អ្នកច្បាប់និងមេដឹកនាំបក្សប្រឆាំង បានសាទរការប្រកាសដកបម្រាមប្រមូលផ្តុំដែលមានមនុស្សលើសពី ១០នាក់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែបានរិះគន់ចំពោះគម្រោងបែងចែកទីលានប្រជាធិបតេយ្យជាពីរ និងអនុញ្ញាតឲ្យមានបាតុកម្មពីរផ្សេងគ្នាក្នុងពេលតែមួយ។
ប្រធានផ្នែកអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា បានសាទរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដកបម្រាមប្រមូលផ្ដុំ មានមនុស្សលើសពី ១០នាក់ ឲ្យមកធម្មតាវិញ។ ប៉ុន្តែលោកបានរិះគន់ប្រមុខដឹកនាំចំពោះការប្រកាសឲ្យពុះចែកទីលានប្រជាធិបតេយ្យជាពីរ ដើម្បីអនុញ្ញាតឲ្យមានបាតុកម្មពីរផ្សេងគ្នាក្នុងពេលតែមួយជាទង្វើខុសច្បាប់។
លោកបន្តថា ច្បាប់បាតុកម្មមិនអនុញ្ញាតឲ្យមានបាតុកម្មពីរផ្សេងគ្នារៀបចំនៅជាប់ទីតាំង និងចំថ្ងៃជាមួយគ្នាទេ៖ «ប៉ុន្តែខ្ញុំមិនឯកភាពទេ គឺជាការរំលោភច្បាប់។ ការដែលលោក ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរសង់របងថ្មទីលានប្រជាធិបតេយ្យជាពីរ ហើយឲ្យក្រុមបាតុកម្មមួយមកធ្វើកន្លែងហ្នឹងហើយ មួយមកធ្វើកន្លែងហ្នឹងទៀត គឺជាបញ្ជារំលោភច្បាប់។ រំលោភទៅនឹងច្បាប់ធ្វើបាតុកម្មដោយសន្តិវិធីហ្នឹងឯង។ ព្រោះច្បាប់ធ្វើបាតុកម្មដោយសន្តិវិធីគេហាមឃាត់ការធ្វើបាតុកម្មពីរក្នុងទីកន្លែងនិងពេលតែមួយទេ។ ក៏ប៉ុន្តែគេបានសរសេរយ៉ាងច្បាស់ថា ឲ្យអាជ្ញាធរត្រូវបំបែកបាតុកម្មនេះឲ្យឆ្ងាយពីគ្នាយ៉ាងតិច ៥០០ម៉ែត្រ។ អាហ្នឹងត្រូវតែបបួលគ្នាគោរពតាមច្បាប់ហ្នឹងដើម្បីបញ្ចៀសអំពើហិង្សា»។
សម្រាប់លោក ស៊ូ យាន ប្រជាពលរដ្ឋមានលំនៅឋានក្នុងខេត្តត្បូងឃ្មុំ ដែលទើបបង្កើតថ្មី ក៏បានរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានបំណងពុះច្រៀកទីលានប្រជាធិបតេយ្យជាពីរ និងឲ្យមានបាតុកម្មទាំងអ្នកប្រឆាំងនិងគាំទ្ររដ្ឋាភិបាល ជួបជុំព្រមគ្នា ឬចំថ្ងៃតែមួយនេះដែរ។
កសិកររូបនេះបានសំណូមពរដល់ប្រមុខដឹកនាំមុននឹងហារស្ដីលើបញ្ហាអ្វីមួយ ត្រូវគិតពីកិត្តិយសក្នុងភាពជាអ្នកដឹកនាំប្រទេស៖ «ចំពោះអ្នកគាំទ្រខ្លួនឲ្យមកបាតុកម្មដែរនោះ វាជារឿងមួយធ្វើឲ្យសង្គមយើងក្លាយទៅជាសង្គមរវាងកម្លាំងមួយទៅកម្លាំងមួយទៅទប់ទល់ប្រឈមមុខដាក់គ្នា វាក្លាយទៅជាអសន្តិសុខ។ អ៊ីចឹងអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នេះ វាមិនសមជាសម្ដីរបស់ថ្នាក់ដឹកនាំទេ។ គួរតែលោកកែប្រែនូវឥរិយាបថក្នុងការប្រើវោហារសាស្ត្រទៅកាន់មហាជនទូទាំងប្រទេស ដើម្បីឲ្យថ្នាក់ដឹកនាំជំនាន់ក្រោយហ្នឹងធ្វើជាគំរូឲ្យបានត្រឹមត្រូវ»។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលុបចោលបម្រាមមិនឲ្យមានមនុស្សជួបជុំគ្នាលើសពី ១០នាក់។ ជាងនេះ លោក ហ៊ុន សែន បានប្រកាសឲ្យមានអ្នកគាំរដ្ឋាភិបាលប្រមូលផ្តុំគ្នាតវ៉ាព្រមគ្នាជាមួយបាតុកម្មរបស់ក្រុមម្ខាងទៀត។
បន្ថែមលើនេះ ប្រមុខដឹកនាំក៏បានប្រកាសត្រៀមចែកទីលានប្រជាធិបតេយ្យជាពីរ និងអនុញ្ញាតឲ្យមានបាតុកម្មពីរផ្សេងគ្នាក្នុងពេលតែមួយនៅថ្ងៃអនាគត៖ «បើអ៊ីចឹងទាល់តែមើលទៅទីលានប្រជាធិបតេយ្យទាល់តែពុះចែករបងថ្ម កាត់ម្ខាងម្នាក់។ ម្ខាងធ្វើបាតុកម្មគាំទ្រ និងម្ខាងធ្វើបាតុកម្មប្រឆាំង ហើយក៏ឲ្យអ្នកដទៃភ្លឺភ្នែកដែរ កុំឲ្យចេះប្រើសិទ្ធិតែឯង។ ស្អីឆន្ទៈរាស្ត្រៗ»។
ចំណែកលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក៏បានថ្លែងរិះគន់ចំពោះការធ្វើអត្ថាធិប្បាយរបស់ប្រមុខដឹកនាំដែលបានបង្ហាញចរិតបង្កឲ្យមានអំពើហិង្សានិងលាបពណ៌ ឬបែងចែកបក្សពួក៖ «សមត្ថកិច្ចរដ្ឋាភិបាលត្រូវមានកាតព្វកិច្ចមួយបញ្ចៀសនូវអំពើហិង្សាដោយកុំឲ្យបាតុកម្មហ្នឹងធ្វើជាន់កន្លែង ឬម៉ោងពេលជាមួយគ្នា។ គណបក្សសង្គ្រោះជាតិចង់ធ្វើបាតុកម្មថ្ងៃណា កន្លែងណា? គណបក្សប្រជាជនកម្ពុជា ត្រូវធ្វើបាតុកម្មថ្ងៃផ្សេង កន្លែងផ្សេង។ បើគណបក្សប្រជាជនកម្ពុជា ចង់ធ្វើបាតុកម្មថ្ងៃណា កន្លែងណា គណបក្សសង្គ្រោះជាតិទៅធ្វើនៅកន្លែងផ្សេង។ អាហ្នឹងវាអត់មានបញ្ហាអីកើតឡើងទេ។ សព្វថ្ងៃ កន្លងមក គឺអាជ្ញាធររបស់រដ្ឋាភិបាលលំអៀង។ ឧទាហរណ៍ករណីនៅខេត្តកំពង់ចាម ជាដើម គណបក្សសង្គ្រោះជាតិជួបជុំគ្នាប្រើអាជ្ញាធរការពារឲ្យតំណាងគណបក្សប្រជាជនកម្ពុជា មកអុកឡុក។ អាហ្នឹងហើយដែលជាការកំហុសឆ្គងធ្ងន់ធ្ងររបស់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា»។
បម្រាមហាមមិនឲ្យមានការប្រមូលផ្ដុំមានមនុស្សលើសពី ១០នាក់ ត្រូវថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ដាក់ចេញកាលពីថ្ងៃទី៤ ខែមករា ក្រោយបង្ក្រាបបាតុកម្មអហិង្សារបស់សមាជិកគាំទ្រគណបក្សសង្គ្រោះជាតិ នាទីលានប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
