឋ​ពិត​ប្រាកដ ប៉ុន្តែ​លោក​ក៏​ស្នើ​ឲ្យ​សមាជិក​គណបក្ស​ទាំង​អស់​បង្កើន​យុទ្ធនាការ​ផ្លាស់ប្ដូរ​ក្បាល​ម៉ាស៊ីន​កាន់​អំណាច​សព្វថ្ងៃ​ដោយ​អហិង្សា៖ «យើង​បាន​ស្ដាប់​អ្វី​ដែល​ប្រជាជាតិ​ខ្មែរ​ចង់​បាន​ឲ្យ​មាន​ការ​រួប​រួម​គ្នា​រវាង​គណបក្ស សម រង្ស៉ី និង​គណបក្ស​សិទ្ធិ​មនុស្ស គឺ​ខ្ញុំ​សូម​ប្ដេជ្ញា​ចំពោះ​មុខ​ទាំង​អស់​គ្នា​ថា ខ្ញុំ​នឹង​សហការ​ជាមួយ​ឯកឧត្ដម កឹម សុខា ដើម្បី​ភាព​ជោគជ័យ»

នៅ​ក្នុង​សមាជ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មាន​វត្តមាន​អតីត​អ្នក​តំណាងរាស្ត្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ម៉ោញ សាផាន និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មក​ចូល​រួម​ក្នុង​នាម​ជា​សមាជិក​គណៈកម្មការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត បាន​ន័យ​ថា ខ្មែរ​ទាំង​អស់​គ្នា​ជា​អ្នក​ឈ្នះ​ឆ្នោត។ លោក​បន្ត​ថា គណបក្ស​នេះ​នឹង​សើរើ​ឡើង​វិញ​នូវ​សន្ធិសញ្ញា​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេស​ជិត​ខាង​ដែល​មិន​ស្រប​ច្បាប់​អន្តរជាតិ និង​ជំរុញ​ឲ្យ​អន្តរជាតិ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។

លោក​បញ្ជាក់​ថា គោល​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ដូច​គណបក្ស​ប្រជាជន ដោយសារ​បក្ស​ប្រឆាំង​គិត​ផល​ប្រយោជន៍​ជាតិ​ជា​ធំ មិន​មែន​គិត​ផលប្រយោជន៍​បុគ្គល​ឡើយ៖ «សារ​នយោបាយ​យើង​ផ្ទុយ​ពី​គណបក្ស​កាន់​អំណាច គេ​អំពាវនាវ​ឲ្យ​ស្រលាញ់ ហ៊ុន សែន អាណិត ហ៊ុន សែន តើ​បង​ប្អូន​ស្រលាញ់​ខ្លួន​យើង ឬ​ស្រលាញ់ ហ៊ុន សែន ជាង? តើ​បង​ប្អូន​ចង់​ជួយ​ម៉ែ​ឪ​យើង ឬ​ចង់​ជួយ ហ៊ុន សែន? បើ​ស្រលាញ់​ខ្លួន​ឯង​សូម​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា ថ្លែង​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា ការ​ដឹក​នាំ​របស់​ក្រុម​មេដឹកនាំ​សង្គ្រោះ​ជាតិ​មិន​អាច​ឈ្នះ​ឆ្នោត​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ ហើយ​គណបក្ស​ប្រឆាំង​មួយ​នេះ​ពុំ​មាន​ការ​រួប​រួម​គ្នា​នៅ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ខ្លួន​ឡើយ។

លោក​បន្ត​ថា ការ​ធ្វើ​នយោបាយ​ដែល​មេ​បក្ស​នៅ​ក្រៅ​ឆាក និង​ប្រកាស​ដក​ខ្លួន​ថយ​គ្មាន​តម្លៃ​ណា​មួយ​នាំ​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​នោះ​ទេ។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ ហាក់​បី​ដូច​ជា​បាត់​លំនឹង បាត់​ភាព​ម្ចាស់ការ​ក្នុង​ការ​ដឹកនាំ​របស់​ខ្លួន ពីព្រោះ​មេ​បក្ស លោក សម រង្ស៊ី មិន​ច្បាស់លាស់​ថា នឹង​វិល​ត្រឡប់​ចូល​មក​វិញ​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត ឬ​អត់​នោះ​ឡើយ។

