ពលរដ្ឋ​នៅ​ភ្នំពេញ​ខ្លះ​ថា​ក្បួន​ឃោសនា​ថ្ងៃ​ចុង​ក្រោយ​ប៉ះពាល់​ជីវភាព​និង​ការ​សិក្សា​តិចតួច

0:00 / 0:00

ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ និង​ប្រកប​របរ​នៅ​តាម​ដង​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ ប្រាប់​ថា ពួកគេ​រង​ផល​ប៉ះពាល់​តិចតួច​ពី​ការ​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​នយោបាយ នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា។ ពួកគេ​ថា បើ​ទោះ​ជា​រង​ការ​រំខាន ឬ​ផល​ប៉ះពាល់ ប៉ុន្តែ​អាច​ទទួល​យក​បាន ដោយសារ​ការ​ហែ​ក្បួន​ឃោសនា​ធំ មិន​មែន​ធ្វើ​ឡើង​រាល់​ថ្ងៃ​នោះ​ទេ។

សិស្ស​ថ្នាក់​ទី​៨ នៃ​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្ត​ភ្នំ ឈ្មោះ ហេង សុវណ្ណមករា ប្រាប់​ថា សំឡេង​ច្រៀង​រាំ និង​ការ​ចាក់​ធុងបាស​នៅ​ឆៀង​ខាង​មុខ​ខ្លោងទ្វារ​វិទ្យាល័យ មិន​សូវ​ឮ​ដល់​ក្នុង​បន្ទប់​រៀន​ទេ គឺ​មាន​សំឡេង​រំខាន​តិចតួច​បំផុត និង​អាច​ទទួល​យក​បាន៖ «សំឡេង​លឺ​តិចៗ មិន​រំខាន​ខ្លាំង»

​និស្សិត​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​អន្តរជាតិ (IU) លោក ម៉ង់ ពៅ យល់​ថា ការ​ហែ​ក្បួន​ឃោសនា​សំញែង​សមាជិក​បក្ស​នយោបាយ​នៅ​ថ្ងៃ​ឃោសនា​ចុង​ក្រោយ មិន​បាន​រំខាន​ដល់​លោក​ធ្វើ​ដំណើរ​ទៅ​សិក្សា​ទេ។ ប៉ុន្តែ​និស្សិត​ខ្លះ​បាន​ទៅ​សាលា​យឺត ព្រោះ​តែ​​វាង​ផ្លូវ គេច​ពី​ក្បួន​ឃោសនា​ធំ​របស់​គណបក្ស​នយោបាយ៖ «នៅ​សាលា​ដូចជា​អត់​ឮ​និយាយ​អី​ផង ប៉ុន្តែ​ចំនួន​សិស្ស​មក​រៀន​ដូចជា​បាត់​ច្រើន»

អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ លោក ផន ខួន ប្រាប់​ថា ម៉ូយ​នៅ​តែ​ជិះ​កង់​បី​លោក​ដដែល គ្រាន់​តែ​លោក​ត្រូវ​ចំណាយ​សាំង​ច្រើន​ជាង​ថ្ងៃ​ធម្មតា ដោយ​ដឹក​ភ្ញៀវ​ជិះ​វាង​គេច​ចេញ​ពី​ផ្លូវ​ដែល​មាន​ក្បួន​ឃោសនា​ធំ៖ «ពេល​ឃើញ​ដឹង​ថា ផ្លូវ​ហ្នឹង​ហែ​ក្បួន​ហើយ បាន​ខ្ញុំ​គេច​អា​ផ្លូវ​ហ្នឹង​តែម្ដង»

អ្នក​លក់​ការ៉េមកី​តាម​ធុង​ទឹកកក រុញ​លក់​តាម​ផ្លូវ​នៅ​ក្នុង​ក្រុង​ភ្នំពេញ លោក ដឿ ដេត ប្រាប់​ថា តាំង​ពី​ព្រឹក​មក លោក​មិន​បាន​រុញ​ធុង​ការ៉េមកី​ជួប​ក្បួន​ធំ​ឃោសនា​ហែ​បក្ស​ទេ។

អ្នក​លក់​បបរ​តាម​រទេះ​ម្នាក់ នៅ​មុខ​មន្ទីរពេទ្យ​មួយ សុំ​មិន​ឲ្យ​ថតរូប និង​ថត​សំឡេង ប្រាប់​ថា អាជ្ញាធរ​បាន​ប្រាប់​អ្នក​លក់​ទាំង​អស់​នៅ​មុខ​ពេទ្យ​ឲ្យ​ផ្អាក​លក់​មួយ​ថ្ងៃ ដើម្បី​ទុក​ឱកាស​ឲ្យ​គណបក្ស​នយោបាយ​ហែ​ក្បួន​ឃោសនា​ធំ​នៅ​ថ្ងៃ​ចុង​ក្រោយ។ ដូច្នេះ ក្រុម​អ្នក​លក់​តាម​រទេះ​នៅ​តាម​ចិញ្ចឹម​ថ្នល់​ភាគ​ច្រើន​មិន​បាន​ចេញ​លក់​ដូរ​នៅ​ថ្ងៃ​ក្បួន​ធំ​ចេញ​ហែ​បក្ស​នេះ​ទេ។

ក្រោយ​ពី​អាជ្ញាធរ​បាន​ប្រកាស​ទទួល​ស្គាល់​តម្រាយ​ផ្លូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​ហែ​ក្បួន​ឃោសនា​ធំ​នៅ​ថ្ងៃ​ឃោសនា​ថ្ងៃ​ចុងក្រោយ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ដោយ​ស្នើ​ពលរដ្ឋ​រស់​នៅ​តាមតម្រាយ​ផ្លូវ ឬ​ឆ្លង​កាត់​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បញ្ចៀស​ចរាចរណ៍​បណ្ដោះអាសន្ន ចាប់​ពី​ម៉ោង ៦​ព្រឹក រហូត​ដល់​ពេល​ក្បួន​បញ្ចប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។