ទស្សនៈ​ជុំវិញ​ព្រះរាជ​អវត្តមាន​នៃ​ព្រះមហាក្សត្រ​ពី​កម្ពុជា

ព្រះមហាក្សត្រ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ទើប​យាង​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព​តាម​កាលកំណត់​របស់​គ្រូពេទ្យ។ ការ​យាង​ចាក​ចេញ​របស់​ព្រះអង្គ ខណៈ​ប្រទេស​កំពុង​ជាប់​គាំង​ផ្នែក​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​នេះ មាន​ទស្សនៈ​ខ្លះ​លើក​ឡើង​ថា តើ​អាច​មក​ពី​ព្រះអង្គ​មិន​ចង់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ជាមួយ​អ្នក​នយោបាយ​ខ្មែរ​ដែល​មិន​ចុះ​សម្រុង​គ្នា​ពេល​នេះ ឬ​យ៉ាង​ណា?

0:00 / 0:00

ការ​យាង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា របស់​ព្រះ​មហាក្សត្រ​ទៅ​កាន់​ប្រទេស​ចិន នោះ ត្រូវ​បាន​អ្នក​វិភាគ​បាន​ពន្យល់​ថា ព្រះអង្គ​ងាក​ចេញ​ពី​អ្នក​នយោបាយ​ខ្មែរ​ដែល​មិន​ត្រូវរ៉ូវ​គ្នា​រវាង​គណបក្ស​ពីរ​ក្រោយ​ពេល​បោះ​ឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

ព្រះ​មហាក្សត្រ ព្រះ​បាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី អម​ដំណើរ​ដោយ​សម្ដេច​ម៉ែ សម្ដេច​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ បាន​យាង​ទៅ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា​ ដើម្បី​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខភាព​នៅ​ទី​នោះ​ទៅ​តាម​កាលកំណត់​របស់​គ្រូពេទ្យ។

ការ​យាង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា របស់​ព្រះ​មហាក្សត្រ​នេះ នៅ​ចំ​ថ្ងៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០១៣ តែ​ម្ដង។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ព្រះ​មហាក្សត្រ ព្រះអង្គ​បាន​ប្រកាស និង​បើក​ច្រក​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ងាក​មក​រក​ព្រះអង្គ​ក្នុង​ការ​ជួយ​រក​ដំណោះស្រាយ​តាម​រយៈ​ព្រះ​រាជសារ​របស់​ព្រះអង្គ​កាល​ពី​សប្ដាហ៍​មុន ដោយ​ជំរុញ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ដោះស្រាយ​បញ្ហា​នយោបាយ​អំពី​លទ្ធផល​បោះឆ្នោត​ដោយ​សន្តិវិធី ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិ។ ប៉ុន្តែ​អ្នក​នយោបាយ​មិន​បាន​ងាក​ទៅ​រក​ព្រះអង្គ​ទេ។

លោក​បណ្ឌិត សុខ ទូច ពន្យល់​ថា ព្រះអង្គ​យាង​ទៅ​ប្រទេស​ចិន​នេះ ដោយសារ​ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នក​នយោបាយ​វិល​ទៅ​រក​ព្រះអង្គ នៅ​ពេល​ដែល​ស្ថានភាព​ជម្លោះ​ផ្នែក​នយោបាយ​កាន់​តែ​ទុំជោរ​ខ្លាំង ពី​ព្រោះ​ថា ព្រះអង្គ​បាន​ព្យាយាម​បើក​ច្រក​ឲ្យ​អ្នក​នយោបាយ​ទៅ​រក​ព្រះអង្គ​នៅ​ពេល​ស្ថានភាព​មិន​ទាន់​តឹងតែង តែ​បែរ​ជា​អ្នក​នយោបាយ​មិន​ចង់​រក​ដំណោះ​ស្រាយ​ទៅ​វិញ។

ស្រប​ពេល​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បាន​ប្រកាស​ប្រាប់​អ្នក​កាសែត និង​បាន​ផ្សព្វផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ថា គណបក្ស​ប្រជាជន​នឹង​កោះ​ប្រជុំ​សភា ហើយ​បង្កើត​រដ្ឋាភិបាល​ថ្មី​ក្រោយ​ពេល គ.ជ.ប ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៅ​ពេល​ខាង​មុខ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បាន​ពន្យល់​ថា ទោះបី​ជា​ព្រះ​មហាក្សត្រ ព្រះអង្គ​មិន​គង់​នៅ​ក្នុង​ប្រទេស ហើយ​ប្រធាន​ព្រឹទ្ធ​សភា​បំពេញ​ភារកិច្ច​ជំនួស​ព្រះអង្គ​ក៏ដោយ ក៏​ប៉ុន្តែ​ស្ថានភាព​នយោបាយ​នៅ​ពេល​នេះ គណបក្ស​ដែល​ឈ្នះ​ឆ្នោត​នោះ មិន​អាច​បើក​កិច្ច​ប្រជុំ​ជា​លើ​ដំបូង​បាន​ទេ ប្រសិន​បើ​អវត្តមាន​ព្រះ​មហាក្សត្រ​នោះ។

