ពលរដ្ឋ​ខេត្ត​កំពង់ចាម​ប្រតិកម្ម​ចំពោះ​ការ​ចូល​ចរចា​របស់​បក្ស​ប្រឆាំង

ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ចាម សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​គម្រោង​ចរចា​របស់​គណបក្ស​នេះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​ខាង​មុខ។ ពួកគេ​បារម្ភ​ថា ការ​ចរចា​នោះ​ធ្វើ​ឡើង​ដើម្បី​បែង​ចែក​អំណាច​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា ដែល​ចុង​បញ្ចប់ អាច​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រលាយ​ដូច​បក្ស​ហ៊្វុនស៊ិនប៉ិច។

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម បាន​សម្តែង​ប្រតិកម្ម​តប​ភ្លាមៗ ចំពោះ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ព្រម​ព្រៀង​ធ្វើ​កិច្ច​ចរចារ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំណត់​យក​ថ្ងៃ​ទី​៥ វិច្ឆិកា ខាង​មុខ​នោះ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ឯកភាព​ទៅ​នឹង​ការ​សម្រេច​ចិត្ត​នោះ​ឡើយ ​ដោយ​ពួក​គាត់​បាន​លើក​ឡើង​ថា ភាព​យុត្តិធម៌​ទាក់ទិន​ទៅ​នឹង​លទ្ធផល​ឆ្នោត​មិន​ទាន់​រក​ឃើញ​ដើម្បី​ផ្ដល់​ជូន​ពួកគាត់​ស្ងប់​ចិត្ត​នោះ​ទេ។ ចំណែក​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​យល់​ព្រម​ឱ្យ​បក្ស​ប្រឆាំង​ចូល​រួម​ចរចា ក៏​ប៉ុន្តែ​ត្រូវ​រក្សា​គោលជំហរ​របស់​ខ្លួន​ឱ្យ​បាន​រឹងមាំ ពោល​គឺ​ត្រូវតែ​រក​ភាពយុត្តិធម៌​ឱ្យ​បាន​ជា​មុន​ទើប​ជា​ការ​ប្រសើរ។

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ឃុំ​រកាគយ ស្រុក​កងមាស លោក ខេមរា បាន​សម្ដែង​នូវ​ការ​មិន​ពេញ​ចិត្ត​នៅ​ពេល​ដែល​លោក​ទទួល​ដំណឹង​ថា មេ​បក្ស​ប្រឆាំង​យល់​ព្រម​ចូល​តុ​ចរចា​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​នោះ។ លោក​បាន​លើក​ឡើង​ថា ការ​ចរចា​គឺ​ជា​លេស​ដដែលៗ គ្មាន​លទ្ធផល​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​នោះ​ឡើយ ហើយ​ប្រសិន​បើ​ការ​យល់​ព្រម​ចរចា​ដើម្បី​ធ្វើ​ការ​បែង​ចែក​អំណាច​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​នោះ គឺ​ធ្វើ​ឱ្យ​បាត់បង់​ជំនឿ​ទុក​ចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​បក្ស​ប្រឆាំង។

