ខ្មែរ​នៅ​បរទេស​ជំរុញ​ឲ្យ​លោក អូបាម៉ា ជួយ​អន្តរាគមន៍​វិបត្តិ​នយោបាយ​នៅ​កម្ពុជា

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាង ៥០០​នាក់​មក​ពី​រដ្ឋ​ជា​ច្រើន​ក្នុង​សហរដ្ឋ​អាមេរិក និង​កាណាដា កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២០ មករា បាន​នាំ​គ្នា​ហែ​ក្បួន​ពី​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ទៅ​កាន់​ស្ថានទូត​ខ្មែរ។

0:00 / 0:00

ក្រុម​បាតុករ​បាន​ប្រកាស​ថា បាតុកម្ម​នោះ​ជា​ជោគជ័យ​ដ៏​ធំ​ក្នុង​ការ​បង្ហាញ​ពី​ភាព​ប្ដេជ្ញា​ចិត្ត​ជា​ធ្លុង​មួយ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ការ​កែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ប្រកប​ដោយ​តម្លាភាព និង​ទាមទារ​រក​យុត្តិធម៌​ដល់​កម្មករ​ដែល​ត្រូវ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋ​បាញ់​ប្រហារ​កាល​ពី​ដើម​ខែ​មករា នោះ។

សូរ​សម្រែក​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច សំឡេង​ទាមទារ​ឲ្យ​លោក បារ៉ាក់ អូបាម៉ា (Barack Obama) ជួយ​អន្តរាគមន៍​វិបត្តិ​នយោបាយ​នៅ​កម្ពុជា និង​ទាមទារ​ឲ្យ​កាត់​ទោស​លោក ហ៊ុន សែន នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​បំពង​រង្គើ​តាំង​ពី​បរិវេណ​សេត​វិមាន​របស់​ប្រធានាធិបតី​អាមេរិក រហូត​ដល់​ស្ថានទូត​ខ្មែរ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington)។

សមាជិក​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ លោក តាន់ វិបុល មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​មាន​មោទនភាព​ដែល​បាន​ឃើញ​ពលរដ្ឋ​ខ្មែរ​មក​ពី​គ្រប់​ទិសទី​ក្នុង​សហរដ្ឋអាមេរិក និង​កាណាដា ឈឺ​ឆ្អាល និង​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​សង្គម​នៅ​កម្ពុជា។

រហូត​មក​ទល់​ពេល​នេះ​ពុំ​មាន​មន្ត្រី​ស្ថានទូត​ខ្មែរ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សម្ដែង​ប្រតិកម្ម​ទៅ​កាន់​ក្រុម​បាតុករ​ខ្មែរ​អាមេរិកាំង និង​ខ្មែរ​កាណាដា​នៅ​ឡើយ​ទេ។

ក្បួន​បាតុកម្ម​ដែល​ហែ​ដោយ​ថ្មើរ​ជើង​ពី​មុខ​សេតវិមាន​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ក្នុង​ចម្ងាយ​ជិត ១០​គីឡូម៉ែត្រ​នោះ មាន​ការ​ការពារ​សុវត្ថិភាព​ចរាចរណ៍​ដោយ​ក្រុម​ប៉ូលិស​យ៉ាង​យក​ចិត្ត​ទុកដាក់។

លោក សូ សុខុម ដែល​ជា​សមាជិក​នៃ​អង្គការ​បណ្ដាញ​ពលរដ្ឋ​ខ្មែរ និង​ជា​អ្នក​ដឹកនាំ​ម្នាក់​ក្នុង​ចំណោម​អ្នក​នាំ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២១ មករា បាន​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ខ្មែរ​ទាំង​អស់ មិន​ត្រូវ​កាន់​អាវុធ​ដើម្បី​សម្លាប់​ពលរដ្ឋ​ស្លូត​ត្រង់​បាត​ដៃ​ទទេ​របស់​ខ្លួន​ដែល​ស្រេកឃ្លាន​សេរីភាព​នោះ​ទេ។

លោក​បន្ត​ថា ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង​កាល​ពី​សប្ដាហ៍​មុន​ក្នុង​ការ​គំរាម​បង្ក្រាប​ក្រុម​បក្ស​ប្រឆាំង​នោះ ថា​កំពុង​ធ្វើ​ដំណើរ​ខុស​គន្លង​នីតិរដ្ឋ​ដ៏​ធ្ងន់ធ្ងរ ហើយ​ថា កងកម្លាំង​ប្រដាប់​អាវុធ​មិន​ត្រូវ​សម​គំនិត​ជាមួយ​លោក ហ៊ុន សែន ឡើយ។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា លោក ហ៊ុន សែន បាន​ហៅ​ការ​ទាមទារ​របស់​ក្រុម​បក្ស​ប្រឆាំង​ឲ្យ​លោក​ចុះចេញ​ពី​តំណែង​ថា ជា​ការ​បង្ខំ​ឲ្យ​លោក​ដើរ​ផ្លូវ​ទាល់ច្រក។