រដ្ឋធម្មនុញ្ញ​មាត្រា ១១​ថ្មី ចែង​ថា ក្នុង​ករណី​ដែល​ព្រះ​មហាក្សត្រ​ពុំ​អាច​បំពេញ​ព្រះរាជ​ភារៈ​ជា​ព្រះ​ប្រមុខ​រដ្ឋ​បាន​ដូច​ធម្មតា ដោយ​ព្រះអង្គ​ទ្រង់​ប្រឈួន​ជា​ទម្ងន់ មាន​ការ​បញ្ជាក់​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ជ្រើស​ដោយ​ប្រធាន​ព្រឹទ្ធ​សភា ប្រធាន​រដ្ឋ​សភា និង​នាយករដ្ឋមន្ត្រី​នោះ ប្រធាន​ព្រឹទ្ធ​សភា​បំពេញ​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ជំនួស​ព្រះអង្គ​ក្នុង​ឋានៈ​ជា​ព្រះ​រាជានុសិទ្ធ។

ក្នុង​ករណី​ដែល​ប្រធាន​ព្រឹទ្ធ​សភា​ពុំ​មាន​លទ្ធភាព​បំពេញ​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ជំនួស​ព្រះ​មហាក្សត្រ ក្នុង​ឋានៈ​ជា​ព្រះ​រាជានុសិទ្ធ ពេល​ព្រះអង្គ​ទ្រង់​ប្រឈួន​ជា​ទម្ងន់ ប្រធាន​រដ្ឋសភា​ជា​អ្នក​បំពេញ​ភារកិច្ច​នេះ។ តំណែង​ជា​ប្រមុខ​រដ្ឋ​ជំនួស​ព្រះ​មហាក្សត្រ ក្នុង​ឋានៈ​រាជានុសិទ្ធ​នេះ អាច​នឹង​ដូរ​ឥស្សរជន​ផ្សេង​ទៀត ដូចជា​អនុប្រធាន​ទី​១ ព្រឹទ្ធ​សភា អនុ​ប្រធាន​ទី​១ រដ្ឋ​សភា អនុប្រធាន​ទី​២ ព្រឹទ្ធ​សភា និង​អនុ​ប្រធាន​ទី​២ រដ្ឋ​សភា​ជាដើម។

ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ អតីត​លេខា​ផ្ទាល់​ព្រះ​មហា​វីរក្សត្រ ព្រះ​បរមកោដ្ឋ មាន​បន្ទូល​ថា ការ​យាង​ចេញ​របស់​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី នៅ​ពេល​នេះ ដើម្បី​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខភាព​តាម​កាលកំណត់​រៀង​រាល់ ៦​ខែ​ម្ដង។ ទ្រង់​នឹង​យាង​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ក្នុង​រយៈ​ពេល ២ ឬ ៣ សប្ដាហ៍​ខាង​មុខ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ថា​តើ​ព្រះអង្គ​នឹង​យាង​ចូល​មាតុ​ប្រទេស​វិញ ទៅ​តាម​ការ​កំណត់? ឬ​ព្រះអង្គ​នឹង​ពន្យារ​ពេល​សម្រាក​នៅ​ប្រទេស​ចិន បន្ត​ដើម្បី​ពិនិត្យ​ព្រះ​រាជ​សុខភាព​របស់​ព្រះអង្គ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ?

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​យាង​ចាក​ចេញ​ទៅ​ក្រៅ​​ប្រទេស​របស់​ព្រះ​មហាក្សត្រ​នៅ​ពេល​នេះ​អាច​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​នៅ​ពេល​នេះ​ដែរ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​ព្រះអង្គ​មិន​យាង​មក​វិញ​នៅ​មុន​ថ្ងៃ​ការ​កំណត់​រយៈ​ពេល ៦០​ថ្ងៃ ក្រោយ​ថ្ងៃ​បោះ​ឆ្នោត ដែល​សភា​ត្រូវ​ប្រជុំ​ដំបូង ហើយ​បក្ស​ប្រឆាំង​មិន​ចូល​រួម​ប្រជុំ នៅ​ពេល​នោះ អាច​ថា​ព្រះអង្គ​មិន​ចង់​មក​ធ្វើ​ជា​ព្រះរាជ​ធិបតី​ក្នុង​កិច្ច​ប្រជុំ​នោះ។

ម្យ៉ាង​វិញ​ទៀត អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ថា ប្រសិន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​មិន​ទទួល​លទ្ធផល ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ដំណើរ​ការ​កិច្ច​ប្រជុំ​សភា និង​ចូល​ស្បថ​ក្នុង​ព្រះរាជវាំង​មុន​នឹង​បើក​ប្រជុំ​សភា និង​បង្កើត​រដ្ឋាភិបាល ហើយ​ព្រះមហាក្សត្រ​ព្រះអង្គ​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ជាង ៦០​រួប​ចូល​ស្បថ​នោះ គឺ​ព្រះ​មហាក្សត្រ​ចូល​រួម​ក្នុង​ការ​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ​ដែរ។

