ទស្សនៈ​ពលរដ្ឋ​ចំពោះ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី

ការ​វិល​ត្រឡប់​ចូល​មាតុ​ប្រទេស​វិញ​របស់ លោក សម រង្ស៊ី នា​ពេល​នេះ ធ្វើ​ឱ្យ​ប្រជាជន​ស្ទើរ​តែ​ទូទាំង​ប្រទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។ ប្រជាជន​ជាច្រើន​ម៉ឺន​នាក់ ដែល​ឈរ​នៅ​តាម​ដង​ផ្លូវ​នៃ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ដើម្បី​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទទួល លោក សម រង្ស៊ី វិល​ត្រឡប់​ចូល​ស្រុក​វិញ។

0:00 / 0:00

ប្រជាជន​ដែល​នាំគ្នា​ចូលរួម​ទទួល លោក សម រង្ស៊ី សុទ្ធ​តែ​បាន​អះអាង​ថា ការ​ចូលរួម​របស់​ពួក​គាត់ គឺ​ដោយ​ការ​ស្ម័គ្រចិត្ត គ្មាន​ការ​បង្ខិតបង្ខំ​ដើម្បី​សម្ដែង​នូវ​ការ​អបអរ​សាទរ​ចំពោះ​វត្តមាន​របស់ លោក សម រង្ស៊ី នៅ​ពេល​នេះ។

តើ លោក សម រង្ស៊ី ជា​មនុស្ស​ដូចម្តេច​បាន​ជា​អាច​ទាក់ទាញ​ទឹក​ចិត្ត​ប្រជាជន​ជា​ច្រើន​ម៉ឺន​នាក់​ឱ្យ​មក​ចូលរួម​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ?

«សំឡេង​ពលរដ្ឋ»

សំឡេង​ហោ​កញ្ជ្រៀវ​យ៉ាង​គគ្រឹកគគ្រេង​ពី​សំណាក់​ប្រជាជន​រាប់​ម៉ឺន​នាក់ ដែល​មាន​វត្តមាន​នៅ​តាម​ដង​វិថី​សហព័ន្ធ​រុស្ស៊ី ដោយ​ឈរ​បណ្ដាក់​គ្នា​នៅ​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​ការ​ទទួល លោក សម រង្ស៊ី កាល​ពី​ព្រឹក​ថ្ងៃ​ទី១៩ កក្កដា។ ប្រជាជន​ជា​ច្រើន​ដែល​បាន​ចូលរួម​ក្នុង​ឱកាស​នេះ បាន​បង្ហាញ​ពី​ទឹក​ចិត្ត​សប្បាយ​រីករាយ ចំពោះ​ការ​វិល​ត្រឡប់​របស់ លោក សម រង្ស៊ី។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៅ​ទៀត គឺ​ប្រជាជន​ដែល​បាន​ចូលរួម​ទាំង​នោះ សុទ្ធ​តែ​បាន​អះអាង​ថា ការ​ចូលរួម​របស់​ពួក​គាត់ គឺ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត គ្មាន​ការ​បង្ខិតបង្ខំ ហើយ​រាល់​ការ​ចំណាយ​ទាំងអស់ គឺ​ចេញ​ដោយ​ទឹក​ចិត្ត​របស់​ពួក​គាត់ រួម​ទាំង​ពេល​វេលា​ទៀត​ផង៖ «មាន​អារម្មណ៍​ថា​សប្បាយ​រីករាយ​ក្នុង​ចិត្ត ដែល​គាត់​ចូល​មក​ជួយ​ប្រទេស​ជាតិ​ខ្មែរ​យើង​ឱ្យ​បាន​សុខ​សប្បាយ ឱ្យ​ប្រជាជន​ខ្មែរ​យើង​មាន​ការងារ​ធ្វើ​ធូរធារ។ ចា៎! ខ្ញុំ​មាន​ការ​រីករាយ​ណាស់​ដោយ​ឃើញ​ប្រជាជន​យើង​ទាំងអស់​គ្នា​មាន​ការ​រួបរួម​សាមគ្គី​គ្នា ចេះ​ជួយ​គ្នា​អីចឹង ដើម្បី​ភាព​យុត្តិធម៌​ទាំងអស់​គ្នា​អីចឹង។ អូយ! ខ្ញុំ​ស្ម័គ្រចិត្ត ចា៎! ខ្ញុំ​ស្ម័គ្រចិត្ត​ដោយ​រីករាយ សុខ​ចិត្ត​ងើប​ឡើង​ដាំ​បាយ​ធ្វើ​ម្ហូប​ទុក​ឱ្យ​កូន​តាំង​ពី​ងងឹត ដើម្បី​បាន​មក ហើយ​ក្មួយ​ខ្ញុំ​នៅ​ជិត​ផ្ទះ អូ! ភ្ញាក់​រឭក​ច្រើន​ណាស់ អត់​មាន​អ្នក​ណា​ភ្លើ​ល្ងង់​ដូច​មុន​ទេ។ ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ពេញ​ចិត្ត​រក​អ្វី​មក​ថ្លែង​ពុំ​បាន ដែល​បាន​មក​ទទួល​ឯកឧត្តម សម រង្ស៊ី ដែល​លោក​ចុះ​មក​ពី​បរទេស។ អត់​ទេ អត់​មាន​ការ​បង្ខិតបង្ខំ គ្មាន​ការ​ទិញ​ទឹក​ចិត្ត ឬ​ការ​ទិញ​ដូរ​អ្វី​ទាំងអស់»

