មតិ​ជុំវិញ​ការ​បើក​ចំហ​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា

ការ​គំរាម​ដឹកនាំ​ធ្វើ​កូដកម្ម​របស់​លោក ជុំ ម៉ី អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម​ប្រឆាំង​នឹង​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ រហូត​មក​ដល់​ពេល​នេះ​នៅ​ពុះ​កញ្ជ្រោល​ខ្លាំង​ឡើង​គួរ​ឲ្យ​បារម្ភ។

0:00 / 0:00

ស្ថានការណ៍​នេះ​កើត​ឡើង បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ព្រមាន​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ ឲ្យ​សុំ​ទោស​ប្រជាពលរដ្ឋ​ជា​បន្ទាន់ ដោយ​លោក​នាយករដ្ឋមន្ត្រី​ចោទ​ថា លោក កឹម សុខា បាន​ប្រើ​ពាក្យ​ដែល​ថា គ្មាន​ការ​កាប់​សម្លាប់​នៅ​គុក​ទួល​ស្លែង។

អ្នក​វិភាគ​បញ្ហា​សង្គម និង​មន្ត្រី​ឃ្លាំមើល​ការ​គោរព​សិទ្ធិ​មនុស្ស កំពុង​មាន​ក្ដី​កង្វល់​ពី​ស្ថានការណ៍​នេះ ថា​នឹង​អាច​បញ្ឆេះ​កំហឹង​ពលរដ្ឋ​ដែល​មាន​និន្នាការ​ផ្សេងៗ ឲ្យ​ប្រឈម​មុខ​ដាក់​គ្នា​កាន់​តែ​ខ្លាំង និង​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​មុន​ការ​បោះ​ឆ្នោត​ឈាន​ទៅ​រក​ភាព​អាប់អួ។

ក្រុម​និស្សិត​និង​អ្នក​វិភាគ​បញ្ហា​សង្គម បាន​ហៅ​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្រ្តី ដែល​បើក​ចំហ​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ជា​ការ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ខាង​នយោបាយ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ បើ​សិន​ស្ថានការណ៍​នោះ​វិវឌ្ឍ​ទៅ​រក​ការ​ផ្ទុះ​នូវ​អំពើ​ហិង្សា។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធ​មនុស្ស​អាដហុក (Adhoc) លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៤ មិថុនា ថា លោក​មិន​ហ៊ាន​ជំទាស់​ទៅ​នឹង​ទស្សនៈ​របស់​នាយករដ្ឋមន្ត្រី​ទេ តែ​លោក​ក៏​មិន​គប្បី​មាន​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​នោះ​ដែរ។

លោក​ថា ពាក្យ​សម្ដី​ដែល​ចេញ​ពី​មេដឹកនាំ​ប្រទេស​ជា​ចំណុច​មួយ​រសើប ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពី​បក្ស​មួយ​ទៅ​បក្ស​មួយ​ឈ្លោះ​ប្រកែក​គ្នា ឬ​មើល​មុខ​គ្នា​មិន​ត្រង់ អាច​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​រវាង​គ្នា​នឹង​គ្នា៖ «ឧទាហរណ៍ ឥឡូវ​បើ​សិន​ជា CPP គណបក្ស​ប្រជាជន ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​និយាយ​ស្ដី​របស់​លោក កឹម សុខា ដែល​ជា​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ពេល​នោះ​ឯង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​បណ្ដា​ខេត្ត​រឹតតែ​ព្រួយ​បារម្ភ។ អ៊ីចឹង​តុល្យភាព​របស់​បក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង មើល​ទៅ​ដូច​ជា​មិន​មែន​ជា​ការ​ស្វែង​រក​ការ​អភិវឌ្ឍ បែរ​ជា​យក​ចំណុច​អស់​ហ្នឹង​មក​ជំទាស់​គ្នា ហើយ​បើ​គំនិត​ប្រជាជន​ដែល​ខ្ញុំ​បាន​សាកសួរ​គេ​ខ្លះ​ដែរ គាត់​ថា អ្នក​នយោបាយ​មិន​គួរ​លើក​យក​បញ្ហា​នេះ​មក​ធ្វើ​ជា​ប្រជាភិថុតិ​ទេ»