លើស​ពី​នេះ​ទៀត លោក​លើក​ឡើង​ថា ទុក​ឱ្យ​បក្ស​ប្រជាជន​កម្ពុជា បន្ត​ដឹក​នាំ​ប្រទេស​ដោយ​ខុស​ច្បាប់ ហើយ​បក្ស​ប្រឆាំង​សុខ​ចិត្ត​បន្ត​នៅ​រួម​សុខ​រួម​ទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ គឺ​ជា​ការ​ប្រសើរ៖ «រួម​សុខ​រួម​ទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​វា​ល្អ​ជាង! ទុក​ឱ្យ​សភា​ចោរ​ទាំង ៦៨​រូប​នេះ ​បន្ត​ដឹក​នាំ​អំណាច​តែ​បួន​ឆ្នាំ​កន្លះ​ទៀត​នឹង​ដួល​រលំ​ហើយ។ បើ​គណបក្ស​ទាំង​ពីរ​ជួយ​លោក ហ៊ុន សែន ឱ្យ​មាន​ខ្យល់​ដក​ដង្ហើម ខ្ញុំ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម នឹង​ដក​សេចក្ដី​ទុកចិត្ត និង​លែង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​បន្ត​ទៀត ពីព្រោះ​គណបក្ស​ប្រជាជន​សព្វ​ថ្ងៃ ទឹក​នៅ​បំប៉ឹម​ច្រមុះ​ទេ បើ​លោក សម រង្ស៊ី និង កឹម សុខា ទៅជួយ​លោក ហ៊ុន សែន ឱ្យ​មាន​ខ្យល់​ដក​ដង្ហើម​នោះ ប្រជាពលរដ្ឋ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា»

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​បន្ត​ទៀត ដោយ​មិន​មាន​ជំនឿ​ចិត្ត​ទាល់​តែ​សោះ​ក្នុង​ការ​ចរចា​ដើម្បី​ស្វែង​រក​ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​នៅ​ពេល​កន្លង​ទៅ ដោយ​លោក​មើល​ឃើញ​ពី​លទ្ធផល​ជួប​ចរចា​ជា​ច្រើន​លើក​កន្លង​មក ថា​មិន​បាន​ផ្លែផ្កា​ទាល់​តែ​សោះ៖ «មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​គួរ​នៅ​ក្រៅ​វិញ ប្រសើរ​ជាង ពីព្រោះ​នរណា​ក៏​ចង់​បាន​សុខ​សន្តិភាព ហើយ​គណបក្ស​ប្រជាជន​ខូច​ណាស់ ហើយ​ក្រែងលោ​យើង​ចាញ់​បោក​គេ​ទៅ ចូល​បង្កើត​រដ្ឋាភិបាល​ដូច​ឆ្នាំ​៩៣ (១៩៩៣) គេ​ប៉ែង​ម្នាក់​ម្តងៗ ពីព្រោះ​ឆ្កែ​កន្ទុយ​ខ្វៀន​នៅ​តែ​ខ្វៀន​ហ្នឹង»

ប្រជាពលរដ្ឋ​នៅ​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ អ្នកស្រី លក្ខិណា វិញ បាន​សម្ដែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ចូល​តុ​ចរចា​របស់​បក្ស​សង្គ្រោះ​ជាតិ ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​នោះ ថា​ជា​រឿង​ត្រឹមត្រូវ​ ពីព្រោះ​អ្នក​ស្រី​យល់​ថា របៀប​វារៈ​ដែល​បក្ស​សង្គ្រោះ​ជាតិ​ដាក់​ទៅ​នោះ ដើម្បី​ទាម​ទារ​ភាព​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត ហើយ​ដំណោះស្រាយ​ត្រូវ​ការ​ធ្វើ​វា​ជា​ជំហានៗ។

អ្នកស្រី លក្ខិណា៖ «វារៈ​គាត់​ដាក់​ទាំង​បី​ហ្នឹង ដូច​មិន​មាន​អី​ខុស​នោះ​ទេ ពីព្រោះ​អី​គាត់​តស៊ូ​ប៉ុណ្ណឹង វា​អាច​ឈាន​ដល់​មួយ​ដំណាក់កាលៗ។ ខ្ញុំ​គិត​ថា វា​អត់​ខុស​ទេ ពីព្រោះ​អី​គាត់​ចូល​ទៅ​ចរចា មិន​មែន​ដើម្បី​សុំ​អំណាច​គេ​នោះ​ទេ ពីព្រោះ​គាត់​ដាក់​វារៈ​ទាំង​បី ដើម្បី​បង្កើត​គណៈកម្មាធិការ​ដើម្បី​រាប់​សន្លឹក​ឆ្នោត​អី​ហ្នឹង ខ្ញុំ​ថា​អា​ហ្នឹង​ជា​រឿង​ត្រឹមត្រូវ»

