សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាច្រើនរូបមកពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅខេត្តព្រៃវែង ត្រូវបានក្រសួងមហាផ្ទៃ កាត់ប្រាក់ខែ និងរំលាយតួនាទីចោលនៅអំឡុងខែមីនា បន្ទាប់ពីពួកគាត់បានឈរឈ្មោះបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ វិញ។ រីឯមន្ត្រីរដ្ឋាភិបាលថា សេចក្ដីសម្រេចនេះ គឺត្រឹមត្រូវតាមច្បាប់ ខណៈសង្គមស៊ីវិលយល់ថា អាចប៉ះពាល់ដល់ដំណើរការរដ្ឋបាលរបស់ឃុំ-សង្កាត់។
សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាច្រើនរូបមកពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនៅខេត្តព្រៃវែង ហាក់មិនអស់ចិត្តចំពោះក្រសួងមហាផ្ទៃ ដែលកាត់ប្រាក់ខែ និងរំលាយតួនាទីសមាជិកក្រុមប្រឹក្សាឃុំរបស់ពួកគាត់ ដែលពុំទាន់ចប់អាណត្តិការងាររយៈពេល ៥ឆ្នាំ។
ជំទប់ទី២ ឃុំគ្រញូង ស្រុកកំចាយមារ លោក យឹម សារ៉ុន ចាត់ទុកការរំលាយសមាជិកភាពរបស់លោកចេញពីក្រុមប្រឹក្សាឃុំគ្រញូងនេះ គឺមិនត្រឹមត្រូវ ព្រោះពួកលោកបានបម្រើការងារពេញលេញនៅក្នុងខែមីនា ប៉ុន្តែបែរជាក្រសួងមហាផ្ទៃ ទើបចេញសេចក្ដីជូនដំណឹងនៅចុងខែនេះទៅវិញ។ លោកចាត់ទុកថា រឿងនេះគឺជារឿងនយោបាយ៖ « គ្រាន់តែឈរបេក្ខជននៅសង្គ្រោះជាតិ កាត់មុនបាត់ មិនទាន់បោះឆ្នោតផង » ។
នៅខេត្តព្រៃវែង មានឃុំ-សង្កាត់ចំនួន១១៦ ហើយមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ចំនួន ៣៥៦រូប ក្នុងនោះមានមេឃុំចំនួន ១២រូប។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះបានណែនាំពីការអនុវត្តគោលការណ៍ និងនីតិវិធីចំពោះក្រុមប្រឹក្សាឃុំ-សង្កាត់ ឬក្រុមប្រឹក្សាស្រុក ខណ្ឌ និងខេត្ត ដែលទៅឈរឈ្មោះចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិថ្មី។ ក្នុងនោះបង្ហាញថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នឹងបាត់បង់តួនាទីរបស់ខ្លួនក្រោយពីបានទៅឈរឈ្មោះឲ្យគណបក្សសង្គ្រោះជាតិ វិញ។
អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន មានប្រសាសន៍ថា បើសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សណាមួយទៅឈរឈ្មោះបេក្ខភាពឲ្យគណបក្សនយោបាយផ្សេង មានន័យថា បុគ្គលនោះគឺជាសមាជិកភាពនៃគណបក្សនយោបាយចុងក្រោយ។ លោកបញ្ជាក់ថា វិធានការនេះផ្អែកតាមច្បាប់ស្ដីពីគណបក្សនយោបាយ និងសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ៖ « ឧបមាថាគាត់នៅគណបក្ស " ក " ហើយគាត់ទៅឈរអា " ខ " ចឹងបាត់ពីគណបក្ស " ក " ហើយ ចឹងអាណាគេឲ្យគាត់នៅទៀត ច្បាប់គណបក្សនយោបាយនិយាយច្បាស់ណាស់ » ។
មាត្រា១៤ និងមាត្រា១៥ នៃច្បាប់ស្ដីពីគណបក្សនយោបាយចែងថា "ពលរដ្ឋខ្មែរម្នាក់ៗមិនអាចជាសមាជិកគណបក្សនយោបាយលើសពីមួយក្នុងពេលតែមួយបានទេ។ ក្នុងករណីដែលបុគ្គលមួយរូបចូលជាសមាជិកគណបក្សនានាជាច្រើន សមាជិកភាពជាមួយគណបក្សចុងក្រោយត្រូវចាត់ទុកជាបានការ"។
ឯនាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថា អង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី យល់ថា ច្បាប់ស្ដីពីគណបក្សនយោបាយបានចែងដូច្នេះមែន ប៉ុន្តែច្បាប់នេះ ហាក់ដូចជាមានភាពចន្លោះប្រហោង។
លោក សំ គន្ធាមី ពន្យល់បន្ថែមថា ប្រសិនបើពួកគាត់អស់តួនាទីនៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយទម្រាំក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មីចូលកាន់តំណែងនោះ គឺនៅសល់ចន្លោះពេលជាង ៣ខែ ដូច្នេះវានឹងប៉ះពាល់ដល់ដំណើរការប្រតិបត្តិការរបស់ឃុំ-សង្កាត់ ព្រោះសេចក្ដីសម្រេចរបស់ឃុំមិនមានកូរ៉ុមគ្រប់ ដោយសារមានតែក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជនកម្ពុជា៖ « ចង់និយាយថា រឿងប្រាក់បៀវត្សរ៍នោះ បើគាត់បានបំពេញតួនាទីពេញមួយខែ ដូចជាខែ ៣អ៊ីចឹង គាត់គួរតែទទួលបានប្រាក់កម្រៃ ឬប្រាក់បៀវត្សរ៍សម្រាប់ខែ៣ ហើយក្រសួងមហាផ្ទៃ ត្រូវជូនដំណឹងប្រាប់គេមុនថា ខែក្រោយបាត់បង់សុពលភាព អីៗមិនអាចផ្តល់ប្រាក់បៀវត្សរ៍ឲ្យបានអ៊ីចឹងណាបាទ » ។
លោកបន្តថា ខ្លឹមសារច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ បង្ហាញថា ការសម្រេចរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ គឺតម្រូវឲ្យមានក្រុមប្រជុំ និងក្រុមសម្រេចស្មើនឹងពាក់កណ្ដាលបូកមួយក្នុងចំណោមក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់។ តែប្រសិនបើបាត់បង់សមាជិកភាពណាមួយក្នុងក្រុមប្រឹក្សាឃុំនោះ ដែលមានក្នុងអាណត្តិមុន បង្កឲ្យប៉ះពាល់ដល់ការសម្រេចរបស់ក្រុមប្រឹក្សាឃុំ ហើយប្រសិនបើការសម្រេចមិនគ្រប់ចំនួនកំណត់ មានន័យថា ការសម្រេចធ្វើឡើងដោយបំពានច្បាប់។
បញ្ហានេះលោកជំរុញឲ្យក្រសួងមហាផ្ទៃ ពិចារណា និងពិនិត្យឡើងវិញដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
