លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឆ្លើយតបចំពោះមតិរិះគន់កូនប្រុសពីរនាក់របស់លោកដែលព្រះមហាក្សត្រតែងតាំងជាឧបការីនៃអង្គភាពនេះ ថាឲ្យអ្នករិះគន់ទាំងនោះចូលប្រឡងប្រជែងនៅចំពោះមុខអ្នកសារព័ត៌មាន។
ថ្លែងនៅក្នុងពេលផ្ដល់សម្ភាសន៍ឲ្យកាសែតនៅអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៩ ខែមេសា បន្ទាប់ពីជំនួបជាមួយលោក ធន សារាយ ប្រធានសមាគមអាដហុក (ADHOC) លោក ឱម យ៉ិនទៀង បានហៅឲ្យអ្នករិះគន់ និងសាធារណជនចូលប្រឡងប្រណាំងជាមួយកូនៗរបស់លោក។ លោកបញ្ជាក់ថា កូនៗរបស់លោកមានចំណេះវិជ្ជាពិតប្រាកដដូចជា ភាសាអង់គ្លេស ជំនាញនៃការបាញ់កាំភ្លើង អំពីរឿងអាវុធ ព្រមទាំងការវាយលុកចូលរំដោះចំណាប់ខ្មាំងពីភេរវជនជាដើម។ ទន្ទឹមនឹងគ្នានេះ លោក ឱម យ៉ិនទៀង ព្រមានថា លោករង់ចាំនរណាម្នាក់ដើម្បីជជែកដោយជាក់លាក់ មិនអាចជាអនាមិកបាននោះទេ។
លោកគំរាមថា ប្រយ័ត្នភ្លាត់លោកនឹងប្រតិកម្មត្រឡប់ទៅវិញ៖ «បាញ់ស៊ីប បាញ់ឲ្យត្រង់ជាងវា ទៅកុំគិតណា ដើម្បីបាញ់ត្រង់មួយ កម្លាំងប្រឆាំងភេរវកម្មនៅពេលដែលគេចាប់ជំរិតមួយអត់ត្រូវការពីរគ្រាប់ទេ គេត្រូវការកម្លាំងដែលបាញ់មួយគ្រាប់ត្រូវក្បាលស្លាប់ដើម្បីជួយមនុស្ស ហើយមិនអាចឈប់ទេ ឈប់ពេលណាបាត់ភាពថ្នឹកនៅពេលនោះភ្លាម។ សូមមកប្រឡងប្រណាំងរបៀបស៊ើបអង្កេត របៀបប្រមូលព័ត៌មានសម្ងាត់ របៀបប្រឆាំងភេរវកម្ម ឥឡូវរៀបរាប់ទៅអង្គការអាយស៊ីស (ISIS) យ៉ាងម៉េច? អង្គការជីហាត (JIHAD) អីយ៉ាងម៉េច? សូមមកប្រឡងគ្នាមក។ អង្គការអាយស៊ីស ខុសពីអង្គការអាល់កៃដា (AL QAEDA) យ៉ាងម៉េច សូមមកប្រឡងគ្នាមក បើឈ្នះកូនខ្ញុំ ខ្ញុំប្រគល់កៅអីហ្នឹងឲ្យ»។
លោក ឱម យ៉ិនទៀង ថ្លែងបែបនេះ បន្ទាប់ពីក្រុមសង្គមស៊ីវិលក្នុងស្រុករិះគន់ថា ប្រសិនបើអង្គភាពប្រឆាំងអំពើពុករលួយនៅតែបន្តរៀបចំស្ថាប័នមួយដែលពោរពេញទៅដោយសែស្រឡាយ ឬ សាច់សាលោហិតនៃថ្នាក់ដឹកនាំ វានឹងធ្វើឲ្យមហាជនលែងទុកចិត្តហើយបាត់បង់ជំនឿទៅលើកិច្ចការប្រឆាំងអំពើពុករលួយ។
ព្រះមហាក្សត្រ នរោត្ដម សីហមុនី បានឡាយព្រះហស្តលេខា នៅថ្ងៃទី២៣ ខែមេសា តែងតាំងនិងផ្ដល់ឋានៈឧបការី ឬជំនួយការអង្គភាពប្រឆាំងអំពើពុករលួយចំនួន ១៨នាក់ មានឋានៈស្មើនឹងរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក។ ក្នុងព្រះរាជក្រឹត្យនោះ មានកូនប្រុសរបស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ២នាក់ មានឈ្មោះ យ៉ិនទៀង ពុទ្ធិរិទ្ធ និង យ៉ិនទៀង ពុទ្ធិរ៉ា តែងតាំងជាឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានឋានៈស្មើនឹងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
