អ្នកសង្កេតការណ៍ជាតិចំនួន ២០០នាក់ មកពីអង្គការក្នុងស្រុកចំនួន ៤០អង្គការ ត្រូវបានគេដាក់ពង្រាយលាយឡំហ្វូងបាតុកររាប់ម៉ឺននាក់។
ក្រុមអ្នកសង្កេតការណ៍ត្រូវបានគេចែកជាក្រុមតូចៗ ពិនិត្យមើលស្ថានភាពទូទៅ ដូចជា ផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ ជាពិសេសចាំឃ្លាំមើលក្រែងមានអំពើហិង្សាកើតឡើង។
អ្នកសង្កេតការណ៍មួយរូបមកពីអង្គការសមធម៌ លោក ប៊ុន មករា ដែលកំពុងឈរជ្រកម្លប់ ក្បែរទីលានប្រជាធិបតេយ្យ សង្កេតឃើញថា ក្រុមបាតុករមានសណ្ដាប់ធ្នាប់ល្អ។
ចំណែកអ្នកសង្កេតការណ៍ កញ្ញា កោល សិលា មកពីអង្គការសមធម៌ដែរនោះ ក៏យល់ឃើញប្រហាក់ប្រហែលគ្នាដែរ។
ក្នុងពេលមេដឹកនាំបក្សសង្គ្រោះជាតិ ថ្លែងសារនយោបាយ ក្រុមបាតុករក៏នាំគ្នាស្រែកជ័យឃោស ជួនកាលស្រែកបន្ទរម្ដងៗ។
អ្នកសង្កេតការណ៍មួយរូបទៀត គឺ គីម វិច្ឆិកា សង្កេតឃើញថា បើទោះបីប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តភាគច្រើន ខកខានមិនបានមកចូលរួមបាតុកម្ម ដោយសារមានអាជ្ញាធរឃាត់តាមផ្លូវ យ៉ាងណាក្ដី ក៏ចំនួនអ្នកចូលរួមបានកើនលើសតាមការគ្រោងទុក ដែលបក្សសង្គ្រោះគ្រោងចំនួន ២ម៉ឺននាក់។ ទោះយ៉ាងណា ចំនួនបាតុករត្រូវបានគេអះអាងខុសៗគ្នា។ មន្ត្រីបក្សសង្គ្រោះជាតិ អះអាងថា មានអ្នកចូលរួមប្រហែល ៣ម៉ឺននាក់ ខណៈកាសែតបរទេសខ្លះដាក់ថា ក្រុមបាតុករមានចំនួនរាប់ពាន់នាក់។
អ្នកសង្កេតការណ៍មកពីអង្គការសិទ្ធិលំនៅឋាន កញ្ញា ឡុង គឹមហ៊ាង ចាប់អារម្មណ៍ចំណុចបីសំខាន់ គឺក្រុមបាតុករហាក់ចេះប្រុងប្រយ័ត្នការពារសន្តិសុខខ្លួនឯងបានយ៉ាងប្រុងប្រយ័ត្ន ថែមទាំងចេះរក្សាអនាម័យទៀតផង។ តែអ្វីដែលកញ្ញាចាប់អារម្មណ៍នោះ គឺក្រុមគិញសម្ងាត់រដ្ឋាភិបាលស្លៀកពាក់ស៊ីវិល ដើរស៊ើបការណ៍ក្នុងហ្វូងបាតុករ។
