ពលរដ្ឋ​​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​បញ្ចេញ​ទស្សនៈ​ជុំវិញ​​បញ្ហា​​នយោបាយ​បច្ចុប្បន្ន

0:00 / 0:00

បញ្ហា​​នយោបាយ​​​នៅ​កម្ពុជា ហាក់​មាន​​កម្ដៅ​ឡើង​វិញ​ បន្ទាប់​ពី​សកម្មជន​គណបក្ស​ប្រឆាំង​​ជាង ១០​នាក់​ហើយ ​​​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់។ ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង ព្រួយបារម្ភ​ជា​ខ្លាំង​ ​និង​សំណូមពរ​ឲ្យ​គណបក្ស​​ជាប់​ឆ្នោត​ទាំង​២​ រិះរក​គន្លឹះ​ដោះស្រាយ​បញ្ហា​​នេះ​ដោយ​សន្តិវិធី។

ប្រជាពលរដ្ឋ​​​នៅ​ខេត្ត​បាត់ដំបង ​ហាក់​មិន​ពេញ​ចិត្ត​ទៅ​​​នឹង​​ស្ថានភាព​នយោបាយ​​​នៅ​កម្ពុជា នៅ​ពេល​នេះ​ឡើយ​ ហើយ​​​មាន​ទស្សនៈ​ថា ស្ថានភាព​នយោបាយ​បែប​នេះ​ ពុំ​បាន​ផ្ដល់​ផល​ចំណេញ​អ្វី​​ដល់​ប្រជាពលរដ្ឋ​ និង​​ប្រទេស​ជាតិ​នោះ​ទេ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​​ក្នុង​ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង ថ្លែង​ស្រដៀង​គ្នា​ថា​ ការ​អធ្យាស្រ័យ​អត់ឱន​ឲ្យ​គ្នា​ទៅ​វិញ​មក​រវាង​គណបក្ស​ជាប់ឆ្នោត​ធំៗ​ទាំង​២​​ ដោយ​មិន​ប្រើ​អំពើ​ហិង្សា ឬ​ការ​គំរាមកំហែង​ដាក់​គ្នា ហើយ​ងាក​មក​ចាប់​ដៃ​គ្នា​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​វិញ ជា​ការ​ប្រសើរ​ជាង។

ប្រជាពលរដ្ឋ​​លើក​ឡើង​ថា ការ​​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​​ចំនួន​ជាង ១០​នាក់​មក​នេះ​ គឺ​ជា​ការ​បំភិតបំភ័យ​​ផ្នែក​នយោបាយ និង​មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​សង្គមជាតិ​ឡើយ៖ «កាល​ណា​ចុះ​សម្រុង​គ្នា​ល្អ ប្រជារាស្ត្រ​ក៏​សប្បាយ​ចិត្ត​តាម​នោះ​ដែរ។ គណបក្ស​ទាំង​២ សុំ​ឲ្យ​បើក​បេះដូង​ឲ្យ​ទូលាយ ទទួល​យោបល់​ពី​ប្រជាពលរដ្ឋ​ផង។ បើ​អ្នក​នយោបាយ​ចេះ​តែ​ឈ្លោះ​គ្នា​បែប​នេះ ធ្វើ​ឲ្យ​ទំនិញ​នៅ​លើ​ទីផ្សារ​កាន់​តែ​ឡើង​ថ្ងៃ​ហើយ»

