ទស្សនៈ​ប្រជាពលរដ្ឋ​ក្រោយ​រដ្ឋសភា​ដក​តំណែង​លោក កឹម សុខា

ដោយ សេក បណ្ឌិត
2015.10.30
កឹម សុខា ៦២០ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ជា​អនុប្រធាន​ទី១ រដ្ឋសភា ថ្លែង​ទៅ​កាន់​អ្នកកាសែត នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពេល​ត្រឡប់​ពី​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Morm Moniroth

ក្រោយ​ពី​សមាជិក​រដ្ឋសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច បាន​បោះឆ្នោត​ទម្លាក់​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពី​តំណែង​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​នោះ ប្រជាពលរដ្ឋ និង​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) មួយ​ចំនួន​បាន​បង្ហាញ​ការ​ខកចិត្ត និង​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​ជុំវិញ​រឿង​នេះ។

ពលរដ្ឋ​ភាគ​ច្រើន​ដែល​បាន​សម្ភាស​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា និយាយ​ថា ការ​ដក​តំណែង​លោក កឹម សុខា នៅ​ពេល​នេះ​គឺ​ជា​រឿង​អយុត្តិធម៌ និង​ការ​ប្រើ​អំណាច​រុញ​គណបក្ស​ប្រឆាំង​ឲ្យ​ទាល់ច្រក។

ពលរដ្ឋ​ម្នាក់​ឈ្មោះ ឌី គឹមសុន មាន​មុខ​របរ​រត់​ម៉ូតូ​ឌុប​នៅ​ភ្នំពេញ ម្តុំ​រដ្ឋ​សភា និង​កោះ​ពេជ្រ ខក​ចិត្ត​ចំពោះ​អ្នក​នយោបាយ​ដែល​នៅ​មិន​កាន់​ពាក្យ​សច្ចៈ ហើយ​អ្នក​ខ្លាំង​នៅ​តែ​ប្រើ​អំណាច​កៀបសង្កត់​អ្នក​ទន់​ខ្សោយ​ដោយ​មិន​ប្រើ​ប្រព័ន្ធ​ច្បាប់ ហើយ​របៀប​ធ្វើការ​សម្រេច​ហាក់​ផ្អែកលើ​ធាតុ​ផ្សំ​នៃ​ទោស​កំហុស​មិន​សម​ហេតុផល ឬ​គ្មាន​ការ​ពិត​ឡើយ៖ «អត់​គួរ​ដក​ទេ! តើ​ដក​ហ្នឹង​មូលហេតុ​អី​គេ? យើង​អត់​ដឹង​រឿង​ដើម​ដំបូង?»

លោក​បន្ត​ថា ចិត្ត​លោក​ចង់​ឲ្យ​គណបក្ស​ទាំង​ពីរ​ធ្វើការ​ជាមួយ​គ្នា​ដោយ​ទទួល​ខុស​ត្រូវ​ ដោះស្រាយ​បញ្ហា​ទុក្ខ​លំបាក​របស់​ប្រពល​រដ្ឋ៖ «បើ​សិន​មាន​តែ​មួយ​គឺ​អត់​កើត​ទេ ប្រៀប​ដូចជា​ម៉ូតូ ឬ​ក៏​ឡាន​ប្រណាំង​អ៊ីចឹង បើ​តែ​ឯង​ហើយ​ចេះ​តែ​ទៅ តែ​បើ​មាន​ពីរ​ទន្ទឹម​គ្នា អាច​ប្រកួត​ប្រជែង​គ្នា​ដើម្បី​រក​ចំណុច​ខ្វះខាត​ទៅ​វិញ​ទៅ​មក»

ចំណែក​ប្រជាពលរដ្ឋ​មួយ​ក្រុម​ទៀត​នៅ​ម្ដុំ​ផ្សារ និង​សាលារៀន​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ទម្លាក់​លោក កឹម សុខា ពី​តំណែង​អនុ​ប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​នោះ គឺ​ពុំ​មាន​ហេតុផល​សមរម្យ​ទាល់តែសោះ។ ពួកគាត់​ចង់​ឲ្យ​ម្ចាស់​ឆ្នោត​ទូទាំង​ប្រទេស​ជា​អ្នក​សម្រេច​នៅ​ពេល​បោះឆ្នោត​អាណត្តិ​ក្រោយ​ទើប​ជា​ការ​ត្រឹមត្រូវ​ជាង​ការ​សម្រេច​របស់​ក្រុម​អ្នក​នយោបាយ​តែ​ក្រុម​តូច​នោះ៖  «បែងចែក ​អត់​ត្រូវ យ៉ាង​ម៉េច​យ៉ាងម៉ា​រង់ចាំ​ការ​បោះ​ឆ្នោត បើ​គាត់​ធ្វើ​ការ​មិន​កើត​ចាំ​បោះ​ឆ្នោត​ទម្លាក់​ទៅ! ចង់​និយាយ​ថា ខាង​គណបក្ស​ប្រជាជន ដូច​ធ្វើ​បាប​គណបក្ស​សង្គ្រោះ​ជាតិ ដល់​ហើយ ដក​ហ្នឹង​អាង​សំឡេង​គាត់​មាន​ច្រើន»

​ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត​មិន​ខ្វល់​ជាមួយ​ក្រុម​អ្នក​នយោបាយ​អ្វី​ទាំង​អស់ គឺ​មួយ​ថ្ងៃៗ​គាត់​គិតតែ​ពី​បញ្ហា​រក​ស៊ី​ដើម្បី​បំពេញ​ក្រពះ​ប៉ុណ្ណោះ។

​រីឯ​ទស្សនៈ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​វិញ​ក៏​បាន​បង្ហាញ​ទស្សនៈ​ជុំវិញ​រឿង​នេះ​ប្រហាក់ប្រហែល​គ្នា​នឹង​ពលរដ្ឋ​នៅ​ភ្នំពេញ​ដែរ ដោយ​ខ្លះ​មិន​គាំទ្រ​ឡើយ ហើយ​ខ្លះ​ទៀត​មិន​ហ៊ាន​វិនិច្ឆ័យ​យ៉ាង​ណា​នោះ​ទេ ព្រោះ​គាត់​យល់​ថា បញ្ហា​នយោបាយ​ស្មុគស្មាញ​ច្រើន​ណាស់ ពលរដ្ឋ​អាច​ពិបាក​យល់​លើ​គំនិត​របស់​អ្នក​នយោបាយ។ ពេល​ខ្លះ​គេ​គ្រាន់តែ​សម្ដែង​ល្ខោន​ធ្វើ​កម្សត់ ធ្វើ​កាច​ដាក់​គ្នា​លេងៗ​ប៉ុណ្ណោះ ប៉ុន្តែ​ជា​រួម ពួកគាត់​មិន​ចង់​ឲ្យ​អ្នក​នយោបាយ​ឈ្លោះ​គ្នា​នោះ​ទេ៖ «ពលរដ្ឋ​ទាំង​អស់​អត់​ចង់​បាន​សភាព ​បែប​ហ្នឹង​ទេ គឺ​ចង់​បាន​អ្នកដឹកនាំ​ដែល​ចេះ​ស្រលាញ់​គ្នា ចេះ​ជួយ​ប្រទេស​ជាតិ​យើង​ឲ្យ​រីក​ចម្រើន​នោះ​ទើប​ជា​ការ​ប្រសើរ»

ដោយ​ឡែក​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​វិញ ក៏​មាន​ការ​បញ្ចេញ​ទស្សនៈ​ច្រើន​ដែរ ទាំង​វិជ្ជមាន និង​អវិជ្ជមាន​ទាក់ទង​នឹង​ការ​ដក​តំណែង​លោក កឹម សុខា។ អ្នក​ខ្លះ​បាន​វិភាគ​ទៅ​លើ​បរិយាកាស​នយោបាយ​របស់​គណបក្ស​គូប្រកួត​គ្នា គឺ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ ទៀត​ផង។

គណនី​ហ្វេសប៊ុក ឈ្មោះ “Son Miliben” បាន​សរសេរ​នៅ​ថ្ងៃ​៣០ ខែ​តុលា ថា៖ «រឿង​នេះ​កើត​ឡើង​ដោយសារ​លោក ហ៊ុន សែន ឈឺ​ចាប់​បន្តិច​ម្តងៗ តាម​រយៈ​ការ​បំបែក​លោក កឹម សុខា ចេញ​ពី​លោក សម រង្ស៊ី មិន​បាន​សម្រេច។ ប៉ុន្តែ​លោក​យល់​ថា ការ​បាត់​តំណែង​របស់​លោក កឹម សុខា ពេល​នេះ រឹតតែ​ធ្វើ​ឲ្យ​សង្គ្រោះ​ជាតិ​កាន់តែ​រឹងមាំ កម្លាំង​សាមគ្គី​កាន់​តែ​ខ្លាំង ចំណែក (លោក) ហ៊ុន សែន កាន់​តែ​ឈឺ ដោយសារ​ប្រជារាស្ត្រ​នឹង​ថ្កោលទោស​លោក​នៅ​ឆ្នាំ​២០១៧-​២០១៨ ខាង​មុខ»