អាជីវករ​លក់​កាហ្វេ និង​គុយទាវ នៅ​សង្កាត់​ច្រាំងចំរេះ រាជធានី​ភ្នំពេញ លោកស្រី លី ណា បាន​បង្ហាញ​ពី​អារម្មណ៍​ត្រេកអរ​ចំពោះ​ការ​វិល​ត្រឡប់​របស់ លោក សម រង្ស៊ី មក​ស្រុក​ខ្មែរ។ លោកស្រី​បន្ត​ទៀត​ថា លោក សម រង្ស៊ី ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ប្រជាប្រិយភាព ហើយ​សម​ជា​អ្នក​ដឹកនាំ​ខ្មែរ៖ «មនុស្ស​គាត់ គឺ​ជា​មនុស្ស​ស្លូតបូត​ណាស់​បង គឺ​ថា​ជា​មនុស្ស​ដែល​ថា​ប្រជាប្រិយភាព គឺ​ថា​មនុស្ស​គាត់​គឺ​ជា​មនុស្ស​អស្ចារ្យ​សម្រាប់​ខ្ញុំ​ហ្មង។ មនុស្ស​គាត់ គឺ​មនុស្ស​ស្លូតត្រង់ គឺ​ចាត់​ទុក​ថា គាត់​អាច​កាន់​ប្រទេស​ជាតិ​បាន​ហ្នឹង​ហ្មង ខ្ញុំ​គាំទ្រ​គាត់​ហ្នឹង​ហ្មង»

មិន​តែ​ប៉ុណ្ណោះ លោកស្រី​បាន​សំណូមពរ​ទៅ​ដល់​ប្រជាជន​ខ្មែរ​ទាំងអស់​ទូទាំង​ប្រទេស ឱ្យ​អញ្ជើញ​ទៅ​បោះឆ្នោត​កុំ​បី​ខាន៖ «សូម​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​បើ​ស្រឡាញ់​ឯកឧត្តម សម រង្ស៊ី ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​ចាប់​ដៃ​រួម​គ្នា​ឡើង ឱ្យ​បោះឆ្នោត​ជូន សម រង្ស៊ី កុំ​ខាន កុំ​មាន​តែ​ឈ្មោះ​ថា​បោះៗៗៗ»

ដូច​គ្នា​នឹង​លោកស្រី លីណា យុវជន​ម្នាក់​មក​ពី​ខេត្ត​ព្រៃវែង លោក រិន សារ៉ាន់ ដែល​បាន​បញ្ជាក់​ពី​អារម្មណ៍​សប្បាយ​រីករាយ និង​ការ​លះបង់​ពេល​វេលា ដើម្បី​មក​ចូលរួម​ទទួល​លោក សម រង្ស៊ី ដោយ​លោក​បាន​ឃើញ​ប្រជាជន​ខ្មែរ​ដែល​ចេះ​សាមគ្គី​គ្នា ដោយ​ការ​ស្រឡាញ់​ជាតិ ស្រឡាញ់​ទឹក​ដី​ខ្មែរ។ លោក​បាន​បន្ត​ថា លោក សម រង្ស៊ី ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​អ្វីៗ​ជា​កេរ​ដំណែល​ខ្មែរ។ លោក​បាន​បន្ត​ទៀត​ថា សូម​ឱ្យ​យុវជន​ខ្មែរ​ទាំងអស់​ក្រោក​ឈរ​ឡើង ដើម្បី​ប្រទេស​ជាតិ និង​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​យុវជន​ខ្មែរ។