​​​​​​​​​​​​កន្លង​ទៅ​ ថ្នាក់​ដឹក​នាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់​​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាព​គ្នា​​បោះបង់​​ការ​ប្រើប្រាស់​​​ពាក្យ​សម្ដី​គំរាមកំហែង​ និង​ការ​ចោទ​ប្រកាន់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ ដែល​បង្ក​ទៅ​ជា​ជម្លោះ ប្រើ​អំពើ​ហិង្សា ឬ​​​ហៅ​ថា វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​នោះ​​ ហើយ​ងាក​មក​ដោះស្រាយ​បញ្ហា​ ដោយ​ប្រើ​វប្បធម៌​សន្ទនា​ជំនួស​វិញ។ វប្បធម៌​សន្ទនា​នេះ​ គណបក្ស​ទាំង​២ បង្ហាញ​ថា​ បាន​ឯកភាព​គ្នា​ល្អ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​ការ​សន្ទនា​គ្នា​​​ តាំង​​ពី​ថ្នាក់​មេដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំង​២ រហូត​ដល់​ថ្នាក់​ដឹក​ក្នុង​មូលដ្ឋាន។ ជាង​នេះ​ទៅ​ទៀត ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ និង​ក្រុម​គ្រួសារ​លោក​ សម រង្សី ក៏​ធ្លាប់​បាន​ពិសា​អាហារ​រួម​គ្នា​នៅ​រាជធាន​ភ្នំពេញ​ ដែល​ជា​ការ​សាង​ប្រវត្តិសាស្ត្រ​មួយ​ដ៏​កម្រ​មិន​ធ្លាប់​មាន​ពី​មុន​មក។

ក្រុម​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ថ្លែង​​​​ថា​ ការ​ពិសា​អាហារ​រួម​គ្នា​ជា​ប្រវត្តិ​សាស្ត្រ​របស់​ក្រុម​គ្រួសារ​មេ​ដឹក​នាំ​គណបក្ស​ទាំង​២​នេះ ជា​កាយវិការ​​មួយ​ល្អ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​​មាន​សន្តិភាព​ មាន​​​ស្ថិរភាព​នយោបាយ​ និង​​មាន​ការ​រីកចម្រើន​ទៅ​មុខ​ ប្រសិន​បើ​គណបក្ស​ទាំង​២ ​​រក្សា​វប្បធម៌​នេះ​​ ឲ្យ​នៅ​គង់វង្ស​ និង​​ផុស​ចេញ​ពី​បេះដូង​ស្នេហា​ជាតិ​ពិតប្រាកដ​នោះ៖ «វប្បធម៌​សន្ទនា​គ្នា​នេះ​វា​ជា​ការ​សម្រួល​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​បំពេញ​កិច្ចការ​រីកចម្រើន​ទៅ​មុខ។ ខ្ញុំ​យល់​ឃើញ​ថា​​​ ធ្វើ​អ្វី​ដោយ​មាន​ការ​អត់ឱន​ឲ្យ​គ្នា គឺ​អាច​រស់​ជាមួយ​គ្នា​បាន។ យើង​ត្រូវ​បែងចែក​ការងារ​ធ្វើ​ទាំង​អស់​គ្នា​បាន​វា​រស់​បាន​យូរ​អង្វែង​ទៅ​មុខ»

ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​នេះ​ ទំនង​ដោយសារ​កន្លង​ទៅ​ សម្ដី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រតិកម្ម​បញ្ជា​ឲ្យ​​អគ្គ​នគរបាល​ជាតិ​ និង​អភិបាល​ក្រុង​ភ្នំពេញ​​ បន្ត​នីតិវិធី​ផ្លូវ​ច្បាប់​ទៅ​លើ​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ តាម​ចាប់​ខ្លួន​​អ្នក​ដែល​ធ្លាប់​តវ៉ា ហើយ​ប៉ះទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ កាល​ពី​ពេល​កន្លង​ទៅ៖ «តាម​ចាប់​ទៀត យក​មក...។ ខ្ញុំ​បាន​ប្រាប់​ឯកឧត្ដម សម រង្ស៊ី ខ្ញុំ​ថា អា​ហ្វ៊ីល​ដែល​គេ​ឲ្យ​យក​មក​​​ផ្ទៀង​នេះ​ មាន​ទាំង​ហ្វ៊ីល​ខាង​ឯកឧត្ដម​បញ្ជូន​មក។ អ៊ីចឹង​យើង​មើល​ស្តុក​បាន​តើ! មុខ​ណា​អី​ណា​តាម​ចាប់​អា​ហ្នឹង​ទៀត! អត់​មាន​ទាន់​ឲ្យ​រួច​ខ្លួន​ទេ​ ហើយ ៧​នាក់​ផ្សេង​ទៀត​ ខ្ញុំ​មិន​មែន​គំរាម​ទេ។ តុលាការ​ហៅ​សូម​អញ្ជើញ​ចូល បើ​មិន​ចូល​ប្រយ័ត​គេ​កាត់​កំបាំង​មុខ មាន​ន័យ​ថា ខ្លួន​បោះបង់​សិទ្ធិ​ការពារ​ខ្លួន​ហើយ»

