មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ

ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​រៀបរយ ទាំង​អាជ្ញាធរ​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ការពារ​សន្តិសុខ​បាន​ល្អ។ ក៏ប៉ុន្តែ ក្រុម​អ្នក​សង្កេត​ការណ៍​បាន​រិះគន់​អាជ្ញាធរ​នៅ​តាម​ខេត្ត​នានា ថា​មិន​ល្អ ដោយសារ​បាន​រារាំង​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​មក​ចូល​រួម​មហា​បាតុកម្ម​នៅ​ភ្នំពេញ។

0:00 / 0:00

អ្នក​សង្កេត​ការណ៍​ជាតិ​ចំនួន ២០០​នាក់ មក​ពី​អង្គការ​ក្នុង​ស្រុក​ចំនួន ៤០​អង្គការ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​លាយឡំ​ហ្វូង​បាតុករ​រាប់​ម៉ឺន​នាក់។

ក្រុម​អ្នក​សង្កេត​ការណ៍​ត្រូវ​បាន​គេ​ចែក​ជា​ក្រុម​តូចៗ ពិនិត្យ​មើល​ស្ថានភាព​ទូទៅ ដូចជា ផ្នែក​សន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ ជាពិសេស​ចាំ​ឃ្លាំ​មើល​ក្រែង​មាន​អំពើ​ហិង្សា​កើត​ឡើង។

អ្នក​សង្កេត​ការណ៍​មួយ​រូប​មក​ពី​អង្គការ​សមធម៌ លោក ប៊ុន មករា ដែល​កំពុង​ឈរ​ជ្រក​ម្លប់ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ សង្កេត​ឃើញ​ថា ក្រុម​បាតុករ​មាន​សណ្ដាប់​ធ្នាប់​ល្អ។

ចំណែក​អ្នក​សង្កេត​ការណ៍ កញ្ញា កោល សិលា មក​ពី​អង្គការ​សមធម៌​ដែរ​នោះ ក៏​យល់​ឃើញ​ប្រហាក់​ប្រហែល​គ្នា​ដែរ។

ក្នុង​ពេល​មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ ថ្លែង​សារ​នយោបាយ ក្រុម​បាតុករ​ក៏​នាំ​គ្នា​ស្រែក​ជ័យ​ឃោស ជួន​កាល​ស្រែក​បន្ទរ​ម្ដងៗ។

អ្នក​សង្កេត​ការណ៍​មួយ​រូប​ទៀត គឺ គីម វិច្ឆិកា សង្កេត​ឃើញ​ថា បើ​ទោះ​បី​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ភាគ​ច្រើន ខក​ខាន​មិន​បាន​មក​ចូល​រួម​បាតុកម្ម ដោយសារ​មាន​អាជ្ញាធរ​ឃាត់​តាម​ផ្លូវ យ៉ាង​ណា​ក្ដី ក៏​ចំនួន​អ្នក​ចូល​រួម​បាន​កើន​លើស​តាម​ការ​គ្រោង​ទុក ដែល​បក្ស​សង្គ្រោះ​គ្រោង​ចំនួន ២​ម៉ឺន​នាក់។ ទោះ​យ៉ាង​ណា ចំនួន​បាតុករ​ត្រូវ​បាន​គេ​អះអាង​ខុសៗ​គ្នា។ មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ អះអាង​ថា មាន​អ្នក​ចូល​រួម​ប្រហែល ៣​ម៉ឺន​នាក់ ខណៈ​កាសែត​បរទេស​ខ្លះ​ដាក់​ថា ក្រុម​បាតុករ​មាន​ចំនួន​រាប់​ពាន់​នាក់។

អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​សិទ្ធិ​លំនៅឋាន កញ្ញា ឡុង គឹមហ៊ាង ចាប់​អារម្មណ៍​ចំណុច​បី​សំខាន់ គឺ​ក្រុម​បាតុករ​ហាក់​ចេះ​ប្រុង​ប្រយ័ត្ន​ការពារ​សន្តិសុខ​ខ្លួន​ឯង​បាន​យ៉ាង​ប្រុង​ប្រយ័ត្ន ថែម​ទាំង​ចេះ​រក្សា​អនាម័យ​ទៀត​ផង។ តែ​អ្វី​ដែល​កញ្ញា​ចាប់​អារម្មណ៍​នោះ គឺ​ក្រុម​គិញ​សម្ងាត់​រដ្ឋាភិបាល​ស្លៀក​ពាក់​ស៊ីវិល ដើរ​ស៊ើប​ការណ៍​ក្នុង​ហ្វូង​បាតុករ។

