អតីត​មេ​ឃុំ​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ឆ្នាំង​ស្នើសុំ​ក្រសួង​មហាផ្ទៃ​បើក​ប្រាក់​បៀវត្សរ៍

ដោយ ជិន ជេដ្ឋា
2017.04.04
សាលា​ស្រុក​បរិបូរណ៍ ២០១៦ ៨៥៥ សាលា​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Chin Chetha
RFA/Chin Chetha

អតីត​មេ​ឃុំ ជំទប់ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ត្រពាំងចាន់ ខេត្ត​កំពង់ឆ្នាំង របស់​គណបក្ស​ប្រឆាំង ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ពិចារណា និង​បើក​ប្រាក់​បៀវត្សរ៍​សម្រាប់​ខែ​មីនា ជូន​ពួក​គេ ដើម្បី​ដោះស្រាយ​ជីវភាព និង​ធ្វើ​បុណ្យ​ទាន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ។ អាជ្ញាធរ​ស្រុក​ថា​កញ្ចប់​ថវិកា​មាន​សម្រាប់​បើក ប៉ុន្តែ​ទាល់​តែ​មាន​ការ​ណែនាំ​ពី​ក្រសួង​មហាផ្ទៃ សិន។

មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​ប្រឆាំង​ទាំង​បី​រូប​អះអាង​ថា ពួក​គេ​បាន​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្ទើរ​ពេញ​មួយ​ខែ​មីនា មុន​នឹង​រដ្ឋបាល​សាលា​ស្រុក​បរិបូរណ៍ ចេញ​លិខិត​បង្គាប់​ឲ្យ​ផ្អាក​ការងារ​តាម​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ក្រោយ​ពី​ពួក​គេ​អស់​សុពលភាព​ជា​មេ​ឃុំ ឬ​ក្រុម​ប្រឹក្សា ដោយសារ​បាន​ទៅ​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​ផ្សេង​ខុស​ពី​គណបក្ស​ដើម​របស់​ខ្លួន​ដែល​បាន​ជាប់​ឆ្នោត​ជា​មេ​ឃុំ ឬ​ក្រុម​ប្រឹក្សា។

អតីត​មេ​ឃុំ​ត្រពាំងចាន់ ស្រុក​បរិបូរណ៍ អ្នកស្រី ស្ងួន សាមាន ថ្លែង​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ថា រូប​គាត់ និង​ជំទប់​ទី​១ ព្រម​ទាំង​សមាជិក​ក្រុម​ប្រឹក្សា​ម្នាក់ ត្រូវ​គេ​បង្កក​ប្រាក់​ខែ ហើយ​អាជ្ញាធរ​ស្រុក​ហាក់​លាក់លៀម​ច្រើន​ទាក់ទង​នឹង​រឿង​ការងារ និង​រឿង​បើក​ប្រាក់​បៀវត្សរ៍​នេះ។ នីតិវិធី​ផ្អាក​ការងារ អ្នកស្រី​មិន​ជំទាស់​ឡើយ ប៉ុន្តែ​សូម​ឲ្យ​ក្រសួង​មហាផ្ទៃ ពិចារណា​បើក​ប្រាក់​ខែ​ចុង​ក្រោយ​ឲ្យ​ពួក​គេ៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​មហាផ្ទៃ ជួយ​ជំរុញ​ការងារ​នេះ​ផង ហើយ​ឲ្យ​មាន​ការ​យោគយល់​ផង។ យើង​សុទ្ធតែ​ជា​ខ្មែរ​ដូច​គ្នា​ទេ មិន​មែន​ជា​សត្រូវ​ទេ ទោះ​បី​ជា​ខ្ញុំ​ទៅ​គណបក្ស សម រង្ស៊ី ប៉ុន្តែ​ខ្ញុំ​ធ្វើ​ការងារ​ហ្នឹង​បម្រើ​ប្រជាពលរដ្ឋ អភិវឌ្ឍ​នៅ​មូលដ្ឋាន​ទាំងអស់​គ្នា»

