គណៈកម្មការអន្តរក្រសួងកំពុងត្រួតពិនិត្យសំណើសុំលើកលែង និងបន្ធូរបន្ថយទោសទណ្ឌិតដែលថ្នាក់ក្រោមជាតិបានផ្ញើមក។ ទាក់ទងរឿងនេះ សង្គមស៊ីវិលស្នើអោយការត្រួតពិនិត្យត្រូវធ្វើឡើងដោយតម្លាភាព យុត្តិធម៌ និងគ្មានអំពើពុករលួយ។ ដោយឡែកគណបក្សសង្គ្រោះជាតិ ដែលទាំងមន្ត្រីជាន់ខ្ពស់ និងសកម្មជនរបស់ខ្លួនកំពុងជាប់ពន្ធនាគារ ទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការ ឬអ្នកទោសនយោបាយ។
គណៈកម្មាធិការអន្តរក្រសួងថ្នាក់ជាតិ ដែលកំពុងពិនិត្យសំណើលើកលែង និងបន្ធូរបន្ថយទោសទណ្ឌិត មានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផ្នែកពន្ធនាគារជាអនុប្រធាន តំណាងអគ្គស្នងការនគរបាលជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀតជាសមាជិក។
អ្នកនាំពាក្យពន្ធនាគារ លោក នុត សាវនា ឲ្យដឹងថា នៅពេលក្រុមការងារអន្តរក្រសួងនេះ ពិនិត្យរួចរាល់ នឹងផ្ញើសំណើនេះទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ និងបញ្ជូនទៅព្រះមហាក្សត្រ ដើម្បីចេញព្រះរាជក្រឹត្យលើកលែង និងបន្ធូរបន្ថយទោស។ លោកថា លោកមិនទាន់បានដឹងពីចំនួនទណ្ឌិតដែលត្រូវលើកលែង ឬបន្ធូរបន្ថយទោស និងនីតិវិធីនៃការពិនិត្យនេះនៅឡើយទេ៖ «យើងពិនិត្យតាមលក្ខណៈសម្បត្តិដូចមានកំណត់ដោយច្បាប់ ដូចថា គាត់ជាប់ទោស មួយភាគបី ឬក៏ពីរភាគបីហើយ ហើយគាត់មានការកែប្រែ អប់រំខ្លួនគាត់ក្លាយជាពលរដ្ឋល្អ ហើយយើងវាយតម្លៃទៅថា គាត់មិនប្រព្រឹត្តិបទល្មើសជាថ្មី»។
លោក នុត សាវនា ឲ្យដឹងទៀតថា ឆ្នាំនេះការលើកលែង ឬបន្ធូរបន្ថយទោសទណ្ឌិត គឺមានការរឹតបន្តឹងខ្លាំង ដោយអនុវត្តតាមប្រសាសន៍របស់លោក ហ៊ុន សែន ដែលមិនឲ្យលើកលែងចំពោះអ្នកទោសណាដែលជាប់ពាក់ព័ន្ធករណីបទឧក្រិដ្ឋធំៗ។
នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ដើម្បីឲ្យការលើកលែងទោស និងបន្ធូរបន្ថយទណ្ឌិតមិនបង្កអសន្តិសុខដល់សង្គម ត្រូវមានការពិនិត្យច្បាស់លាស់ពីក្រសួងយុត្តិធម៌ ហើយក្រុមការងារវាយតម្លៃត្រូវមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ៖ «យើងចង់ឃើញភាពស្អាតស្អំក្នុងដំណើរការនៃការដោះលែងហ្នឹង ជាពិសេសនីតិវិធីទាំងឡាយនៃការដោះលែងហ្នឹង ត្រូវការពិនិត្យពិច័យឲ្យបានហ្មត់ចត់»។
ការលើកលែងទោស និងបន្ធូរបន្ថយទោសនេះមាន ៣លើកក្នុងមួយឆ្នាំ គឺនៅរាល់មានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា និងពិធីបុណ្យអុំទូក។ អ្នកនាំពាក្យពន្ធនាគារឲ្យវិទ្យុអាស៊ីសេរី ដឹងថ្ងៃទី២ ខែមេសា ថា ការលើកលែង និងបន្ធូរបន្ថយទោសទណ្ឌិតក្នុងពិធីបុណ្យចូលឆ្នាំខាងមុខ បូកបញ្ចូលទាំងការលើកលែង និងបន្ធូរបន្ថយទោសក្នុងពិធីបុណ្យវិសាខបូជា។
ដោយឡែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ចង់ឃើញរដ្ឋាភិបាលដោះលែងអ្នកទោសក្នុងពិធីបុណ្យចូលថ្មីខាងមុខនេះ ជាសកម្មជន ឬមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងអ្នកដែលមានបញ្ហាដីធ្លី ឬអ្នកទាមទារសិទ្ធិ។ លោកថា នៅពេលនេះ គណបក្សសង្គ្រោះជាតិ កំពុងធ្វើការងារការទូតនៅក្នុងប្រទេសជាមួយសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីឲ្យពួកគេទទួលសេរីភាព ប៉ុន្តែមិនទាន់ទទួលសញ្ញាវិជ្ជមាននៅឡើយទេ៖ «អ្នកទោសមនសិការ អ្នកទោសនយោបាយ សកម្មជនដីធ្លី សកម្មជនព្រៃឈើ ព្រះសង្ឃ អ្នកដែលស្រលាញ់ប្រជាធិបតេយ្យ អ្នកដែលបានចូលរួមក្នុងចលនាតស៊ូ អ្នកទាំងអស់ហ្នឹងយើងត្រូវតែដោះលែងគាត់»។
ទណ្ឌិតអនុវត្តទោសចំនួន ២ ភាគ ៣ អាចនឹងត្រូវលើកលែងទោស។ ចំណែកទណ្ឌិតបានអនុវត្តទោស ១ ភាគ ៣ គឺបន្ធូរបន្ថយទោស ប្រសិនគេរកឃើញថា អ្នកទាំងនោះបានកែខ្លួនតាមរយៈការកែប្រែឥរិយាបថត្រឹមត្រូវនៅក្នុងពន្ធនាគារ។ ប៉ុន្តែការលើកលែងទោសកន្លងទៅ ត្រូវបានសង្គមស៊ីវិលរិះគន់ថា មានអំពើពុករលួយ ហើយរឿងរហូតដល់លោក ហ៊ុន សែន ថា ជនល្មើសដែលសមត្ថកិច្ចចាប់ខ្លួនបានមុខដដែលៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