លោក​បន្ត​ថា បទពិសោធន៍​ស្រដៀង​គ្នា​នេះ​ដែរ បាន​បន្សល់​ទុក​ជា​ភស្តុតាង​កន្លង​មក​រួច​ទៅ​ហើយ កាល​ពី​ប្រមាណ ២០​ឆ្នាំ​មុន​នេះ៖ «ឧទាហរណ៍​សម័យ​ខ្មែរ​យើង​ទើប​តែ​បាន​សន្តិភាព​នោះ លោក ខៀវ សំផន ត្រូវ​ប្រជាជន​ធ្វើ​បាតុកម្ម​រហូត​មាន​ការ​វាយដំ រហូត​មាន​គ្រោះថ្នាក់​ក្បាល ហើយ​រត់​ចេញ​ពី​ប្រទេស​ដែរ។ ហើយ​មួយ​ទៀត កន្លង​មក​មាន​ការ​វាយ​ស្ថានទូត​ថៃ ក៏​ប្រសាសន៍​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី​បញ្ហា​បណ្ដុះ​ឆន្ទៈ​ស្នេហា​ជាតិ​នោះ អ៊ីចឹង​ពេល​នោះ​មាន​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ជាដើម»

ការ​ផ្ទុះ​អំពើ​ហិង្សា​ទៅ​លើ​លោក ខៀវ សំផន អតីត​មេដឹកនាំ​ខ្មែរ​ក្រហម កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩១ ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នៅ​ពេល​លោក​បាន​វិល​ចូល​ទីក្រុង​ភ្នំពេញ ជា​លើក​ដំបូង ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា។

ការ​ផ្ទុះ​អំពើ​ហិង្សា​មួយ​ទៀត គឺ​ព្រឹត្តិការណ៍​វាយ និងដុតស្ថានទូតថៃនៅទីក្រុងភ្នំពេញ កាលពីចុងខែ មករា​ ឆ្នាំ២០០៣ ក្រោយពី តារាភាពយន្តស្រីរបស់​ថៃ​ម្នាក់ ដែលគេនិយមហៅថា នាងផ្កាយព្រឹក​នោះ បាន​អះ​អាងថា អង្គរ​វត្តជារបស់ថៃ។

និស្សិត​មួយ​រូប​នៅ​ទីក្រុង​ភ្នំពេញ វ័យ​ជាង ២០​ឆ្នាំ ឈ្មោះ ហុក អធិ បាន​បង្ហាញ​ទស្សនៈ​យល់​ឃើញ​​ថា ការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​ធ្លាប់​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម មាន​កំហឹង​ចំពោះ​លោក កឹម សុខា ហើយ​បញ្ហា​ពុំ​មាន​ចំណេញ​អ្វី​ទាល់​តែ​សោះ​សម្រាប់​ជាតិ ផ្ទុយ​ទៅ​វិញ អាច​ធ្វើ​ឲ្យ​មាន​អតុល្យភាព​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ពេល​បោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​នៅ​ពេល​ខាង​មុខ។

និស្សិត ហុក អធិ៖ «ព្រោះ​ថា បើ​កាល​ណា​គាត់​ធ្វើ​អ៊ីចឹង ប្រជាជន​ធ្វើ​បាតុកម្ម​ខ្លាំង​ទៅ ធ្វើ​ឲ្យ​បាត់​គណបក្ស​ដែល​អាច វា​ហាក់​បី​ដូច​ប្រទេស​កុម្មុយនិស្ត​អ៊ីចឹង។ ប្រជាជន​មាន​ន័យ​ថា គាត់​មាន​កំហឹង​នឹង​លោក កឹម សុខា ដែល​បាន​និយាយ​ថា គុក​ទួល​ស្លែង​ជា​គុក​សិប្បនិមិត្ត»

តែ​ទោះ​យ៉ាង​ណា​ក្តី លោក កឹម សុខា នៅ​តែ​ប្រកាន់​ជំហរ​ថា លោក​ពុំ​បាន​ថ្លែង​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ឡើយ។