វិទ្យុអាស៊ីសេរី ក៏បានកត់សម្គាល់ឃើញប្រហាក់ប្រហែលគ្នាដែរ គឺនៅពេលសម្ភាសជាមួយអ្នកសង្កេតការណ៍នានាក្នុងហ្វូងបាតុករ តែងឃើញមានជនចម្លែកស្លៀកពាក់ស៊ីវិល ពាក់វ៉ែនតាខ្មៅ ពាក់មួកជិតស្លុប មកធ្វើជាប្រជ្រៀតស្ដាប់ជាញឹកញាប់។ ក្រៅពីនេះ កញ្ញា ឡុង គឹមហ៊ាង ចាប់អារម្មណ៍អំពីឥរិយាបថរបស់ក្រុមបាតុករ ហាក់ដូចប្រុងប្រយ័ត្ន និងត្រួតពិនិត្យលើប្រព័ន្ធផ្សព្វផ្សាយ។ ការអះអាងដូច្នេះ ហាក់ដូចជាបញ្ជាក់ទៅនឹងរឿងដែលទើបកើតឡើងមុននេះបន្តិច ពោលគឺអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី បានដើរថតរូបក្រុមបាតុករខ្លះដែលនាំគ្នាជ្រកម្លប់ឈើ ក្នុងមួយដើមបួនប្រាំនាក់ៗ ស្រាប់តែមានបាតុករយុវវ័យពីរបីនាក់ បន្លឺពាក្យថា "មកថតអីកន្លែងហ្នឹង! កន្លែងមនុស្សច្រើនមិនទៅថត?”។ បន្ទាប់មក ក្រុមបាតុករទាំងនោះក៏តាមសួរជីកឫសជីកគល់តែម្ដង។

ក្រុមអ្នកសង្កេតការណ៍ បានវាយតម្លៃប្រហាក់ប្រហែលគ្នាថា ក្រុមបាតុករហាក់ចេះត្រួតពិនិត្យសន្តិសុខ និងស្ថានការណ៍ក្នុងពេលធ្វើបាតុកម្មដោយខ្លួនឯងបានយ៉ាងល្អ។ ជាក់ស្ដែង នៅពេល លោក សម រង្ស៊ី កំពុងថ្លែងសារនយោបាយទៅកាន់ហ្វូងបាតុករ ស្រាប់តែក្រុមបាតុករមួយចំនួនបានត្រួតពិនិត្យឃើញមានមនុស្សហែកដំបូលក្បឿងអគារខ្ពស់មួយនៅក្បែរនោះ គឺក្បែរក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីថតរូបហ្វូងបាតុករដែលកំពុងធ្វើបាតុកម្ម ហើយក៏នាំគ្នាស្រែកឡូឡាលុះត្រាមនុស្សដែលហែកដំបូលក្បឿងនោះឡឹបចូលក្នុងអគារវិញ។
ជាងនេះទៅទៀត កញ្ញា ឡុង គឹមហ៊ាង បន្តថា ក្រុមបាតុករហាក់ចង់អួតប្រាប់អ្នកកាសែត អ្នកថតរូប និងអ្នកថតវីដេអូអំពីចំនួនក្រុមបាតុករមកចូលរួមបាតុកម្មអហិង្សានេះ ថាមានចំនួនច្រើនលើសលប់ ហើយមិនចង់ឲ្យអ្នកកាសែតមកថតរូបកន្លែងណាដែលមិនសូវមានមនុស្សចូលរួមច្រើន ព្រោះខ្លាចគេផ្សាយថា អ្នកចូលរួមមានចំនួនតិច។
បាតុករបានរំសាយនៅពេលថ្ងៃត្រង់ដោយសុវត្ថិភាព។
ចុងបញ្ចប់ ប្រធានក្រុមអ្នកសង្កេតការណ៍ លោក សួន ប៊ុនស័ក្ដិ អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្មការពារសិទ្ធិមនុស្សកម្ពុជា បានវាយតម្លៃថា បាតុកម្មនៅទីលានប្រជាធិបតេយ្យបានដំណើរការល្អ។ តែលោកអាក់អន់ចិត្តចំពោះអាជ្ញាធរតាមខេត្ត ដែលរំខានប្រជាពលរដ្ឋមិនឲ្យឡើងមកចូលរួមបាតុកម្មនៅភ្នំពេញបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