លោក រិន សារ៉ាន់៖ «គាត់​ជា​មនុស្ស​ល្អ ហើយ​ចេះ​ជួយ​ខ្មែរ ស្រឡាញ់​ទឹក​ដី ស្រឡាញ់​អ្វីៗ​ជា​កេរ​ដំណែល​ខ្មែរ។ ខ្ញុំ​សូម​សំណូមពរ​យុវជន​ខ្មែរ​ទាំងអស់​ក្រោក​ឈរ​ឡើង ដើម្បី​ប្រទេស​ជាតិ​យើង។ យើង​មើល​ឃើញ​ថា សព្វថ្ងៃ​ប្រជាជន​សព្វថ្ងៃ មាន​ការ​លំបាក​ច្រើន មាន​ការ​លំបាក​ទាំងអស់ ទាំង​ការ​សិក្សា ទាំង​អ្វី​ទាំងអស់​សុទ្ធ​លំបាក»

យុវជន​ម្នាក់​រស់នៅ​សង្កាត់​ទួលសង្កែ លោក ទិន នី ដែល​បាន​បង្ហាញ​ពី​អារម្មណ៍​ត្រេកអរ​ចំពោះ​ការ​វិល​ត្រឡប់​របស់ លោក សម រង្ស៊ី ពេល​នេះ។ មិន​តែ​ប៉ុណ្ណោះ គាត់​ថែម​ទាំង​បង្ហាញ​ពី​តួអង្គ លោក សម រង្ស៊ី ថា​ជា​បុគ្គល​ស្នេហា​ជាតិ​យ៉ាង​ពិត​ប្រាកដ។ លើស​ពី​នេះ​ទៀត លោក ទិន នី សូម​សំណូមពរ​ឱ្យ​យុវជន​ខ្មែរ​ទាំងអស់​ក្រោក​ឈរ​ឡើង ដើម្បី​ប្រទេស​ជាតិ ដើម្បី​ជីវិត​ថ្មី៖ «បាទ! លោក​ប្រធាន សម រង្ស៊ី គាត់​ជា​មនុស្ស​អ្នក​ស្នេហា​ជាតិ អ្នក​ជាតិ​និយម​ពិត​ប្រាកដ។ គាត់​ជា​អ្នក​ប្រជាធិបតេយ្យ ហើយ​គាត់​ជា​វីរបុរស​អង់អាច​ក្លាហាន តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គ។ ចុង​ក្រោយ​នេះ ខ្ញុំ​សូម​សំណូមពរ​គ្រប់​យុវជន​ទាំងអស់​គ្នា​ក្រោក​ឈរ​ឡើង ពីព្រោះ​ខ្មែរ​យើង​កំពុង​តែ​រួបរួម​គ្នា​ចាប់​ដៃ​គ្នា​ហើយ ហើយ​ចាប់​ផ្ដើម​សាង​ជីវិត​ថ្មី​សាង​សង្គម​ថ្មី​ទាំងអស់»

ស្រដៀង​គ្នា​នេះ អ្នក​រស់នៅ​រាជធានី​ភ្នំពេញ លោកស្រី វ៉ាន់ ណី ដែល​បាន​ឈរ​រាំ​លើ​ម៉ូតូ ដោយ​លើក​ដៃ​ម្រាម​ប្រាំពីរ​ជា​សញ្ញា​នៃ​លេខ​រៀង​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប​ចំពោះ​ការ​វិល​ត្រឡប់​របស់ លោក សម រង្ស៊ី។ លោកស្រី​បាន​បន្ត​ថា នេះ​ជា​ឱកាស​ដែល​គាត់​អាច​បញ្ចេញ​សេចក្តី​ក្លាហាន​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​របស់​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ លោកស្រី​បន្ត​ថា ការ​ចូលរួម​របស់​លោកស្រី​នៅ​ពេល​នេះ មិន​មាន​ការ​បង្ខំ​ពី​នរណា​នោះ​ទេ គឺ​ដោយ​ស្ម័គ្រ​ចិត្ត ពីព្រោះ លោក សម រង្ស៊ី ជា​មនុស្ស​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ មិន​មែន​ជា​ប្រជាធិបតេយ្យ​ដែល​មាន​តែ​នៅ​លើ​ក្រដាស​ដូច​សព្វថ្ងៃ​នោះ​ទេ។