ដោយ​ឡែក​ម្ចាស់​គណនី​ឈ្មោះ "អានី អានី" វិញ បាន​គាំទ្រ​ចំពោះ​ការ​ទម្លាក់​លោក កឹម សុខា។ ទន្ទឹម​គ្នា​នេះ ម្ចាស់​គណនី​ឈ្មោះ "ស៊ី ស៊ី" ក៏​បាន​បន្ទរ​ថា៖ «អនុ​ប្រធាន​រដ្ឋសភា​ទី​១ ត្រូវ​បាន​តំណាងរាស្ត្រ​បោះឆ្នោត​ឲ្យ​ធ្វើ​មែន តែ​អនុ​ប្រធាន​ទី​១​រូប​នេះ​ល្ងង់ អត់​ចេះ​ធ្វើការ យក​តួនាទី​ទៅ​បោកប្រាស់ ញុះញង់​ឲ្យ​ខ្មែរ​បែកបាក់​ឥត​ឈប់ឈរ ដូច្នេះ​តំណាងរាស្ត្រ​ក៏​អាច​បោះឆ្នោត​ទម្លាក់​វិញ គឺ​សម​ហេតុផល​ហើយ»

​ផ្ទុយ​ពី​ទស្សនៈ​នេះ គណនី​ហ្វេសប៊ុក ឈ្មោះ “Long Sokhey SK” បាន​សរសេរ​ដាក់​ជា​សំណួរ​ថា៖ «មាន​បាតុកម្ម​ទម្លាក់​លោក កឹម សុខា គឺ​ទម្លាក់​ភ្លាម​តែម្ដង ចុះ​ចំណែក​ឯ​បាតុកម្ម​សុំ​អោយ​ទម្លាក់ លោក ហ៊ុន សែន ពី​នាយករដ្ឋមន្ត្រី ម៉េច​មិន​ទម្លាក់​ផង​លោក​សភា?»

ចំណែក​គណនី​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ “Sam BunThon” បញ្ចេញ​ទស្សនៈ​ថា៖ «បាតុកម្ម​ឥត​ច្បាប់​បាន​វាយ​តំណាងរាស្ត្រ​របួស​ធ្ងន់​ពីរ​នាក់​ដោយ​គ្មាន​សមត្ថកិច្ច​អើពើ ថែម​ជំរុញ​អោយ​សភា​ល្ងីល្ងើ​បោះ​ឆ្នោត​ទម្លាក់​លោក កឹម សុខា ពី​តំណែង​ថែម​ទៀត ហើយ​ចុះ​មនុស្ស​រាប់​លាន​នាក់​ស្រែក​ទាមទារ​អោយ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច​ម៉េច​ក៏​មិន​គិត​ខ្លះ​ផង​លោក​សភា?»

​គណនី​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ “Vanndy Hort” បាន​បញ្ចេញ​ទស្សន​ដែរ​ថា៖ «បើ​សង្គ្រោះ​ជាតិ​ដាក់​បេក្ខជន​ថ្មី​ជំនួស​លោក កឹម សុខា នោះ ដូច​អោយ​គណបក្ស​ប្រជាជន​ត្រួត​ក្បាល​អ៊ីចឹង»។

​ម្ចាស់​គណនី​ដដែល​នេះ​សរ​សរសេរ​ទៀត​ថា៖ «ចង់​ដក​ស្រេច​តែ​ចិត្ត​នឹក​ឃើញ! បើ​សង្គ្រោះ​ជាតិ ហ៊ាន​លេង​ល្បែង​នេះ​ក៏​ល្អ​លេង​ដែរ បើ​គណបក្ស​ប្រជាជន ទាមទារ​ដាក់​អ្នក​ថ្មី គឺ​កុំ​ដាក់ ហើយ​បើ​ចង់​ដាក់ គឺ​ត្រូវតែ​បេក្ខភាព​លោក កឹម សុខា ដដែល។ ចាំ​មើល​គណបក្ស​ប្រជាជន រក​លេស​អី​ទៀត?»

ទោះ​យ៉ាង​ណា​ក្តី មតិ​ពលរដ្ឋ​ភាគ​ច្រើន​មិន​ចង់​ឲ្យ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​ឈ្លោះ​ប្រកែក​គ្នា ហើយ​ដោះដូរ​តំណែង​ណា​មួយ​ក្នុង​អាណត្តិ​នោះ​ទេ ហើយ​ទោះ​ជា​សម្រេច​ដក​តំណែង​លោក កឹម សុខា ទៅ​ហើយ​នោះ ក៏​មិន​គួរ​ដាក់​អ្នក​ផ្សេង​នៅ​ពេល​នេះ​ដែរ ដោយ​ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​នៅ​អាណត្តិ​ថ្មី ឆ្នាំ​២០១៨ ខាង​មុខ ពេល​នោះ​យុត្តិធម៌ ឬ​អយុត្តិធម៌​យ៉ាងណា​នឹង​បង្ហាញ​ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។