អ្នក​វិភាគ៖ បក្ស​ប្រឆាំង​ត្រូវ​ប្ដូរ​យុទ្ធសាស្ត្រ​ដើម្បី​ស្រូប​យក​សំឡេង​ឆ្នោត

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​ការ​បោះឆ្នោត បាន​បង្ហាញ​ថា បើ​សិន​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ប្ដូរ​ទម្រង់​ការ​ឃោសនា និង​ប្ដូរ​របត់​នយោបាយ​របស់​ខ្លួន ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​នោះ នឹង​អាច​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន ដើម្បី​ត​ទល់​នឹង​បក្ស​ដែល​កំពុង​កាន់​អំណាច​សព្វថ្ងៃ​បាន។

0:00 / 0:00

បញ្ហា​ធនធាន​មនុស្ស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ បញ្ហា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ប្រឈម​ចម្បង​សម្រាប់​គណបក្ស​ក្រៅ​រដ្ឋាភិបាល ដែល​ត្រូវ​ឡើង​ត​ទល់​គ្នា​ជាមួយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បោះឆ្នោត​សកល​នៅ​ចុង​ខែ​កក្កដា ខាង​មុខ។

លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (និកហ្វិច) លោក​មាន​ប្រសាសន៍​ថា នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត ដូច​ជា​មាន​សម្ពាធ​ពី​តុលាការ​ជាដើម ដែល​ធ្វើ​ឲ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ស្ថិត​នៅ​លើ​ផ្លូវ​មួយ​តូច​ចង្អៀត ក្នុង​ការ​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​ខ្លួន​ទៅ​ដល់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត។

លោក​បណ្ឌិត ហង្ស ពុទ្ធា៖ «យើង​ពិនិត្យ​ទៅ​លើ​លទ្ធភាព ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្ទើរ​តែ​ទាំង​ស្រុង​ហ្នឹង! គឺ​ថា​បង្ហាញ​នូវ​ការ​គាំទ្រ​ទាំង​ស្រុង​ចំពោះ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន។ អ៊ីចឹង នេះ​ជា​ឱកាស​តិចតួច​សម្រាប់​គណបក្ស​ដែល​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន»

លោក​បន្ត​ថា កត្តា​ខាង​ក្នុង​របស់​គណបក្ស ចាំបាច់​គួរ​តែ​មាន​ការ​កែប្រែ​នូវ​គោល​នយោបាយ ឬ​សកម្មភាព​នយោបាយ​ចាស់​របស់​ខ្លួន ដែល​មិន​ធ្លាប់​ទទួល​ជោគជ័យ​រួច​មក​ហើយ​នោះ និង​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​របស់​បក្ស​ផង។

លោក​បណ្ឌិត ហង្ស ពុទ្ធា៖ «ខ្ញុំ​យល់​ថា គណបក្ស​ជំទាស់​ត្រូវ​តែ​បង្ហាញ​ដែរ ឧទាហរណ៍​ថា អ្វី​ដែល​ជា​កិច្ច​សន្យា​របស់​ខ្លួន​នៅ​ពេល​ដែល​ឃោសនា​នា​ពេល​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ ហើយ​នៅ​ពេល​ដែល​ជាប់​មែន ខ្លួន​ត្រូវ​ធ្វើ​អី​ខ្លះ ហើយ​ប្រជាពលរដ្ឋ​ក៏​ត្រូវ​ការ​ភាព​ជាក់ស្ដែង​ដែរ​បើ​សិន​បង្ហាញ​ថា មាន​ភាព​ត្រឹមត្រូវ​ប្រជាពលរដ្ឋ លោក​អាច​ទទួល​យក​បាន ខ្ញុំ​គិត​ថា​ប្រជាពលរដ្ឋ​អាច​នឹង​គាំទ្រ​បាទ!»

ក្រៅ​ពី​បញ្ហា​នយោបាយ ទាំង​កត្តា​ខាង​ក្នុង និង​ខាង​ក្រៅ គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ក៏​មាន​បញ្ហា​ចោទ​លើ​ថវិកា​ខ្លះ​ដែរ។

គណៈកម្មការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) នៅ​ខែ​មីនា នេះ បាន​បង្ហាញ​ថា ប្រព័ន្ធ​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​ឃោសនា​បោះឆ្នោត គណបក្ស​កាន់​អំណាច​បាន​ចាយ​ប្រាក់​លើសលប់ ដើម្បី​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១២។ ក្នុង​នោះ​គេ​រក​ឃើញ​ថា គណបក្ស​ប្រជាជន​ចំណាយ​ប្រាក់​ឃោសនា​ក្នុង​មួយ​ឃុំ​ជិត ១​ម៉ឺន​ដុល្លារ បើ​ធៀប​នឹង​បក្ស​ប្រឆាំង ដែល​ចាយ​ប្រាក់​ជាង ១​ពាន់​ដុល្លារ ហើយ​គណបក្ស​ផ្សេង​ទៀត​ចំណាយ​ប្រាក់​ឃោសនា​អស់​ក្រោម ១​ពាន់​ដុល្លារ។