ពលរដ្ឋ​ខ្មែរ​ពី​ទីក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) បាន​ថ្លែង​ថា រដ្ឋមន្រ្តី ឬ​មន្ត្រី​យោធា​ដែល​ស្ម័គ្រស្មោះ​ជាមួយ​លោក ហ៊ុន សែន មាន​ចំនួន​តិច​ជាង​រដ្ឋមន្ត្រី ឬ​មន្ត្រី​យោធា​ដែល​ត្រៀម​រត់​ចោល​លោក។ លោក​បន្ត​ថា លោក​នឹង​បញ្ចេញ​ឈ្មោះ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក ហ៊ុន សែន ដែល​ប្រញាប់ប្រញាល់​ទិញ​ផ្ទះ​នៅ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត។

ចំណែក​លោក ឈុំ សេរីសុខុម ពី​រដ្ឋ​ណស្ត កូរ៉ូឡាយណា (North Carolina) មាន​ប្រសាសន៍​ថា ទោះ​បី​ជា​ពលរដ្ឋ​ស្លូត​ត្រង់​ត្រូវ​បាន​ក្រុម​យោធា​របស់​លោក ហ៊ុន សែន បាញ់​ប្រហារ​យ៉ាង​ណា​ក៏ដោយ ក៏​ពួកគេ​មិន​ត្រូវ​ចុះចាញ់​ការ​ទាមទារ​នោះ​ទេ ហើយ​ថា ពួកគេ​ត្រូវ​បង្កើន​ការ​តស៊ូ​ថែម​ទៀត។

ការ​ខឹងសម្បា​របស់​មហាជន​នៅ​ក្នុង​និង​ក្រៅ​ប្រទេស ធ្វើ​ឡើង​បន្ទាប់​ពី​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល បាន​បាញ់​សម្លាប់​កម្មករ​ចំនួន ៥​នាក់ ហើយ​មនុស្ស​ជាង ៤០​នាក់​ផ្សេង​ទៀត របួស​កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា។ មួយ​ថ្ងៃ​ក្រោយ​មក ក្រុម​សមត្ថកិច្ច​ក៏​បាន​ចុះ​បង្ក្រាប​ក្រុម​បាតុករ​របស់​បក្ស​សង្គ្រោះ​ជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ហើយ​បាន​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ពី​ក្រុម​បាតុករ មាន​ដូច​ជា​ម៉ាស៊ីន​ភ្លើង ធុងបាស ទូរស័ព្ទ​ដៃ កន្ទេល មុង​ភួយ ចាន​ឆ្នាំង និង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ផ្សេង​ទៀត។

អ្នកស្រី និល សុគន្ធា ដែល​ធ្វើ​ដំណើរ​ជាង ៧​ម៉ោង​​ពី​រដ្ឋ​ណស្ដ កូរ៉ូឡាយណា ដែរ​នោះ មាន​ប្រសាសន៍​ថា លោក​នាយករដ្ឋមន្ត្រី​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ទៅ​លើ​កម្មករ​ដែល​គ្រាន់តែ​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ។

បដា​បាតុកម្ម​កាល​ពី​ថ្ងៃ​ច័ន្ទ ភាគ​ច្រើន​សរសេរ​ខឹងសម្បា​បាញ់​ឆ្ពោះ​ទៅ​លោក ហ៊ុន សែន តែម្តង។ បដា​ភាគ​ច្រើន​សរសេរ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​សត្រូវ​មហាជន​លំដាប់​លេខ​១។ លោក ហ៊ុន សែន ជា​ឧក្រិដ្ឋជន​សម្លាប់​កម្មករ ហើយ​ខ្លះ​ទៀត​សរសេរ​ថា អាមេរិក អង្គការ​សហប្រជាជាតិ និង​សហគមន៍​អឺរ៉ុប ត្រូវ​នាំ​ខ្លួន​លោក ហ៊ុន សែន ទៅ​កាត់​ទោស​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។

ទាក់ទង​ការ​ទាមទារ​អោយ​មាន​ការ​នាំ​ខ្លួន​លោក ហ៊ុន សែន ទៅ​កាត់​ទោស​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នេះ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ច័ន្ទ ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ក្រុម​មេធាវី​ដែល​មាន​ជំនាញ​ផ្នែក​ឧក្រិដ្ឋកម្ម​អន្តរជាតិ នឹង​ប្រមូល​ភស្តុតាង​ទាំង​ឡាយ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​កម្ពុជា ដែល​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន បាន​ប្រព្រឹត្ត​ក្នុង​ពេល​កន្លង​ទៅ ដើម្បី​តតាំង​តាម​ផ្លូវ​ច្បាប់​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ហៅ​កាត់​ថា អាយ.ស៊ី.ស៊ី ក្នុង​ពេល​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។