ទាក់ទង​នឹង​វត្តមាន​លោក សម រង្ស៉ី នេះ សមាជ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​លោក សម រង្ស៉ី ជា​បេក្ខជន​នាយករដ្ឋមន្ត្រី និង​លោក កឹម សុខា ជា​បេក្ខជន​ប្រធាន​រដ្ឋ​សភា។ ប៉ុន្តែ​លោក កឹម សុខា មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ទេ​ថា លោក សម រង្ស៉ី នឹង​អាច​វិល​ចូល​ស្រុក​មុន​ការ​បោះ​ឆ្នោត ឬ​យ៉ាង​ណា​ទេ ហើយ​លោក​ក៏​មិន​បដិសេធ​ថា លោក សម រង្ស៉ី អាច​នឹង​នៅ​ក្រៅ​ស្រុក​រហូត ឬ​អត់​ដែរ។ លោក​គ្រាន់​តែ​បញ្ជាក់​ថា ស្ថានភាព​នយោ​បាយ​អាច​នឹង​ប្រែប្រួល​មុន​ការ​បោះ​ឆ្នោត។

លោក កឹម សុខា៖ «ឥឡូវ​នេះ​សហគមន៍​ជាតិ និង​អន្តរជាតិ និង​អង្គការ​សំខាន់ៗ​រក​ឃើញ​ចំណុច​ខុស​ឆ្គង​យ៉ាង​ធ្ងន់ធ្ងរ អ៊ីចឹង​ហើយ​ព្រឹត្តិការណ៍​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​គេ​ចាប់​អារម្មណ៍​ណាស់ អ្វីៗ​ក៏​អាច​ផ្លាស់ប្ដូរ​មុន​ការ​បោះ​ឆ្នោត​បាន​ដែរ»

កាល​ពី​ខែ​មីនា លោក សម រង្ស៉ី ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​នឹង​មិន​វិល​ចូល​ស្រុក​ដើម្បី​បង្ហាញ​ឲ្យ​អន្តរជាតិ​ឃើញ​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ពិត​ជា​មិន​អាច​ទទួល​យក​បាន ហើយ​រំលង​មិន​បាន​មួយ​ខែ​ផង លោក​ក៏​បាន​ស្នើ​ឲ្យ​ពន្យារ​ពេល​រៀបចំ​ការ​បោះ​ឆ្នោត​ដែរ ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បដិសេធ។

គណបក្ស​ប្រឆាំង​ដាក់​ចេញ​នូវ​គោលនយោបាយ​សំខាន់ៗ​មួយ​ចំនួន ដូចជា​លុប​បំបាត់​អំពើ​ពុករលួយ ការ​ការពារ​បូរណភាព​ទឹក​ដី ការ​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍ ពិនិត្យ​មើល​លិខិត​បទដ្ឋាន​ដែល​រាជរដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច កែ​ទម្រង់​ប្រព័ន្ធ​តុលាការ និង​ប្ដេជ្ញា​ធ្វើ​យ៉ាង​ណា​ឲ្យ​អំណាច​នីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និង​តុលាការ​ឯករាជ្យ​ពី​គ្នា។ គោលនយោបាយ​ចំពោះ​ពលរដ្ឋ​វិញ បក្ស​សង្គ្រោះ​ជាតិ​ក៏​សន្យា​ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រី​រាជការ កម្មករ​រោងចក្រ និង​ផ្ដល់​ប្រាក់​ជូន​ជន​ចាស់​ជរា​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។