ទាក់ទង​រឿង​ប្រាក់​បៀវត្សរ៍​របស់​មេ​ឃុំ និង​ក្រុម​ប្រឹក្សា​ឃុំ​បក្ស​ប្រឆាំង​នេះ អភិបាល​រង​ស្រុក​បរិបូរណ៍ ម្នាក់​ធ្លាប់​បង្ហើប​ថា កញ្ចប់​ថវិកា​សម្រាប់​បើក​ជូន​មេ​ឃុំ និង​ក្រុម​ប្រឹក្សា​បក្ស​ប្រឆាំង បាន​ទម្លាក់​ដល់​ដៃ​របស់​ស្មៀន​ឃុំ​ហើយ ប៉ុន្តែ​ត្រូវ​រង់ចាំ​សេចក្ដី​សម្រេច ឬ​សេចក្ដី​ណែនាំ​ថ្មី​ពី​ក្រសួង​មហាផ្ទៃ សិន ទើប​អាច​បើក​បាន។

ចំណែក​អភិបាល​ស្រុក​បរិបូរណ៍ លោក ឃួន សៅរុំ ថា​អាជ្ញាធរ​ស្រុក​មិន​ដែល​លាក់លៀម​ការងារ ឬ​រំខាន​ដល់​ការ​បើក​ប្រាក់​បៀវត្សរ៍​នេះ​ទេ ហើយ​អាជ្ញាធរ​ស្រុក​អនុវត្ត​ទៅ​តាម​លិខិត​ក្រសួង​មហាផ្ទៃ លេខ​៣៧៣ ទាក់ទង​នឹង​ការ​អស់​សុពលភាព​ជា​មេ​ឃុំ ឬ​ក្រុម​ប្រឹក្សា​របស់​មន្ត្រី​បក្ស​ប្រឆាំង ក្រោយ​ពី គ..ប ទទួល​ស្គាល់​ជា​ផ្លូវការ​លើ​បញ្ជី​ឈ្មោះ​របស់​បេក្ខជន​ទាំងនោះ៖ «ចង់​និយាយ​ថា កាលណា​គាត់​ត្រូវ​បាន គ..ប ទទួល​ស្គាល់​ហើយ ត្រូវ​បាត់​ពួក​តំណែង​ក្រុម​ប្រឹក្សា ការ​ជួយ​ឧបត្ថម្ភ​ក៏​អត់​ទ្រទ្រង់​បាន​ដែរ។ ទាល់​តែ​មាន​ការ​ណែនាំ បើ​អត់​ទេ អត់​បាន​ទេ ព្រោះ​ក្នុង​ខែ​បី​ហ្នឹង​ទទួល​ស្គាល់​បេក្ខជន​ថ្មី​បាត់​ហើយ»

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​មេសា។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់​ថា ក្រសួង​មហាផ្ទៃ គួរ​អនុញ្ញាត​ឲ្យ​មេ​ឃុំ ឬ​ក្រុម​ប្រឹក្សា​ឃុំ​របស់​បក្ស​ប្រឆាំង​បើក​ប្រាក់​បៀវត្សរ៍ ព្រោះ​ក្រសួង​ទើប​ចេញ​លិខិត​ផ្អាក​ការងារ ឬ​បញ្ឈប់​បើក​ប្រាក់​ភ្លាមៗ។ ម្យ៉ាង​លោក​ថា ចំនួន​មេ​ឃុំ ឬ​ក្រុម​ប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​ប្រឆាំង មិន​មាន​ចំនួន​ច្រើន​រហូត​ស្មុគស្មាញ​លំបាក​បើក​ទេ៖ «អា​សេចក្ដី​ណែនាំ ឬ​សេចក្ដី​ថ្លែងការណ៍​មិន​មែន​ចេញ​ជា​យូរយារ​ណាស់​មក​ហើយ​ទេ អ៊ីចឹង​ប្រាក់​ខែ​គួរ​តែ​បើក​ឲ្យ​គាត់​ទៅ មិន​គួរ​ណា​ដែល​គាត់​ខំ​ធ្វើ​ការ​ក្នុង​ឃុំ-សង្កាត់ ហើយ​បង្កក​ប្រាក់​ខែ​ត្រឹម​ប៉ុណ្ណឹង​ទេ»

លោក កន សាវាង្ស បន្ថែម​ថា មេ​ឃុំ ឬ​ក្រុម​ប្រឹក្សា​ឃុំ​របស់​បក្ស​ប្រឆាំង មិន​ទាន់​អស់​អាណត្តិ​ការងារ​របស់​ខ្លួន​នោះ​ទេ ដូច្នេះ​ក្រសួង​មហាផ្ទៃ គួរ​ពិចារណា និង​បើក​ប្រាក់​បៀវត្សរ៍​ជូន​មន្ត្រី​ទាំងនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។