អ្នក​វិភាគ​ឯករាជ្យ​និង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​លើ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ការ​ចាប់​អារម្មណ៍​លើ​បញ្ហា​នេះ​ដែរ​ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន ជា​ការ​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា កាន់​តែ​រឹងមាំ ហើយ​បើ​បាតុកម្ម​កើត​ឡើង​ពាក់ព័ន្ធ​នឹង​រឿង​នេះ​មែន​នោះ គឺ​ជា​ឆាក​ល្ខោន​នយោបាយ​មួយ​ដែល​ជា​ចេតនា​របស់​អ្នក​នយោបាយ៖ «បើ​សិន​ជា​អ្នក​នយោបាយ​ចង់​រៀបចំ​នឹង​កើត​មាន​ឡើង ហើយ​យើង​គួរ​តែ​ប្រុង​ប្រយ័ត្ន​ដែរ ដែល​យក​ប្រជាជន​ស្លូត​ត្រង់​ឲ្យ​ទៅ​ប្រឈម​មុខ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ ដែល​មិន​ជា​ការ​ល្អ​ទេ»

លោក​បន្ត​ថា ជា​លទ្ធផល​ដែល​ចេញ​ពី​បញ្ហា​នេះ មាន​តែ​ប្រជាពលរដ្ឋ​ទេ​ដែល​ជា​អ្នក​ខាត​បង់។ ជាង​នេះ​ទៅ​ទៀត វា​នឹង​ជំរុញ​ឲ្យ​ពលរដ្ឋ​ចង​កំហឹង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក បង្កើត​ជា​បក្ស​ជា​ពួក ដើរ​ខុស​ពី​គន្លង​ប្រជាធិបតេយ្យ ដោយ​ការ​រិះគន់​គ្នា​នោះ​មិន​ដើម្បី​ស្ថាបនា បែរ​ទៅ​ជា​ការ​រិះគន់​ដើម្បី​ផ្ដួល​រំលំ​គ្នា​ទៅ​វិញ៖ «ហើយ​ម្យ៉ាង​វិញ​ទៀត យើង​បាន​នាំ​គ្នា​បង្កើត​នូវ​វប្បធម៌​ដ៏​អាក្រក់​មួយ គឺ​វប្បធម៌​ប៉ែង​ជើង​គ្នា វប្បធម៌​ផ្ដួល​រំលំ​គ្នា អា​ហ្នឹង​មិន​ល្អ​ទេ»

ស្រប​ពេល​គ្នា​នេះ​ដែរ លោក ជុំ ម៉ី ម្ចាស់​ផ្ដួចផ្ដើម​ធ្វើ​បាតុកម្ម​បា​បដិសេធ​ចំពោះ​មន្ទិល​ដែល​ថា លោក​ឋិត​ក្រោម​ឥទ្ធិពល​នយោបាយ។

ពាក់ព័ន្ធ​នឹង​ភាព​ចម្រូង​ចម្រាស​នេះ អគ្គនាយក​ទំនាក់ទំនង​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខហួរ បញ្ជាក់​ពី​ជំហរ​ថា បើ​ទោះ​ជា​មាន​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា កើត​មាន​មែន​ក្ដី ក៏​គណបក្ស​នេះ​សូម​ធានា​ថា មិន​បណ្ដោយ​ឲ្យ​មាន​បាតុករ ឬ​បាតុកម្ម​ណា​មួយ​ដែល​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រូបភាព​បាតុកម្ម​ប្រឆាំង​បាតុកម្ម​នោះ​ទេ។

អ្នកស្រី មូរ សុខហួរ៖ «ហើយ​នេះ​ជា​ការ​ធានា​ដោយ​ឈរ​លើ​គោលការណ៍ លទ្ធិប្រជាធិបតេយ្យ យើង​ជា​ខ្មែរ​ត្រូវ​តែ​ចេះ​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ជៀសវាង​នូវ​អ្វី​ដែល​នាំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​ដាច់​ខាត។ ទស្សនៈ​បក្ស​សង្គ្រោះ​ជាតិ គឺ​អត់​បង្កើត​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​ខ្មែរ​នឹង​ខ្មែរ​នោះ​ទេ»

គណបក្ស​នេះ​អំពាវនាវ​និង​បើក​ចំហ​ឲ្យ​មាន​កិច្ចពិភាក្សា​ទល់​មុខ​គ្នា​ទៅ​លើ​ខ្លឹមសារ​ពាក្យ​សម្ដី​ត្រង់​ណា​ដែល​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​លើ​គ្នា​នោះ។ ការ​គំរាម​ធ្វើ​បាតុកម្ម​នេះ ស្រប​ពេល​ដែល​លោក កឹម សុខា កំពុង​ជាប់​បេសកកម្ម​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះ​បញ្ជាក់​ថា លោក​នឹង​វិល​មក​វិញ​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។