ទាក់ទង​បញ្ហា​នេះ អ្នក​វិភាគ​បញ្ហា​សង្គម​យល់​ឃើញ​ថា ការ​ប្រើប្រាស់​លុយ​កាក់​ទិញ​ទឹក​ចិត្ត​អ្នក​បោះឆ្នោត​នោះ បច្ចុប្បន្ន​លែង​សូវ​មាន​ឥទ្ធិពល​ទៀត​ហើយ ដោយសារ​តែ​ពួក​គាត់​មាន​ចំណេះ​ដឹង និង​មាន​ការ​ពិចារណា​ច្រើន​ជាង​មុន ហើយ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នៅ​តែ​មាន​លទ្ធភាព​ជាច្រើន​ទៀត ដោយ​ផ្ដោត​ទៅ​លើ​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល ដែល​មិន​ទាន់​បាន​អនុវត្ត ហើយ​ពលរដ្ឋ​កំពុង​ត្រូវ​ការ​នោះ​ជា​អត្ថិភាព​ក្នុង​ការ​ប្រកួត​ប្រជែង។

ក្នុង​នោះ មាន​ដូច​ជា បញ្ហា​ជីវភាព​រស់នៅ​ដោយ​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ អព្យាក្រឹតភាព​របស់​តុលាការ បញ្ហា​កម្ចាត់​អំពើ​ពុក​រលួយ ការ​រំលោភ​សិទ្ធិ​មនុស្ស សេដ្ឋកិច្ច​សង្គម​ជាដើម។ ទាំង​នេះ ជា​ប្រធាន​បទ​ដែល​អាច​បើក​ផ្លូវ​ឲ្យ​បក្ស​ក្រៅ​រដ្ឋាភិបាល​ទទួល​បាន​ការ​គាំទ្រ​កើន​ឡើង ប្រសិន​ជា​មាន​ការ​រៀបចំ​គោល​នយោបាយ​ទាំង​នេះ​ឲ្យ​មាន​ភាព​ប្រាកដ​ប្រជា និង​មាន​ការ​ទទួល​ខុស​ត្រូវ​ពិត​ប្រាកដ ចំពោះ​មុខ​ម្ចាស់​ឆ្នោត។

ឆ្លើយ​តប​នឹង​ចំណោទ​ទាំង​នេះ លោក សុន ឆ័យ ជា​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង សម រង្ស៊ី និង​ជា​មន្ត្រី​សំខាន់​មួយ​រូប​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ទើប​បង្កើត​ថ្មី​ទទួល​ស្គាល់​ចំពោះ​បញ្ហា​លំបាក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ប៉ុន្តែ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គណបក្ស​ប្រឆាំង​បាន​ជ្រើស​រើស​វិធីសាស្ត្រ​ផ្សេង ដោយ​ចុះ​ជួប​ប្រជាពលរដ្ឋ​ផ្ទាល់ ដើម្បី​ផ្សព្វផ្សាយ​នូវ​គោល​នយោបាយ​របស់​ខ្លួន។

ចំពោះ​បញ្ហា​ធនធាន​មនុស្ស​សម្រាប់​ដឹកនាំ​គណបក្ស និង​ដឹកនាំ​រដ្ឋាភិបាល មិន​ចោទ​ជា​បញ្ហា​ទេ ពីព្រោះ​គណបក្ស​លោក​បាន​ត្រៀម​លក្ខណៈ និង​នីតិវិធី​ត្រឹមត្រូវ​រួច​ជា​ស្រេច នៅ​ពេល​ឈ្នះ​ឆ្នោត ព្រម​ទាំង​បាន​ធ្វើ​ការ​កែប្រែ​នូវ​គោល​នយោបាយ​ជាច្រើន ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ និង​អនាគត​ប្រទេស​ជាតិ។

លោក សុន ឆ័យ៖ «លើក​នេះ យើង​មាន​ចែង​យ៉ាង​ច្បាស់​លាស់​អំពី​កម្មវិធី​នយោបាយ​ដែល​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រក​ចំណូល​ថវិកា​ជាតិ និង​ការ​ចំណាយ​សម្រាប់​ទ្រទ្រង់​ដល់​ជីវភាព​ប្រជាពលរដ្ឋ លើក​ស្ទួយ​ដល់​កសិករ ផ្ដល់​សេវា​សុខភាព​ដោយ​ឥត​គិត​ថ្លៃ ជួយ​វិស័យ​អប់រំ​ដល់​យុវជន​ឲ្យ​មាន​ការ​អប់រំ​ត្រឹមត្រូវ ដោយ​មាន​ចែង​អំពី​នីតិវិធី​ច្បាស់​លាស់ និង​ថវិកា​ដែល​នឹង​ត្រូវ​ចំណាយ​ជាដើម។ នេះ ជា​ការ​ប្រកួត​ប្រជែង​មួយ​ដែល​មាន​លក្ខណៈ​ពិសេស​ជាង​សព្វ​ដង»