ក៏​ប៉ុន្តែ​អ្នកស្រី​ក៏​បាន​លើក​ឡើង​ដែរ​ថា ប្រសិន​បើ​ការ​ចរចា​នោះ​ជា​ការ​ចរចា​ដើម្បី​ធ្វើ​ការ​បែងចែក​អំណាច​វិញ អ្នកស្រី​និង​អ្នក​គាំទ្រ​ឯ​ទៀត​ប្រាកដ​ជា​លែង​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ​ជាក់​ជា​មិន​ខាន។

ចំណែក​ឯ​ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​ល្វេ ស្រុក​កោះសូទិន លោក មាស លី ក៏​បាន​លើក​ឡើង​ដោយ​មាន​ការ​ប្រៀប​ធៀប​ទៅ​នឹង​រឿង​ប្រវត្តិសាស្ត្រ​ចិន​មួយ គឺ​រឿង​សាមកុក ដោយសារ​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​កំពុង​តែ​ប្រព្រឹត្ត​ខ្លួន​ជា​តួ​អង្គ​មួយ​នៅ​ក្នុង​រឿង​នេះ​ទៀត​ផង។

លោក មាស លី៖ «ពីព្រោះ​ខ្ញុំ​យល់​ថា អំណាច​បច្ចុប្បន្ន​របស់​គណបក្ស​បច្ចុប្បន្ន​នេះ ខ្ញុំ​មើល​ឃើញ​ថា គ.ជ.ប វា​បន្លំ​សន្លឹក​ឆ្នោត​ឱ្យ​ទៅ​គណបក្ស​កាន់​អំណាច​ហើយ ហើយ​ធ្វើ​ផែនការ​ឯក​បក្ស​ហ្នឹង​វា​ខុស​នឹង​ច្បាប់ មាត្រា ៧៦ ក៏​វា​ខុស ១២០ ក៏​មិន​បាន​ចូល​ប្រជុំ ព្រះមហាក្សត្រ​ហ្នឹង​សោត​ទៀត ក៏​នៅ​ក្រោម​អំណាច​ ដូចជា​អា​ឆាវៗ ទាមទារ​យក​ស្តេច​រឿង​សាមកុក​ហ្នឹង ហើយ​ធ្វើ​ឱ្យ​ស្ដេច​ហ្នឹង​ធ្វើ​តាម​អំណាច​អា​ឆាវៗ​ហ្នឹង ដូចគ្នា​អ៊ីចឹង ដែល​ខ្ញុំ​ប្រៀប​ធៀប​ទៅ»