លោកស្រី​ក៏​បាន​សំណូមពរ​ឱ្យ​ប្រជាជន​ខ្មែរ​ទៅ​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ភាព​យុត្តិធម៌​នៅ​ក្នុង​សង្គម៖ «ខ្ញុំ​មាន​អារម្មណ៍​រំភើប​រីករាយ​ណាស់​អូន។ ខ្ញុំ​រង់ចាំ​ថ្ងៃ​ហ្នឹង​យូរ​មក​ហើយ ដែល​ខ្ញុំ​មាន​សិទ្ធិ​បញ្ចេញ​មតិ​យោបល់ និង​សេចក្តី​ក្លាហាន​ចំពោះ​ខ្លួន​ឯង​ទាន់​ប្រជារាស្ត្រ​ទូទាំង​ប្រទេស អ្នក​ខ្លះ​គ្នា​មិន​បាន​មក​ក៏​គ្នា​មាន​ការ​សោកស្ដាយ ដោយ​មិន​បាន​មក​ទទួល​ឯកឧត្តម សម រង្ស៊ី ដោយ​ផ្ទាល់»

សម្រាប់​បុគ្គលិក​ដែល​ធ្វើ​ការងារ​នៅ​ស្ថាប័ន​រដ្ឋ សូម​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ព្រឹក​ថ្ងៃ​ទី១៩ កក្កដា ថា ការ​ចូលរួម​របស់​លោក​ពេល​នេះ ដើម្បី​ញ៉ាំង​ឱ្យ​ដំណើរ​ការ​កាន់​តែ​អធិកអធម។ លោក​បន្ត​ទៀត​ថា ការ​ចូលរួម​នេះ​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រទេស​ជាតិ​យើង​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ មិន​មែន​ថា​តែ​មាត់​នោះ​ទេ។

លោក​បញ្ជាក់​ទៀត​ថា គាត់​មាន​ការ​ពេញ​ចិត្ត​ចំពោះ​គោល​នយោបាយ​របស់​បក្ស​សង្គ្រោះ​ជាតិ ពិសេស​បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់ និង​បញ្ហា​អត់​ការងារ​ធ្វើ​របស់​យុវជន៖ «ប្រជាធិបតេយ្យ​ថា​តែ​មាត់​ទេ តែ​អំពើ​ហិង្សា​នៅ​តែ​មក​លើ​ប្រជារាស្ត្រ​ដដែល ដូច​ឧទាហរណ៍​ជាក់ស្តែង​នៅ​បឹងកក់ សំបុកចាប។ល។ ហើយ​ណា​មួយ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​ចូល​មក​នេះ​អបអរ​សាទរ​ដើម្បី​ញ៉ាំង​កម្មវិធី​ឱ្យ​កាន់​អ៊‍ឹកអធឹក។ មូលហេតុ​ខ្ញុំ​ពេញ​ចិត្ត​នឹង​បក្ស​សង្គ្រោះ​ជាតិ ព្រោះ​ខ្ញុំ​ឃើញ​ជាក់ស្តែង​បញ្ហា​ទី​មួយ ជន​អន្តោប្រវេសន៍ ព្រោះ​ឃើញ​ជន​អន្តោប្រវេសន៍​ហ្នឹង​ចូល​មក​ស្រុក​ខ្មែរ​តាម​អំពើ​ចិត្ត ដោយសារ​រដ្ឋ​អំណាច​យើង​បើក​ឱ្យ​ចូល ក៏ប៉ុន្តែ​បើ​ខ្មែរ​យើង​ចូល​វិញ ត្រូវ​មាន​ច្បាប់​ត្រឹមត្រូវ​បាន​បើក​ឱ្យ​ចូល»

សន្ទុះ​ចិត្ត​ក្នុង​ការ​ចូលរួម​របស់​ប្រជាជន​យ៉ាង​កុះករ និង​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ក្នុង​ការ​ទទួល​ស្វាគមន៍​ចំពោះ​មាតុភូមិ​និវត្តន៍​របស់ លោក សម រង្ស៊ី ពេល​នេះ ត្រូវ​បាន​គេ​ចាប់​មើល​ឃើញ​តាំង​ពី​ថ្ងៃ​ដែល​ព្រះមហាក្សត្រ​ប្រទេស​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​លើក​លែង​ទោស​ជា​ផ្លូវ​ការ​ដល់ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី១២ កក្កដា មក​ម្ល៉េះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។