ប៉ុន្តែ​អ្វី​ដែល​លោក សុន ឆ័យ ព្រួយ​បារម្ភ​ខ្លាំង​នោះ គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ការ​គ្រប់គ្រង​សន្លឹក​ឆ្នោត ដែល​លោក​តែង​តែ​លើក​ឡើង​ថា គ.ជ.ប មិន​ឯករាជ្យ លម្អៀង​ទៅ​រក​បក្ស​កាន់​អំណាច។ ចំណែក​មន្ត្រី គ.ជ.ប វិញ ក៏​តែង​តែ​ប្រកាស​បដិសេធ​ជា​ចំហ​ថា ស្ថាប័ន​នេះ​មាន​ភាព​ស្អាតស្អំ ដោយ​ពុំ​មាន​និន្នាការ​ទៅ​រក​បក្ស​នយោបាយ​ណា​មួយ​ឡើយ។

លោក កែម ឡី អ្នក​ស្រាវជ្រាវ​លើ​គម្រោង​អភិវឌ្ឍន៍​សង្គម មើល​ឃើញ​ថា ទោះ​ជា​មាន​បញ្ហា​ប្រឈម​ខ្លះ​ក្តី ក៏​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នៅ​តែ​មាន​ឱកាស​យក​ឈ្នះ​បាន​ដែរ អោយ​តែ​គណបក្ស​នោះ​សិក្សា​ស្វែង​យល់​ឲ្យ​ស៊ី​ជម្រៅ ដើម្បី​រក​ចំណុច​ខ្លាំង ចំណុច​ខ្សោយ​នៃ​គោល​នយោបាយ​ចាស់​របស់​ខ្លួន ហើយ​ធ្វើ​ការ​កែប្រែ​គោល​នយោបាយ​នោះ​ជា​ថ្មី​ឲ្យ​ស្រប​ទៅ​តាម​តម្រូវ​ការ​ម្ចាស់​ឆ្នោត និង​ការ​វិវឌ្ឍន៍​របស់​សង្គម​ជាក់ស្តែង។ ប៉ុន្តែ លោក​ព្រមាន​ថា បើ​គណបក្ស​ណា​មួយ​នៅ​តែ​ប្រើ​គោល​នយោបាយ​ដែល​ធ្លាប់​ចាញ់​នោះ លទ្ធផល​គឺ​ចាញ់​បន្ត​ទៀត។

លោក​បន្ត​ថា អាណត្តិ​ថ្មី គណបក្ស​ក្រៅ​រដ្ឋាភិបាល​គួរ​តែ​មាន​យុទ្ធសាស្ត្រ​ថ្មី ចលនា​ថ្មី ដោយ​ផ្ដោត​លើ​បេក្ខភាព​នារី និង​យុវជន​ជា​អត្ថិភាព​ក្នុង​ការ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ៖ «អា​ហ្នឹង​ជា​ចលនា​ថ្មី​មួយ​សម្រាប់​គាត់ ហើយ​អាច​ទទួល​ការ​គាំទ្រ​នៅ​ក្នុង​យុទ្ធនាការ ជាពិសេស​យុវជន ៣៣% ឬ​ស្មើ​នឹង​ជាង ៤​លាន​នាក់ ដែល​អាច​ឈាន​ចូល​ក្នុង​ការ​បោះឆ្នោត​ហ្នឹង គឺ​អាច​នឹង​បាន​ការ​គាំទ្រ»

ទោះ​យ៉ាង​នេះ​ក្តី អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​តែ​បារម្ភ​ចំពោះ​អតុល្យភាព ឬ​ភាព​មិន​ស្មើ​គ្នា​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ពេល​បោះឆ្នោត។

គណៈកម្មការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល នៅ​ខែ​មីនា នេះ បាន​ចេញ​របាយការណ៍​លំអិត​មួយ​ស្ដីពី​កំណែ​ទម្រង់​ប្រជាធិបតេយ្យ និង​ការ​បោះឆ្នោត​នៅ​កម្ពុជា ឆ្នាំ​២០១២។ របាយការណ៍​នេះ​បង្ហាញ​ថា គណបក្ស​កាន់​អំណាច​បាន​ព្យាយាម​ប្រើប្រាស់​មធ្យោបាយ​ជាច្រើន ដើម្បី​ក្តោប​ក្តាប់​អំណាច​ផ្តាច់​មុខ ដែល​រារាំង​ដល់​ដំណើរ​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។