គណបក្សសង្គ្រោះជាតិ ត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៦ ខែឧសភា ទទួលស្គាល់ជាផ្លូវការបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៥។
ស្របគ្នានេះ តំណាងចលនាស្ត្រីគណបក្សសង្គ្រោះជាតិ ប្រកាសជាសាធារណៈបង្ហាញពីគោលនយោបាយ ៧ចំណុចរបស់ខ្លួន ដើម្បីលើកកម្ពស់សិទ្ធិស្ត្រីសម្រាប់ការបោះឆ្នោតថ្នាក់ជាតិលើកនេះ។
គោលនយោបាយ ៧ចំណុចនៃគណបក្សសង្គ្រោះជាតិ សម្រាប់ស្ត្រីផ្ដោតចម្បងទៅលើការអប់រំ សេវាសុខភាពដោយពុំមានបង់ប្រាក់ បៀវត្សរ៍សម្រាប់ស្ត្រី និងទប់ស្កាត់អំពើហិង្សាលើស្ត្រី។
អគ្គនាយករងទំនាក់ទំនងសាធារណៈគណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិជ្ជា មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ធានាផ្ដល់ប្រាក់ប្រចាំខែដល់ស្ត្រីវ័យចំណាស់ដែលមានអាយុ ៦៥ឆ្នាំឡើងទៅ ការដំឡើងប្រាក់ខែកម្មករ មន្ត្រីរាជការជាស្ត្រី ការផ្ដល់សេវាសុខភាពដោយឥតបង់ប្រាក់សម្រាប់ស្ត្រីក្រីក្រ និងការផ្ដល់អាហារូបករណ៍ដល់យុវតីក្រីក្រ។
នាយិកាប្រតិបត្តិអង្គការសីលកា អ្នកស្រី ធីតា ឃិះ មានប្រសាសន៍ថា ការតាក់តែងគោលនយោបាយជាញឹកញយ ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គឺមានគោលដៅល្អក្នុងការជំរុញ និងលើកកម្ពស់សិទ្ធិស្ត្រី។ ប៉ុន្តែ នៅក្នុងការអនុវត្ត គឺមិនអាចមានប្រសិទ្ធភាពទាំងស្រុងឡើយ ពោលចាំបាច់អោយមានអភិបាលកិច្ចល្អ ដែលគាំទ្របន្ថែមទៀត។

សមាជិកចលនាស្ត្រីរបស់គណបក្សសង្គ្រោះជាតិ អ្នកស្រី លី ស្រីវីណា ថ្លែងថា ស្របពេលដែលមានគោលនយោបាយសម្រាប់ស្ត្រី មេដឹកនាំគណបក្សរបស់អ្នកស្រីមានឆន្ទៈក្នុងការធ្វើអោយមានការផ្លាស់ប្ដូរខុសប្លែកពីពេលបច្ចុប្បន្ន។
វិទ្យុអាស៊ីសេរី នៅមិនអាចទាក់ទងមន្ត្រីគណបក្សប្រជាជនកម្ពុជា ដើម្បីបង្ហាញពីគោលនយោបាយគណបក្សចំពោះស្ត្រីបានទេ នៅរសៀលថ្ងៃទី១៦ ខែឧសភា។
នៅក្នុងចំណុចទី៨ នៃកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណបក្សនេះអភិវឌ្ឍយុវជន ជំរុញការបណ្ដុះបណ្ដាលវិជ្ជាជីវៈ អភិវឌ្ឍជនជាតិភាគតិច បង្កើនការផ្តល់សេវាជួយសង្គ្រោះក្រុមជនងាយរងគ្រោះ លើកស្ទួយសិទ្ធិនារី កុមារ និងជនពិការ ទប់ស្កាត់អំពើហិង្សា ការជួញដូរស្ត្រី និងកុមារ ការផលិត និងជួញដូរគ្រឿងញៀន និងការរីករាលដាលនៃជំងឺឆ្លងកាចសាហាវនានា។
ក្នុងការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៥ នេះ គណបក្សសង្គ្រោះជាតិ បានដាក់បេក្ខជនតំណាងរាស្ត្រជាស្ត្រី ទាំងពេញសិទ្ធិ និងបម្រុងចំនួន ៣១រូប។ ចំណែកគណបក្សប្រជាជនកម្ពុជា មានបេក្ខជនស្ត្រីចំនួន ៤៨រូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
