ទស្សនៈ​ពលរដ្ឋ​អំពី​ឥទ្ធិពល​ព្រះ​មហា​វីរក្សត្រ​ក្រោយ​សោយ​ទិវង្គត

ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ចូល​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នៅ​ថ្ងៃ​ខួប​គម្រប់​មួយ​ឆ្នាំ ដែល​ព្រះ​អង្គបាន​សោយ​ទិវង្គត។ ពួក​គេ​នៅ​តែ​ក្ដុកក្ដួល​មិន​អស់​អាល័យ​ចំពោះ​ស្នា​ព្រះហស្ត​ព្រះអង្គ​ដែល​បាន​បន្សល់​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ ជា​ពិសេស​ការ​ទាមទារ​ឯករាជ្យ និង​ការ​បង្រួប​បង្រួម​ជាតិ។

0:00 / 0:00

មួយ​ឆ្នាំ​ក្រោយ​ព្រះ​ករុណា​សម្ដេច​ព្រះ នរោត្ដម សីហនុ សោយ​ទិវង្គត ទស្សនៈ​ស្ដីពី​បង្រួប​បង្រួម​ជាតិ និង​ចង់​ឲ្យ​ជាតិ​មាន​សន្តិភាព​នៅ​តែ​ឋិត​ក្នុង​ការ​ចងចាំ​របស់​ពលរដ្ឋ។ ប្រជាពលរដ្ឋ​នៅ​តែ​ត្រូវ​ការ​ឲ្យ​មាន​អ្នក​បន្ត​វេន​ព្រះ​រាជកិច្ច​របស់​ព្រះអង្គ។

កំពុង​បួង​សួង​នៅ​ខាង​មុខ​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​វ័យ​ជាង ៦០​ឆ្នាំ អ្នកស្រី ខេមៈ មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ព្រះអង្គ​បាន​ចាក​ឆ្ងាយ​ពី​កម្ពុជា ក៏​ពិត​មែន តែ​ស្នាព្រះហស្ត​ព្រះអង្គ ជា​ពិសេស​ទស្សនៈ​កសាង​សន្តិភាព​នៅ​តែ​ឋិត​ក្នុង​ចិត្ត​ពលរដ្ឋ​ខ្មែរ​ស្ទើរ​គ្រប់​ទិស​ទី។

ព្រះ​ករុណា​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះអង្គ​ត្រូវ​បាន​ថ្វាយ​ព្រះ​បរម​នាម​ថា ជា​ព្រះបិតា​ឯករាជ្យ​ជាតិ ឯកភាព​ជាតិ និង​បង្រួប​បង្រួម​ជាតិ។ ព្រះអង្គ​ជា​ក្សត្រ​ឆ្នើម​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​អាណាព្យាបាល​បារាំង ការ​ទាមទារ​ប្រាសាទ​ព្រះវិហារ និង​ការ​បង្រួប​បង្រួម​ភាគី​ជម្លោះ​ក្នុង​វិបត្តិ​សង្គ្រាម​ស៊ីវិល។

ប្រជាពលរដ្ឋ​មក​ពី​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម លោក រស់ រឿន មាន​ប្រសាសន៍​ថា អវត្តមាន​អង្គ​សម្ដេច​ឪ គួរ​ណាស់​តែ​អ្នក​នយោបាយ​គ្រប់​ភាគី​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​ព្រះ​រាជ​បណ្ដាំ​របស់ ​ព្រះអង្គ ដែល​ផ្កាំ​ផ្ញើ​ជា​ចុង​ក្រោយ​ពី​រួបរួម​កម្លាំង​កសាង​ជាតិ​មាតុ​ភូមិ។

កញ្ញា ងួន ចិនអូន ដែល​ចូល​រួម​គោរព្ធ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​ដែរ​នោះ មាន​ប្រសាសន៍​ថា នាង​រឹតតែ​គោរព និង​ផ្ដល់​តម្លៃ​ដល់​ព្រះអង្គ នៅ​ពេល​ដែល​កម្ពុជា បាន​ជួប​បញ្ហា​នៅ​ក្រោយ​ការ​បោះ​ឆ្នោត។ នាង​គិត​ថា ប្រសិន​បើ​ព្រះអង្គ​នៅ​មាន​ព្រះជន្ម ម្ល៉េះ​បញ្ហា​នៅ​ពេល​នេះ​ប្រហែល​អាច​ដោះស្រាយ​បាន​ដោយ​មាន​ព្រះអង្គ​គង់​ជា​​កណ្ដាល​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា។