បន្ថែម​ពី​លើ​នេះ​ទៀត ប្រធាន​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់ ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​បណ្ឌិត ហ៊ាង រិទ្ធី មាន​ប្រសាសន៍​ថា បញ្ហា​ចម្បង​ដែល​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​ដែល​ជាប់​ឆ្នោត​មិន​ចុះ​សម្រុង​នឹង​គ្នា​អំពី​លទ្ធផល​បោះ​ឆ្នោត​នេះ ដោយសារ​តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ពីព្រោះ គ.ជ.ប ធ្វើ​ការ​មិន​បង្ហាញ​អំពី​ភាព​ឯករាជ្យ​របស់​ខ្លួន និង​ធ្វើ​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​នៅ​ពេល​បោះឆ្នោត។ លោក​បញ្ជាក់​ថា គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ គ.ជ.ប ត្រូវ​តែ​ធ្វើ​តាម​សំណើ​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ត្រួត​ពិនិត្យ​លទ្ធផល​បោះ​ឆ្នោត។

ប្រទេស​កម្ពុជា​ធ្លាប់​មាន​វិបត្តិ​នយោបាយ​រយៈពេល​យូរ​កាល​ពី​អាណត្តិ​ទី​៣ ឆ្នាំ​២០០៣។ នៅ​ពេល​នោះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ជា​ព្រះ​ប្រធាន និង​គណបក្ស សម រង្ស៊ី គឺ​លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស។ ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៣ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួល​បាន ២៦​អាសនៈ គណបក្ស សម រង្ស៊ី បាន ២៤​អាសនៈ និង​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៧៣​អាសនៈ។

លទ្ធផល​បោះ​ឆ្នោត​នេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី មិន​ទទួល​យក​លទ្ធផល​ឆ្នោត​នោះ​ឡើយ ដោយ​ចោទ​ប្រកាន់​ការ​បោះឆ្នោត​នេះ ធ្វើ​ឡើង​មិន​ឯករាជ្យ និង​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​កើត​ឡើង។ ភ្លាមៗ​នោះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី បាន​ចង​សម្ពន្ធភាព​នឹង​គ្នា​ឈ្មោះ​ថា "សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ"។

នៅ​ខណៈ​ដែល​ភាព​ជាប់​គាំង​នយោបាយ​បាន​អូស​បន្លាយ​ពេល​យូរ​ជិត ១​ឆ្នាំ ក្រោយ​មក​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​បោះ​បង់​លោក សម រង្ស៊ី គឺ​បោះបង់​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ចោល។ ព្រះអង្គ​បាន​ចូល​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន។ នៅ​គ្រា​នោះ អតីត​ព្រះ​មហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតនកោដ្ឋ ព្រះអង្គ​បាន​យាង​ទៅ​ប្រទេស​ចិន ដូចគ្នា​នេះ​ដែរ។

ការ​យាង​ទៅ​ប្រទេស​ចិន របស់​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ពេល​នោះ ត្រូវ​បាន​អ្នក​វិភាគ​អះ​អាង​ថា ព្រះអង្គ​យាង​គេចវេះ​ពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​សភា និង​នាយក​រដ្ឋមន្ត្រី​ជា​សម្ងាត់ មក​ជា​ការ​បោះឆ្នោត​ជា​កញ្ចប់​ដោយ​លើក​ដៃ​វិញ។ ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ គឺ​គេ​យក​លោក ញឹក ប៊ុនឆៃ ជា​ប្រមុខ​រដ្ឋ​ជំនួស​ព្រះ​មហាក្សត្រ និង​លោក ជា ស៊ីម ពីព្រោះ​លោក ជា ស៊ីម ក៏​ចេញ​ទៅ​ក្រៅ​ប្រទេស​ដែរ ពីព្រោះ​ថា លោក ញឹក ប៊ុនឆៃ ជា​អនុ​ប្រធាន​ព្រឹទ្ធ​សភា។

ក៏​ប៉ុន្តែ​ស្ថាន​ភាព​នយោបាយ​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ​ខុស​ពី​ស្ថានភាព​កាល​ពី​ឆ្នាំ​២០០៣ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មិន​ព្រម​ចូល​រួម​ប្រជុំ​សភា​លើក​ដំបូង និង​ចូល​ស្បថ​នៅ​ក្នុង​ព្រះ​បរម​រាជវាំង​នោះ ដោយ​អ្នក​ច្បាប់​ពន្យល់​ថា ការ​ចូល​ស្បថ​ក្នុង​ព្រះ​បរម​រាជវាំង​លុះ​ត្រា​ណា​មាន​សមាជិក​សភា​យ៉ាង​តិច​ចំនួន ១២០​រូប។ បញ្ហា​នេះ អ្នក​វិភាគ​បាន​សង្កត់​ធ្ងន់​ថា ព្រះ​មហាក្សត្រ​នឹង​ពន្យារ​ពេល​សម្រាក​នៅ​ប្រទេស​ចិន ប្រសិន​បើ​អ្នក​នយោបាយ​គណបក្ស​ទាំង​ពីរ​នៅ​តែ​មិន​ត្រូវរ៉ូវ​គ្នា​លើ​បញ្ហា​លទ្ធផល​បោះ​ឆ្នោត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។