បន្ទាប់​ពី​សម្ដី​របស់​លោក ហ៊ុន សែន មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ​​តុលាការ​ក្រុង​ភ្នំពេញ បាន​បើក​សវនាការ​យ៉ាង​តក់ក្រហល់​​​ ហើយ​សម្រេច​ឃុំ​ខ្លួន​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១​នាក់ ​ដាក់​ពន្ធនាគារ​ព្រៃស។​

​​​​​​​​​​​​​​​​​​​​​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​មន្ត្រី​ស៊ើបអង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​បាត់ដំបង​ លោក​ ហេង សាយហុង មាន​ប្រសាសន៍​ថា ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នយោបាយ​​របស់​សង្គម​ជាតិ ​​ជា​រឿង​ត្រឹមត្រូវ​​ ពីព្រោះ​ថា ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​នោះ​​ ជា​ការ​បន្ថែម​​​កម្ដៅ​នយោបាយ​​ទៅ​វិញ​ទេ​ បន្ទាប់​ពី​​​ស្ងប់ស្ងាត់​អស់​មួយ​រយៈ​ពេល​ ហើយ​ផ្ទុះ​​ឡើង​វិញ​សា​ជា​ថ្មី​នោះ។

លោក​បញ្ជាក់​ទៀត​ថា​ ការ​បន្ថែម​កម្ដៅ​នយោបាយ​នេះ ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រកប​របរ​រក​ស៊ី​របស់​ប្រជាពលរដ្ឋ​ ព្រោះ​ពួកគាត់​មាន​ការ​ព្រួយ​បារម្ភ ហើយ​​ប្រជាពលរដ្ឋ​ខ្លះ​នាំ​គ្នា​និយាយ​ពី​នេះ​ពី​នោះ ខ្វល់​ខ្វាយ​ពី​រឿង​ប្រទេស​ជាតិ៖ «ប្រទេស​ប្រជាធិបតេយ្យ​ យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ទាំង​គ្នា។ ចំពោះ​ប្រជាពលរដ្ឋ​គាត់​នឹង​មើល​ឃើញ​ហើយ​ បើ​គណបក្ស​ណា​​ធ្វើ​ល្អ​ដាក់​គាត់​ នោះ​ប្រជាពលរដ្ឋ​នឹង​មិន​បោះបង់​គណបក្ស​​នោះ​ចោល​​ទេ»

​​​​​​​​​​​​​រហូត​មក​ទល់​ពេល​នេះ សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ១៤​នាក់​ហើយ​ ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​នៅ​គុក​ព្រៃស​នោះ។ ទាំង​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​ដែល​បាន​តាមដាន​បញ្ហា​នយោបាយ​ ​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា​ ជា​ការ​គំរាមកំហែង​បំបាក់​ស្មារតី​ផ្នែក​នយោបាយ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ហ៊ាន​​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ពេល​ក្រោយ​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នយោបាយ​នៅ​ពេល​នេះ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង និង​ប្រធាន​ស្ដីទី​ក្រុម​ភាគតិច ឬ​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នឹង​ជួប​ពិភាក្សា ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។