នៅ​ក្រោយ​ការ​បោះ​ឆ្នោត​អ្នក​នយោបាយ​កំពូលៗ​នៅ​កម្ពុជា ចាប់​ផ្ដើម​មាន​គំនិត​ខ្វែង​គ្នា​ចំពោះ​លទ្ធផល​ឆ្នោត។ គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពហិការ​ការ​ប្រជុំ​សភា​លើក​ដំបូង និង​បន្ត​កៀរគរ​សំឡេង​ពលរដ្ឋ ដើម្បី​ស្វែង​រក​ជំនួយ​ពី​បរទេស​ឲ្យ​ដាក់​សម្ពាធ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​បង្កើត​រដ្ឋាភិបាល​រួច​ជា​ស្រេច ហាក់​ដូច​មិន​ខ្វល់​ពី​ពហិការ​របស់​បក្ស​ប្រឆាំង​ឡើយ។ យ៉ាង​ណា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ទាំង​ពីរ​បាន​ប្រកាស​ហើយ​ថា ពួក​គេ​ពុំ​ដែល​បំភ្លេច​បណ្ដាំ​សម្ដេច​ព្រះ សីហនុ ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សម្ពោធ​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ថ្លែង​ថា លោក​ចង​ចាំ​មិន​ភ្លេច​ឡើយ​ពី​ព្រះរាជ​បណ្ដាំ​ព្រះ​មហាក្សត្រ ដែល​រំលឹក​ជានិច្ច​ពី​ការ​បង្រួប​បង្រួម​ជាតិ។

ចំណែក​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​បាន​ថ្លែង​នៅ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នៅ​ទីស្នាក់ការ​បក្ស​ថា ក្រុម​របស់​លោក​ក៏​មិន​ព្រងើយ​កន្តើយ​ចំពោះ​ព្រះរាជ​បណ្ដាំ​ព្រះអង្គ​ឡើយ។

យ៉ាង​នេះ​ក្ដី​សម្រាប់​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ លោក សុខ ទូច មាន​ប្រសាសន៍​ថា ឥទ្ធិពល​របស់​សម្ដេច​ឪ បាន​ថមថយ​តាំង​ពី​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​នោះ​ម្ល៉េះ។ ភាគ​ច្រើន​អ្នក​នយោបាយ​តែង​យក​លេះ​ថា ធ្វើ​តាម​ព្រះរាជ​តម្រិះ​ព្រះមហាក្សត្រ ប៉ុន្តែ​ដើម្បី​ផលប្រយោជន៍​របស់​ពួក​គេ​រៀងៗ​ខ្លួន។

រហូត​មក​ដល់​ពេល​នេះ ក្នុង​ទស្សនៈ​ពលរដ្ឋ​ខ្មែរ​នៅ​តែ​ត្រូវ​ការ​ព្រះមហាក្សត្រ​ជា​ចាំ​បាច់ ដោយ​រំពឹង​ថា ព្រះអង្គ​គង់​នៅ​ជា​អាជ្ញា​កណ្ដាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​ខណ្ឌ​ទួលគោក លោកស្រី មៀច សុផល មាន​ប្រសាសន៍​ថា លោកស្រី​ប្រាថ្នា​ឲ្យ​ព្រះមហាក្សត្រ​បច្ចុប្បន្ន គឺ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះអង្គ​នឹង​ទទួល​បាន​អំណាច​គ្រប់​គ្រាន់​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​ឲ្យ​ព្រះអង្គ​បន្ត​ស្នាព្រះហស្ត​នៃ​បិតា​ព្រះអង្គ។

ក្រៅ​ពី​នឹក​រលឹក​ដល់​ស្នាព្រះហស្ត​ព្រះមហាក្សត្រ ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​បរម​រតន​កោដ្ឋ បាន​បួងសួង​សុំ​ឲ្យ​ព្រះអង្គ​បាន​ស្ថិត​នៅ​ទីឋាន​បរម​សុខ និង​បន្ត​ថែរក្សា​ទឹកដី​ខ្មែរ​ឲ្យ​មាន​សុខ​សន្តិភាព និង​ចម្រើន​រុង​រឿង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។