លោក​បន្ថែម​ទៀត​ថា ការ​ចរចា​គប្បី​មាន​សម្រាប់​គណបក្ស​ធំៗ​ទាំង​ពីរ គឺ​ត្រូវ​ធ្វើ​ឡើង​ដើម្បី​បញ្ជាក់​ថា នរណា​ជា​ឈ្នះ​នរណា​ជា​អ្នក​ចាញ់ ដោយ​មាន​អង្គការ​អន្តរជាតិ​ជា​អ្នក​ដឹង​ឮ៖ «ចរចា​អី​ចរចា​ទៅ ក៏​ប៉ុន្តែ​មិន​ឱ្យ​ទាមទារ​អំណាច គឺ​សូម​ឱ្យ​ជ្រើស​រើស​គណៈកម្មាធិការ​ឯករាជ្យ​មួយ​ដើម្បី​មើល​សន្លឹក​ឆ្នោត ថា​នរណា​ឈ្នះ​នរណា​ចាញ់។ ឧត្ដមគតិ​របស់​ខ្ញុំ គឺ​សូម​ឱ្យ​ដឹង​ថា អ្នក​ណា​ឈ្នះ អ្នក​ណា​ចាញ់​យ៉ាង​ពិត​ប្រាកដ។ បើ​ខ្ញុំ​ចាញ់​ក្នុង​នាម​ខ្ញុំ​បោះ​ឱ្យ​អ្នក​ដែល​ស្រលាញ់​ជាតិ ខ្ញុំ​ចាញ់ ខ្ញុំ​សុខ​ចិត្ត​ទទួល​យក បើ​ខ្ញុំ​ឈ្នះ គឺ​សូម​ឱ្យ​មាន​អង្គការ​ឯករាជ្យ​មួយ​ថា ខ្ញុំ​ជា​អ្នក​ឈ្នះ អា​ហ្នឹង​ខ្ញុំ​ត្រូវ​តាម​យោបល់​របស់​ប្រជាពលរដ្ឋ​ចង់​បាន»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ បញ្ហា​នេះ​ត្រូវ​បាន​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា ថា កិច្ច​ចរចា​នេះ​គឺ​ជា​ការ​ចរចា​កម្រិត​បច្ចេកទេស​តែប៉ុណ្ណោះ។ គោល​ជំហរ​របស់​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ដដែល​ គឺ​គោរព​ទៅ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ជា​ដាច់​ខាត ពោល​គឺ​ប្រជាពលរដ្ឋ​ត្រូវ​ការ​​ចរចា​ដើម្បី​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​មាន​នៅ​ពេល​កន្លង​ទៅ។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​អ្នក​ឈ្នះ ដូច​នេះ​ការ​ចរចា​នៅ​ពេល​ខាង​មុខ មិន​អាច​រំលង​ភាព​អយុត្តិធម៌​ដែល​បាន​កើត​ឡើង​នៅ​ពេល​បោះ​ឆ្នោត​នោះ​ឡើយ ពីព្រោះ​វា​ជា​មូលដ្ឋាន​គ្រឹះ​នៅ​ក្នុង​​កិច្ច​ចរចា។

លោក កឹម សុខា បាន​បញ្ជាក់​ពី​គោល​ជំហរ​យ៉ាង​ច្បាស់​ថា គ្មាន​ការ​ចរចា​ដើម្បី​បែង​ចែក​អំណាច​នោះ​ទេ៖ «ខ្ញុំ​សូម​ជម្រាប​ជូន​បង​ប្អូន​ជន​រួម​ជាតិ ពិសេស​អ្នក​ដែល​បោះ​ឆ្នោត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថា គោលជំហរ​របស់​យើង​ខ្ញុំ ជា​ពិសេស​ខ្លួន​ខ្ញុំ​ផ្ទាល់ មិន​ឱ្យ​គណបក្ស​ប្រជាជន​ហ្នឹង​ជាន់​ឈ្លី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ដាច់​ខាត ហើយ​ជំហរ​យើង​ខ្ញុំ ដាច់​ខាត​ត្រូវ​តែ​ស្វែង​រក​ការ​ពិត ស្វែង​រក​យុត្តិធម៌​ជុំវិញ​ការ​បោះ​ឆ្នោត​កន្លង​មក​ឱ្យ​ឃើញ​ជូន​ប្រជាពលរដ្ឋ។ ទោះ​បី​គេ​ទិញ​ក៏​មិន​លក់ គេ​សម្លុត​ក៏​មិន​ខ្លាច អត់​ទៅ​ចុះ​ចូល ចុះ​ញ៉ម​ជាមួយ​ពួក​កាន់​អំណាច​ផ្ដាច់ការ​ សូម​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ»

លោក​ក៏​បាន​ជម្រាប​ជូន​ពី​សមាសភាព​អ្នក​​ត្រូវ​ចូល​រួម​ចរចា​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​រួម​មាន​លោក យឹម សុវណ្ណ លោក សុន ឆ័យ លោក អេង ឆៃអ៊ាង លោក គួយ ប៊ុនរឿន និង​លោក យ៉ែម បុញ្ញឫទ្ធិ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។