វិទ្យុ​អាស៊ីសេរី ក៏​បាន​កត់​សម្គាល់​ឃើញ​ប្រហាក់​ប្រហែល​គ្នា​ដែរ គឺ​នៅ​ពេល​សម្ភាស​ជាមួយ​អ្នក​សង្កេត​ការណ៍​នានា​ក្នុង​ហ្វូង​បាតុករ តែង​ឃើញ​មាន​ជន​ចម្លែក​ស្លៀក​ពាក់​ស៊ីវិល ពាក់​វ៉ែនតា​ខ្មៅ ពាក់​មួក​ជិត​ស្លុប មក​ធ្វើ​ជា​ប្រជ្រៀត​ស្ដាប់​ជា​ញឹកញាប់។ ក្រៅ​ពី​នេះ កញ្ញា ឡុង គឹមហ៊ាង ចាប់​អារម្មណ៍​អំពី​ឥរិយាបថ​របស់​ក្រុម​បាតុករ ហាក់​ដូច​ប្រុង​ប្រយ័ត្ន និង​ត្រួត​ពិនិត្យ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ការ​អះអាង​ដូច្នេះ ហាក់​ដូច​ជា​បញ្ជាក់​ទៅ​នឹង​រឿង​ដែល​ទើប​កើត​ឡើង​មុន​នេះ​បន្តិច ពោល​គឺ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី បាន​ដើរ​ថត​រូប​ក្រុម​បាតុករ​ខ្លះ​ដែល​នាំ​គ្នា​ជ្រក​ម្លប់​ឈើ ក្នុង​មួយ​ដើម​បួន​ប្រាំ​នាក់ៗ ស្រាប់​តែ​មាន​បាតុករ​យុវវ័យ​ពីរ​បី​នាក់ បន្លឺ​ពាក្យ​ថា "មក​ថត​អី​កន្លែង​ហ្នឹង! កន្លែង​មនុស្ស​ច្រើន​មិន​ទៅ​ថត?”។ បន្ទាប់​មក ក្រុម​បាតុករ​ទាំង​នោះ​ក៏​តាម​សួរ​ជីក​ឫស​ជីក​គល់​តែ​ម្ដង។

បាតុករ​ភ្ញាក់​ផ្អើល​មើល​មនុស្ស​ហែក​ដំបូល​ក្បឿង​អគារ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ថត​រូប លោក សម រង្សី កំពុង​ថ្លែង​សារ​នយោបាយ នៅ​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០១៣។
បាតុករ​ភ្ញាក់​ផ្អើល​មើល​មនុស្ស​ហែក​ដំបូល​ក្បឿង​អគារ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ថត​រូប លោក សម រង្សី កំពុង​ថ្លែង​សារ​នយោបាយ នៅ​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០១៣។ (RFA/Vohar Cheath)

ក្រុម​អ្នក​សង្កេត​ការណ៍ បាន​វាយ​តម្លៃ​ប្រហាក់​ប្រហែល​គ្នា​ថា ក្រុម​បាតុករ​ហាក់​ចេះ​ត្រួត​ពិនិត្យ​សន្តិសុខ និង​ស្ថានការណ៍​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ដោយ​ខ្លួន​ឯង​បាន​យ៉ាង​ល្អ។ ជាក់​ស្ដែង នៅ​ពេល លោក សម រង្ស៊ី កំពុង​ថ្លែង​សារ​នយោបាយ​ទៅ​កាន់​ហ្វូង​បាតុករ ស្រាប់​តែ​ក្រុម​បាតុករ​មួយ​ចំនួន​បាន​ត្រួត​ពិនិត្យ​ឃើញ​មាន​មនុស្ស​ហែក​ដំបូល​ក្បឿង​អគារ​ខ្ពស់​មួយ​នៅ​ក្បែរ​នោះ គឺ​ក្បែរ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដើម្បី​ថត​រូប​ហ្វូង​បាតុករ​ដែល​កំពុង​ធ្វើ​បាតុកម្ម ហើយ​ក៏​នាំ​គ្នា​ស្រែក​ឡូឡា​លុះត្រា​មនុស្ស​ដែល​ហែក​ដំបូល​ក្បឿង​នោះ​ឡឹប​ចូល​ក្នុង​អគារ​វិញ។

ជាង​នេះ​ទៅ​ទៀត កញ្ញា ឡុង គឹមហ៊ាង បន្ត​ថា ក្រុម​បាតុករ​ហាក់​ចង់​អួត​ប្រាប់​អ្នក​កាសែត អ្នក​ថត​រូប និង​អ្នក​ថត​វីដេអូ​អំពី​ចំនួន​ក្រុម​បាតុករ​មក​ចូល​រួម​បាតុកម្ម​អហិង្សា​នេះ ថា​មាន​ចំនួន​ច្រើន​លើសលប់ ហើយ​មិន​ចង់​ឲ្យ​អ្នក​កាសែត​មក​ថត​រូប​កន្លែង​ណា​ដែល​មិន​សូវ​មាន​មនុស្ស​ចូល​រួម​ច្រើន ព្រោះ​ខ្លាច​គេ​ផ្សាយ​ថា អ្នក​ចូល​រួម​មាន​ចំនួន​តិច។

បាតុករ​បាន​រំសាយ​នៅ​ពេល​ថ្ងៃ​ត្រង់​ដោយ​សុវត្ថិភាព។

ចុង​បញ្ចប់ ប្រធាន​ក្រុម​អ្នក​សង្កេត​ការណ៍ លោក សួន ប៊ុនស័ក្ដិ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​វាយ​តម្លៃ​ថា បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​បាន​ដំណើរ​ការ​ល្អ។ តែ​លោក​អាក់អន់​ចិត្ត​ចំពោះ​អាជ្ញាធរ​តាម​ខេត្ត ដែល​រំខាន​ប្រជាពលរដ្ឋ​មិន​ឲ្យ​ឡើង​មក​ចូល​រួម​បាតុកម្ម​នៅ​ភ្នំពេញ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។